អន្តរជាតិ
តើអ្វីទៅជាស្ថានីយ៍អវកាសអន្តរជាតិ?
26, Sep 2022 , 4:39 pm        
រូបភាព
ស្ថានីយ៍អវកាសអន្តរជាតិ (ISS) ជាយានអវកាសដ៏ធំមួយ និងជារចនាសម្ព័ន្ធតែមួយដ៏ធំបំផុតដែលមនុស្សបានប្រើប្រាស់នៅក្នុងលំហជុំវិញផែនដី។ យានអវកាសនេះជាកន្លែងស្នាក់នៅរបស់អវកាសយានិកនិងជាជាមន្ទីរពិសោធន៍វិទ្យាសាស្ត្រតែមួយគត់ក្នុងលំហ។

 
ស្ថានីយ៍អវកាសអន្តរជាតិ ជាគម្រោងសាងសង់ពហុជាតិ ហើយការសាងសង់សំខាន់ត្រូវបានបញ្ចប់នៅចន្លោះឆ្នាំ១៩៩៨ ដល់ឆ្នាំ២០១១។ យ៉ាងណាមិញ ស្ថានីយ៍នេះ នៅតែបន្តត្រូវបានអភិវឌ្ឍ ដើម្បីអនុវត្តបេសកកម្ម និងការពិសោធថ្មីៗផ្សេងទៀត។ ស្ថានីយ៍អវកាសអន្តរជាតិនេះត្រូវបានចាត់ដូចជាផ្ទះសម្រាប់ក្រុមអវកាសយានិករស់នៅក្នុងលំហ។ លើសពីនេះ ស្ថានីយ៍អវកាសតែមួយនេះក៏ជាមន្ទីរពិសោធន៍វិទ្យាសាស្ត្រពិសេសតែមួយគត់ដែលមនុស្សបានបង្កើតក្នុងលំហផងដែរ។ 
 
ស្ថានីយ៍អវកាសអន្តរជាតិ ត្រូវបានបង្កើតឡើងដោយមានការចូលរួមពីប្រទេសជាច្រើនលើពិភពលោករួមមានអាម៉េរិក រុស្ស៊ីនិងប្រទេសលោកខាងលិចមួយចំនួនជាដើម។ យានអវកាសនេះ វិលជុំវិញផែនដីនៅរយៈកម្ពស់ជាមធ្យមប្រហែល៤០០គីឡូម៉ែត និងធ្វើដំណើរក្នុងល្បឿនប្រហែល៣ម៉ឺនគីឡូម៉ែតក្នុងមួយម៉ោង។​ នេះមានន័យថា វាគោចរជុំវិញផែនដីរៀងរាល់៩០នាទីម្តង។ អវកាសយានិកដែលកំពុងធ្វើការ និងរស់នៅលើស្ថានីយ៍នេះអាចមើលឃើញថ្ងៃរះ និងថ្ងៃលិច១៦ ដងក្នុងមួយថ្ងៃ។​
 
យានអាវកាសនេះត្រូវបាន NASA ប្រើប្រាស់ដើម្បីស្វែងយល់បន្ថែមអំពីការរស់នៅ និងធ្វើការនៅក្នុងលំហ។ ការសិក្សាទាំងនេះ នឹងអាចធ្វើឱ្យ NASA អាចបញ្ជូនមនុស្សទៅកាន់ទីអវកាសកាន់តែឆ្ងាយជាងពេលមុនៗ។
 
គម្រោងបង្កើតស្ថានីយ៍អវកាសអន្តរជាតិបានចាប់​ផ្តើម​ក្នុង​នាម​ជា​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​អាម៉េរិក​ក្នុងវិស័យ​អងកាស ក្រោយពន្យារពេលយ៉ាងយូរដោយសារបញ្ហា​ថវិកា និង​បញ្ហា​បច្ចេកទេស។ ក្នុងឆ្នាំ ១៩៨០​ ប្រធានាធិបតីអាម៉េរិក Ronald Reagan បានអនុញ្ញាតឱ្យរដ្ឋបាលអាកាសចរណ៍ជាតិ និងអវកាស (NASA) សាងសង់យានអវកាសនេះឡើងក្នុងរយៈពេល១០ឆ្នាំ។​ ​ក្នុងឆ្នាំ១៩៩៣ អាម៉េរិកនិងរុស្ស៊ីបានយល់ព្រមបញ្ចូលផែនការស្ថានីយអវកាសដាច់ដោយឡែករបស់ពួកគេចូលទៅជាយានអវកាសតែមួយ និងបានកែប្រែឈ្មោះមកជាស្ថានីយ៍អវកាសអន្តរជាតិ។ 
 
