ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន ចូលជួបអតីតប្រធានាធិបតីគុយបា រ៉ាអ៊ួល កាស្ត្រូ ដល់គេហដ្ឋាននៅហាវ៉ាណា
25, Sep 2022 , 11:07 am        
រូបភាព
សម្តេច ហ៊ុន សែន ចូលជួបអតីតប្រធានាធិបតីគុយបា រ៉ាអ៊ួល កាស្ត្រូ ដល់គេហដ្ឋាននៅហាវ៉ាណា
សម្តេច ហ៊ុន សែន ចូលជួបអតីតប្រធានាធិបតីគុយបា រ៉ាអ៊ួល កាស្ត្រូ ដល់គេហដ្ឋាននៅហាវ៉ាណា
ដោយ: រួបរួម
ក្នុងដំណើរទស្សនកិច្ចផ្លូវការពីថ្ងៃនៅសាធារណរដ្ឋគុយបា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាព្រឹកថ្ងៃទី២៥ ខែកញ្ញា នេះ បានដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសម លោក រ៉ាអ៊ួល កាស្ត្រូ អតីតប្រធានាធិបតីគុយបា ត្រូវជាប្អូនប្រុសបង្កើតរបស់លោក ហ្វីដែល កាស្រ្តូ ដល់លំនៅដ្ឋានផ្ទាល់ក្នុងរដ្ឋធានីហាវ៉ាណា។

 
លោក រ៉ាអ៊ួល កាស្រ្តូ នាឱកាសនោះ បានរំលឹកពីការងាររបស់ខ្លួនដែលធ្លាប់បានធ្វើការងារជាច្រើនជាមួយ លោក ហ្វីដែល កាស្ត្រូ ដែលជាបងប្រុស ជាពិសេសលោកធ្លាប់បានបកប្រែពេលលោក ហ្វីដែល កាស្រ្តូបានជួបសម្តេច ហ៊ុន សែន កាលពីទសវត្សរ៍៨០ និងទសវត្សរ៍៩០។
 
ក្នុងជំនួប ប្រមុខរដ្ឋាភិបាលកម្ពុជា បានសម្តែងការសោកស្តាយ ដែលសម្តេចមិនបានមកសួរសុខទុក្ខលោក ហ្វីដែល កាស្ត្រូ នៅពេលធ្លាក់ខ្លួនឈឺ និងទទួលមរណភាព។ សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា ទំនាក់ទំនងរវាងសម្តេច និងលោក ហ្វីដែល កាស្ត្រូ ហាក់បីដូចជាឪពុក និងកូន។ 
 
សម្តេចបានគូសបញ្ជាក់ថា ពលរដ្ឋកម្ពុជា មិនភ្លេចនោះឡើយនូវអ្វីដែលគុយបាបានជួយដល់កម្ពុជាក្នុងគ្រាដ៏លំបាកក្រោយរំដោះចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត ហើយនៅឆ្នាំ១៩៧៩ គុយបានជួយកម្ពុជាយ៉ាងច្រើន ហើយនៅចងចាំថា ពេលនោះកម្ពុជា មានស្កគុយបា មានមជ្ឈមណ្ឌលកុមារកំព្រាគុយបា ហើយក៏មានកប៉ាល់ចម្លងរបស់គុយបាផងដែរ។ 
 
ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅរដ្ឋធានីហាវ៉ាណា  ថ្ងៃទី២៤ និងទី២៥ ខែកញ្ញា  សម្តេចហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធវីរបុរសគុយបា លោក Jose Marti នៅវិមាន Jose Marti Memorial ក្នុងរដ្ឋធានីហាវ៉ាណា។ 
 
សម្តេចមានជំនួបពិភាក្សាជាបន្តបន្ទាប់ ជាមួយ លោក Esteban Lazo Hernandez ប្រធានសភាអំណាចប្រជាជនគុយបា និងលោកប្រធានាធិបតីគុយបា Miguel Diaz-Canel។ ក្រោយជំនួបទ្វេភាគីជាមួយលោក Miguel Diaz-Canel ថ្នាក់ដឹកនាំទាំងពីរធ្វើជាសាក្សី នៃពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣ ក្នុងនោះមាន អនុស្សារណៈយោគយល់គ្នា រវាងក្រសួងសុខាភិបាលទាំងពីរ, ផែនការសហប្រតិបត្តិការរវាងក្រសួងការបរទេស និងអនុស្សារណៈនៃការយោគយល់គ្នា រវាងវិទ្យាស្ថានឧត្តមសិក្សាទំនាក់ទំនងអន្តរជាតិ នៃសាធារណរដ្ឋគុយ និងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា។
 
ជាមួយគ្នានេះ សម្តេច ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់ បានអញ្ជើញទស្សនកិច្ចនៅមជ្ឈមណ្ឌលវិស្វកម្មហ្សេន និងជីវបច្ចេកវិទ្យា ដែលជាវិទ្យាស្ថានមួយបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ លោក ហ្វីដែល កាស្រ្តូ អតីតប្រធានាធិបតី នៃសាធារណរដ្ឋគុយបា ផងដែរ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com