ជាតិ
កញ្ញា វង្ស ម៉ាលីន៖ ភ្ជុំបិណ្ឌនៅកាណាដា រក្សាទំនៀមទម្លាប់ខ្មែរ និងថែសហគមន៍ឱ្យនៅគង់រង្ស
26, Sep 2022 , 8:59 am        
រូបភាព
កញ្ញា វង្ស ម៉ាលីន និង ពុទ្ធបរិស័ទ នៅកាណាដា ។ រូបភាពពី វត្តខ្មែរតូរុនតូ
កញ្ញា វង្ស ម៉ាលីន និង ពុទ្ធបរិស័ទ នៅកាណាដា ។ រូបភាពពី វត្តខ្មែរតូរុនតូ
អតីតអ្នកម្រៀងជ័យលាភីលេខ១ទូទាំងប្រទេសកម្ពុជា ឆ្នាំ២០១៩ កញ្ញា វង្ស ម៉ាលីន ថ្លែងប្រាប់សារព័ត៌មានថ្មីៗ តាមរយៈសារសំឡេងហ្វេសប៊ុក ពីការចូលរួមថែរក្សាទំនៀមទម្លាប់បុណ្យភ្ជុំបិណ្ឌខ្មែរនៅកាណាដា ថា នៅទីនោះមានវេនកាន់បិណ្ឌពីទី១ ដល់់ទី១៥ដូចនៅខ្មែរដែរ ជារៀងរាល់ឆ្នាំ ។ តែប្លែកត្រង់ថា ពុទ្ធបរិស័ទ អាចឆ្លៀតពេលទៅវត្តបានរៀងរាល់ថ្ងៃសុក្រ សៅរ៍ និងអាទិត្យចុងសប្តាហ៍ ដោយសាររវល់ការងាររៀងខ្លួន។

 
ច្រើនឆ្នាំហើយ ដែលកញ្ញា វង្ស ម៉ាលីន ចាកចេញពីមាតុភូមិកម្ពុជា ឈានជើងចូលទឹកដីកាណាដា នាទីក្រុង តូរុនតូ ក្នុងនាមជាអ្នកសិល្បៈខ្មែរឯករាជ្យម្នាក់នៅទីនោះ។ តាមរយៈបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ ស្រ្តីសម្បុរសរាងស្រឡូនរូបនេះពន្យល់ថា នៅកាណាដា នាទីក្រុងតូរុនតូដែលកញ្ញារស់នៅ មានវត្តខ្មែរធំមួយគឺ «វត្តខ្មែរ តូរុនតូ» ដែលពុទ្ធបរិស័ទខ្មែរមួយចំនួន បានជួបជុំគ្នាប្រារព្ធធ្វើពិធីបុណ្យភ្ជុំបិណ្ឌនៅទីនោះ។ 
 
ស្រ្តីខ្មែរដែលមានស្រុកកំណើតពីស្រុកបវេល នៃខេត្តបាត់ដំបងរូបនេះ បានបន្ថែមថា ពលរដ្ឋខ្មែរនៅកាណាដា តែងរក្សាបាននូវទំនៀមទម្លាប់នៃការកាន់បិណ្ឌ តាំងពីវេនទី១ ដល់វេនទី១៥ ដូចនៅក្នុងប្រទេសកម្ពុជាដែរ ។


 កញ្ញា វង្ស ម៉ាលីន អ្នកចម្រៀងខ្មែរឯករាជ្យ នៅប្រទេសកាណាដា.

កញ្ញា វង្ស ម៉ាលីន ពោលដោយអារម្មណ៍រំភើបថា៖ «បុណ្យភ្ជុំបិណ្ឌនៅកាណាដា ជាក្តីសុខមួយសម្រាប់បងប្អូនខ្មែរយើងនៅទីនេះ ព្រោះបានបង្ហាញពីការស្លៀកពាក់បែបប្រពៃណីខ្មែរយើងឱ្យបរទេសបានស្គាល់ ទាំងរសជាតិម្ហូបខ្មែរ របៀបវេចនំអន្សមខ្មែរ និងមានបរិយាកាសសប្បាយច្រើនទៀត តាមរយៈកម្មវិធីមនុស្សធម៌ ការជួបជុំស្គាល់គ្នារវាងបងប្អូនខ្មែរជាច្រើននៅទីនោះ។ យើងចង់ចូលរួមថែរក្សាសហគមន៍ខ្មែរនៅកាណាដា ឱ្យនៅគង់វង្សបានយូរទៀត»។
 
ទន្ទឹមនឹងភាពរីករាយក្នុងនាមជាពលរដ្ឋខ្មែរមួយរូប នៅលើទឹកដីនៃប្រទេសកាណាដា កញ្ញា វង្ស ម៉ាលីន ក៏បានបង្ហាញពីភាពជាគំរូ របស់ពុទ្ធបរិស័ទខ្មែរ ពិសេសផ្នត់គំនិតមនុស្សចាស់ទុំ ទៅកាន់អ្នកជំនាន់ក្រោយ តាមរយៈការបង្ហាញប្រាប់ពីទំនៀមទម្លាប់ដែលខ្មែរមាន ។ ប៉ុន្តែ កញ្ញា ម៉ាលីន ក៏បារម្ភខ្លាចបាត់បង់ទំនៀមទម្លាប់បុណ្យភ្ជុំបិណ្ឌនេះនៅជំនាន់ក្រោយៗដែរ ដោយសារតែភាពមមាញឹកខ្លាំងរបស់ឪពុកម្តាយជំនាន់ថ្មី។ល។
 
«ចំពោះ ក្មេងធំស្រុកនេះ ស៊ីសងលើឪពុកម្តាយ នាំគាត់ទៅកន្លែងដែលជាទំនៀមទម្លាប់ខ្មែរ ឃើញថាគាត់ចូលចិត្តដែរ តែពេលពួកគាត់ធំ យើងមិនអាចថាបានទេ ព្រោះក្មេងធំស្រុកនេះ ពិបាកបន្តិច»។ កញ្ញា វង្ស ម៉ាលីន ថ្លែងបញ្ជាក់បែបនេះ ៕
 
 

  កញ្ញា វង្ស ម៉ាលីន អ្នកចម្រៀងខ្មែរឯករាជ្យ នៅប្រទេសកាណាដា.


© រក្សាសិទ្ធិដោយ thmeythmey.com