ជាតិ
បុណ្យភ្ជុំបិណ្ឌ
សង្គមជាតិ
ភ្ជុំបិណ្ឌ៖ ខ្មែរសូរិន្ទ ប្រារព្ធដូចខ្មែកណ្ដាល និងខ្មែរកម្ពុជាក្រោមដែរ
14, Oct 2023 , 8:39 am        
រូបភាព
រូបភាពផ្តល់ដោយព្រះតេជគុណ វិរិយ៉ា ធីរបញ្ញោ
រូបភាពផ្តល់ដោយព្រះតេជគុណ វិរិយ៉ា ធីរបញ្ញោ
«ភ្ជុំបិណ្ឌ» ជាបុណ្យប្រពៃណីជាតិដ៏ធំរបស់កម្ពុជា ប្រារព្ធធ្វើឡើងដើម្បីឧទ្ទិសកុសលជូនដល់ដូនតា បុព្វការីជនដែលបានចែកឋានទៅ។ បុណ្យប្រពៃណីដ៏ធំនេះ ត្រូវបានពលរដ្ឋខ្មែរប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន ទោះរស់នៅទីណាក៏ដោយ។ ដោយឡែក ពលរដ្ឋខ្មែរនៅខេត្តសូរិន្ទ ក្នុងប្រទេសថៃ ហៅថា «ពិធីសែនដូនតា» ប៉ុន្តែការប្រតិបត្តិ និងពេលវេលា ដូចគ្នានឹងពិធីបុណ្យភ្ជុំបិណ្ឌនៅកម្ពុជាដែរ។



«ពិធីកាន់បិណ្ឌ» នៅកម្ពុជា ចាប់ផ្ដើមពីថ្ងៃទី១រោច ខែភទ្របទ រហូតដល់ថ្ងៃទី១៥រោច ខែភទ្របទ ដោយពលរដ្ឋខ្មែរជាច្រើន បានទៅវត្តធ្វើបុណ្យតាមវេន និងទៅតាមទីវត្តអារាមផ្សេងៗទៀត ដើម្បីឧទ្ទិសបុណ្យកុសល និងរំលឹកគុណដល់បុព្វការីជនដែលបានចែកឋានទៅ។ អំឡុងពេលកាន់បិណ្ឌ អ្នកខ្លះបានទៅបោះបាយបិណ្ឌនៅពេលទៀបភ្លឺផងដែរ។
 
ដោយឡែកពលរដ្ឋខ្មែរនៅខេត្តសូរិន្ទ ស៊ីសាកេត បុរីរម្យ ក្នុងប្រទេសថៃ មិនហៅថា ភ្ជុំបិណ្ឌឡើយ ប៉ុន្តែពួកគេហៅបុណ្យប្រពៃណីនេះថា ពិធីសែនដូនតា​។ ពិធីសែនដូនតានេះ ប្រារព្ធឡើងរយៈពេល១៥ថ្ងៃ ដោយបែងចែកថ្ងៃសំខាន់ចំនួន៣ថ្ងៃ គឺថ្ងៃបិណ្ឌតូច ថ្ងៃកាន់សង្ឃ និងថ្ងៃសែនដូនតា។


រូបភាពផ្តល់ដោយព្រះតេជគុណ វិរិយ៉ា ធីរបញ្ញោ
 
ព្រះតេជគុណ វិរិយ៉ា ធីរបញ្ញោ ដែលគង់នៅវត្តភូមិយាង ឃុំរន្កួល ស្រុកក្រសាំង ខេត្តបុរីរម្យ សង្ឃដីកាពន្យល់ថា៖«ថ្ងៃបិណ្ឌតូច អ្នកស្រុកនេះមកវត្តធ្វើបុណ្យគ្រប់គ្នា ដើម្បីទទួលដូនតា។ ចំណែកឯថ្ងៃកាន់សង្ឃ គេតែងយកចង្ហាន់មកវត្តបណ្ដាក់វេនរាល់ថ្ងៃ។ ហើយថ្ងៃសែនដូនតា គេរៀបចំសែននំចំណី អន្សមចេកទុំ ម្ហូបអាហារនៅតាមផ្ទះរៀងៗខ្លួន និងធ្វើទូកបណ្ដែត ដើម្បីជាកិច្ចបង្ហើយជូនដូនតាត្រឡប់ទៅវិញ»។
 