ស្ថានីយ​អវកាស​នេះ​ មាន​ទំហំប្រហែលយន្តហោះ​ប៊ូអ៊ីង៧៤៧ចំនួន​ពីរ។ វា​អាច​ទ្រទ្រង់អវកាសយានិក ​៦​នាក់ និងអវកាសយានិកដែលទៅទស្សនាផង​ដែរ ។ បើគិតតាមទម្ងន់លើផែនដី ស្ថានីយ៍អវកាសនេះអាចមានទម្ងន់រហូតដល់ទៅជាង៤៥ម៉ឺនគីឡូក្រាម។ 
 
ក្រៅតែមន្ទីរពិសោធន៍ដែលអវកាសយានិកធ្វើការស្រាវជ្រាវ ស្ថានីយអវកាសនេះក៏មានផ្នែកជាច្រើនទៀតដែរ។ ផ្នែកមួយក្នុងចំណោមផ្នែកជាច្រើនរបស់យានអវកាសដែលសាកសង់ឡើងដោយរុស្ស៊ីគឺជាប្រព័ន្ធមូលដ្ឋានដែលត្រូវការសម្រាប់ស្ថានីយ៍អវកាសដើម្បីដំណើរការ។ លើសពីនេះ ផ្នែកនេះក៏បានផ្តល់កន្លែងរស់នៅសម្រាប់សមាជិកអាកាសយានិកផងដែរ។
 
នៅសងខាងនៃស្ថានីយអវកាស ជាផ្ទាំងសូឡាស្រូបពន្លឺព្រះអាទិត្យ។ ផ្ទាំងសូឡា​ទាំងនេះប្រមូលថាមពលពីព្រះអាទិត្យដើម្បីផ្តល់ថាមពលអគ្គិសនីប្រើប្រាស់ក្នុងយានអវកាស។ ផ្ទាំងសូឡា​ត្រូវបានតភ្ជាប់ទៅស្ថានីយដើម្បីគ្រប់គ្រងសីតុណ្ហភាពរបស់ស្ថានីយ៍អវកាស។
 
លើសពីនេះ ដៃ​មនុស្សយន្តក៏ត្រូវបាន​ដំឡើង​នៅ​ខាង​ក្រៅ​ស្ថានីយ​អវកាសផងដែរ។ ដៃ​មនុស្សយន្តទាំងនេះត្រូវ​បាន​គេ​ប្រើ​ដើម្បី​ជួយ​សាងសង់​ស្ថានីយ​អវកាសបន្ថែម។ វា​ក៏​អាចជួយអវកាសយានិកធ្វើ​ចលនានៅពេលពួកគេ​ដើរ​លើ​លំហ​នៅ​ខាង​ក្រៅផងដែរ។
 
ស្ថានីយ​អវកាស​បាន​ធ្វើ​ឱ្យ​មនុស្ស​អាច​មាន​វត្តមាន​បន្ត​នៅ​ក្នុង​លំហ។ មន្ទីរពិសោធន៍របស់ស្ថានីយ៍អវកាសនេះបានអនុញ្ញាតឱ្យសមាជិកអាកាសយានិកធ្វើការស្រាវជ្រាវដែលមិនអាចធ្វើទៅកន្លែងផ្សេងបាន។ ការស្រាវជ្រាវបែបវិទ្យាសាស្ត្រនេះផ្តល់អត្ថប្រយោជន៍ដល់មនុស្សនៅលើផែនដី។ ការ​ស្រាវជ្រាវ​អវកាស​ក៏​ត្រូវ​បាន​ប្រើ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ដែរ។មេរៀនទាំងអស់នេះនឹងមានសារៈសំខាន់សម្រាប់ការរុករកអវកាសនាពេលអនាគត។ បច្ចុប្បន្ននេះ NASA កំពុងធ្វើការលើផែនការមួយដើម្បីរុករកពិភពលោកផ្សេងទៀត។ ស្ថានីយ៍អវកាសគឺជាជំហានដំបូងមួយ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com