អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កាសែតបាងកកប៉ុស្តិ៍៖ ប្រធានាធិបតីអាម៉េរិកទំនងមិនចូលរួមកិច្ចប្រជុំ APEC ដោយសារជាប់ការចៅស្រី
26, Sep 2022 , 2:00 pm        
រូបភាព
ប្រធានាធិបតីអាម៉េរិក លោកចូ បៃឌិន។ រូបភាព៖ AFP
ប្រធានាធិបតីអាម៉េរិក លោកចូ បៃឌិន។ រូបភាព៖ AFP
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន ទំនងខកខានមិនបានចូលរួមកិច្ចប្រជុំសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅថៃ ក្នុងខែវិច្ឆិកា បានឡើយ ក្រោមហេតុផលជាប់អាពាហ៍ពិពាហ៍របស់ចៅស្រី។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ នៅថ្ងៃទី២៦ ខែកញ្ញា។



ថៃ នៅខែវិច្ឆិកាខាងមុន នឹងរៀបចំកិច្ចប្រជុំសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក។ យ៉ាងណាមិញ លោកចូ បៃឌិន ប្រធានាធិបតីអាម៉េរិក ទំនងមិនបានចូលរួមកិច្ចប្រជុំកំពូលមួយនេះឡើយ។ អវត្តមានរបស់លោកបៃឌិន គឺក្រោមហេតុផលជាប់អាពាហ៍ពិពាហ៍របស់ចៅស្រី។

អាពាហ៍ពិពាហ៍របស់លោកស្រី Naomi Biden នឹងធ្វើឡើងនៅថ្ងៃទី១៩ ខែវិច្ឆិកា។ លោកស្រី Naomi ជាកូនស្រីរបស់លោក Robert Hunter Biden ដែលជាកូនប្រុសទីពីររបស់លោកបៃឌិន។

អវត្តមានរបស់លោកបៃឌិន ត្រូវបានផ្សព្វផ្សាយដោយកាសែតថៃជាច្រើន។ បើទោះប្រធានាធិបតីអាម៉េរិកខកខានក្នុងការចូលរួម ប៉ុន្តែលោកស្រី​ Kamala Harris អនុប្រធានាធិបតីអាម៉េរិក អាចនឹងចូលរួមកិច្ចប្រជុំ APEC នៅថៃជំនួស។

យ៉ាងណាមិញ ក្រសួងការបរទេសថៃ បានប្តេជ្ញាព្យាយាមឱ្យបានល្អបំផុត ដើម្បីអាចឱ្យប្រធានាធិបតីអាម៉េរិក អាចចូលរួមក្នុងកិច្ចប្រជុំមួយនេះបាន បើទោះភាគីថៃ និងអាម៉េរិក មិនបានបញ្ជាក់ពីអវត្តមានរបស់លោកបៃឌិន ជាផ្លូវការក៏ដោយ។

ឆ្លើយសំណួរអ្នកសារព័ត៌មានលើបណ្តាញសង្គម Line លោក Tanee Sangrat អ្នកនាំពាក្យក្រសួងការបរទេសថៃ បានអះអាងថា បើទោះមានការរៀបចំអាពាហ៍អាពិហ៍នៅសេតវិមានក៏ដោយ ប៉ុន្តែលោកបៃឌិន បានចាត់ទុកកិច្ចប្រជុំ APEC ជាកិច្ចការសំខាន់។

សូមបញ្ជាក់ថា APEC មានសមាជិកចំនួន ២១ ដោយក្នុងនោះ ក៏មានចិន និងតៃវ៉ាន់ដែរ។ APEC ជាវេទិកាសេដ្ឋកិច្ចមួយ ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៨៩ ដើម្បីបង្កើនការពឹងផ្អែកគ្នាទៅវិញទៅមករវាងប្រទេសជាសមាជិក៕

Tag:
 អាម៉េរិក
  ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com