ព្រះតេជគុណបញ្ជាក់ថា ពិធីសែនដូនតា ចាប់ផ្ដើមពីថ្ងៃ១៥កើត ដែលជាថ្ងៃបិណ្ឌតូច ។ ចំណែកឯថ្ងៃកាន់សង្ឃ មានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៤រោច ខែភទ្របទ រីឯថ្ងៃ១៥រោច ជាថ្ងៃសែនដូនតា និងជូនតាត្រឡប់ទៅវិញ។ ព្រះតេជគុណ វិរិយ៉ា ធីរបញ្ញោ ពលរដ្ឋខ្មែរនៅខេត្តសូរិន្ទ ស៊ីសាកេត និងបុរីរម្យ បន្តប្រតិបត្តិពិធីសែនដូនតានេះ ជារៀងរាល់ឆ្នាំ ដើម្បីរំលឹកគុណដូនតា និងបុព្វការីជន ដែលបានចែកឋានទៅ។


រូបភាពផ្តល់ដោយព្រះតេជគុណ វិរិយ៉ា ធីរបញ្ញោ
 
ដោយឡែកនៅខ្មែរកម្ពុជាក្រោម ក៏រៀបចំពិធីដូចខ្មែរសុរិន្ទដែរ។ ចាប់ពីថ្ងៃ១រោច ដល់ ១៣រោច ខែភទ្របទ ខ្មែរកម្ពុជាក្រោម គេហៅថា​ ថ្ងៃដាក់បិណ្ឌ ឬថ្ងៃកាន់បិណ្ឌ ។ ពុទ្ធបរិស័ទចំណុះជើងវត្តនីមួយៗ តែងតែដាក់វេនប្រចាំថ្ងៃ ដើម្បីយកចង្ហាន់ប្រគេនព្រះសង្ឃ និងព្រមទាំងយកបាយបិណ្ឌទៅដាក់តាមចេតិយ ជ្រុងនៃព្រះវិហារ ឬក្រោមដើមឈើ ដើម្បី​ឧទ្ទិស​ដល់​បុព្វការី​ជន​របស់ខ្លួន ​ដែល​អាចធ្លាក់ខ្លួនក្នុងកំណើតណាមួយ។
 
នៅថ្ងៃ ១៤ ខែភទ្របទ គេហៅថា ​ពិធីសែនដូនតា។ ពលរដ្ឋខ្មែរក្រោម តែងតែនិមន្តព្រះសង្ឃមកទទួលភត្ត (បាយ អាហារ) នៅតាមផ្ទះគ្រប់ៗគ្នា ចាប់ពីព្រឹករហូតដល់ថ្ងៃត្រង់។ ចំណែកថ្ងៃ ១៥រោច ​ហៅថា ពិធី​ភ្ជុំបិណ្ឌ ដោយ​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ទាំងអស់ បានមក​វត្ត​ធ្វើបុណ្យ​រួមគ្នា​តែមួយ​ថ្ងៃ ដើម្បី​ដារ​បង្សុកូល​ឧទ្ទិស​កុសល​ដល់​បុព្វការី​ជន​ដែលបាន​ស្លាប់ទៅ។ នៅយប់ថ្ងៃ ១៥រោចនេះ​ នៅតាមវត្តអារាមមួយចំនួន ក៏មាន​កម្មវិធី​ប្រគុំ​តន្ត្រី​សម្រាប់​យុវជន ច្រៀង​រាំ​កម្សាន្ត​ផងដែរ បន្ទាប់ពី​ព្រះសង្ឃ​សម្ដែងធម្ម​ទេសនា​រួច។ 
 
ដោយឡែក ថ្ងៃ ១កើត ខែអស្សុជ ហៅថា ថ្ងៃជូនដូនតា ដែលនៅមានវត្តអារាមមួយចំនួនប៉ុណ្ណោះ បានប្រារព្ធពិធីនេះ ។ ពុទ្ធបរស័ទ នាំគ្នាយកចង្ហាន់ទៅវត្តធម្មតា​ បន្ទាប់មកយកទូក ឬសំពៅ ដែលបានធ្វើពីដើមចេក ដោយដាក់ បាយ សម្ល នៅលើនោះ រួចយកទៅបណ្តែត នៅតាមស្រះ អូរ ស្ទឹង ទន្លេ ជាដើម ដើម្បីជូនដូនតាទៅស្រុកវិញ ។ នេះបើតាមសង្ឃដីការបស់ភិក្ខុ ថាច់ ថាយ យ៉ៀង៕
 

Tag:
 ភ្ជុំបិណ្ឌ
 សូរិន្ទ
 ពិធីសែនដូនតា
© រក្សាសិទ្ធិដោយ thmeythmey.com