អន្តរជាតិ
ឧបនាយករដ្ឋមន្រ្តីវៀតណាម ជំរុញឱ្យប្រទេសទាំងអស់គោរពច្បាប់អន្តរជាតិ និងអធិបតេយ្យប្រទេសដទៃ
26, Sep 2022 , 5:19 pm        
រូបភាព
លោក Pham Bình Minh ឧបនាយករដ្ឋមន្រ្តីវៀតណាម។ រូបភាពយកពី VNA
លោក Pham Bình Minh ឧបនាយករដ្ឋមន្រ្តីវៀតណាម។ រូបភាពយកពី VNA
ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Pham Bình Minh នៅថ្ងៃទី២៤ ខែកញ្ញា (ម៉ោងនៅអាម៉េរិក) បានអំពាវនាវឱ្យប្រទេសទាំងអស់គោរពច្បាប់អន្តរជាតិ ជាពិសេសធម្មនុញ្ញអង្គការសហប្រជាជាតិ (UN) និងគោរពអធិបតេយ្យ ឯករាជ្យ និងបូរណភាពដែនដីប្រទេសដទៃ។ ការលើកឡើងបែបនេះ ធ្វើឡើងស្របពេលជម្លោះអ៊ុយក្រែន និងរុស្ស៊ី កំពុងកើតមាន ខណៈវៀតណាមមានជម្លោះនៅសមុទ្រចិនខាងត្បូងជាមួយចិន និងបណ្តារដ្ឋសមាជិកអាស៊ានផ្សេងទៀតស្រាប់។

 
សង្រ្គាមនៅអ៊ុយក្រែន ច្បាប់អន្តរជាតិ និងប្រព័ន្ធពហុភាគីនិយម ត្រូវបានមេដឹកនាំនៃបណ្តាប្រទេសជាច្រើនលើកយកទៅជជែកនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ។ មិនខុសពីមេដឹកនាំផ្សេងទៀតឡើយ ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Pham Bình Minh បានអំពាវនាវឱ្យប្រទេសទាំងអស់គោរពច្បាប់អន្តរជាតិ និងអធិបតេយ្យរបស់ប្រទេសដទៃ ស្របពេលពិភពលោក កំពុងប្រឈមបញ្ហាស្មុគស្មាញជាច្រើន។ 
 
លោក Pham Bình Minh បានសង្កត់ធ្ងន់ថា វាពិតជាសំខាន់ ក្នុងការគោរពច្បាប់អន្តរជាតិ គោរពធម្មនុញ្ញអង្គការសហប្រជាជាតិ គោរពឯករាជ្យ អធិបតេយ្យ និងបូរណភាពដែនដីរបស់ប្រទេសដទៃ រួមទាំងដោះស្រាយជម្លោះប្រកបដោយសន្តិភាព។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam News។ 
 
មិនតែប៉ុណ្ណោះ ឧបនាយករដ្ឋមន្រ្តីវៀតណាមរូបនេះ បានជំរុញឱ្យរៀបចំស្ថាប័នពហុភាគីដ៏មានប្រសិទ្ធភាព និងរឹងមាំ ជាមួយនឹងអង្គការសហប្រជាជាតិ ដោយដើរតួនាទីយ៉ាងសំខាន់ ដើម្បីអភិវឌ្ឍភាពជាដៃគូសកល និងឆ្លើយតបលើបញ្ហាប្រឈមរួម។ បើតាមមន្រ្តីជាន់ខ្ពស់វៀតណាមរូបនេះ ពិភពលោកគួរតែដើរចេញពីគំនិតបែបចាញ់-ឈ្នះ និងការប្រឈមមុខ ហើយឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការអន្តរជាតិប្រកបដោយភាពឈ្នះ-ឈ្នះ សមភាព បើកចំហ និងបរិយាប័ន្ន។ 
 
ការលើកឡើងរបស់លោក Pham Bình Minh ខាងលើ ធ្វើឡើងស្របពេលរុស្ស៊ីកំពុងឈ្លានពានអ៊ុយក្រែន និងមានការធ្វើប្រជាមតិនៅទឹកដីអ៊ុយក្រែន ដែលរុស្ស៊ីគ្រប់គ្រង។ ប្រជាមតិនេះ អាចត្រួសត្រាយផ្លូវឱ្យរុស្ស៊ីដាក់បញ្ចូលទឹកដីទាំងនោះ ជារបស់ខ្លួន។ ម្យ៉ាងការលើកឡើងរបស់មន្រ្តីជាន់ខ្ពស់វៀតណាម ធ្វើឡើងស្របពេលក្រុងហាណូយ កំពុងមានជម្លោះជាមួយក្រុងប៉េកាំង និងបណ្តារដ្ឋអាស៊ានផ្សេងទៀតនៅក្នុងសមុទ្រចិនខាងត្បូងស្រាប់។ 
 
ជុំវិញបញ្ហាសមុទ្រចិនខាងត្បូង ឧបនាយករដ្ឋមន្រ្តីវៀតណាម បានទទូចជាថ្មីឱ្យមានការរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខនៅក្នុងតំបន់ដែនសមុទ្រ រួមទាំងរឹតត្បិតឱ្យបានខ្លាំងក្លាបំផុត ក្នុងការប៉ុនប៉ងជាឯកតោភាគី រួមទាំងការប្រើប្រាស់កម្លាំងយោធាបែបណាមួយ។ បើតាមលោក Pham Bình Minh ការខ្វែងគំនិតគ្នាលើសមុទ្រចិនខាងត្បូង គួរតែដោះស្រាយដោយផ្អែកលើច្បាប់អន្តរជាតិ និងការចរចា៕
 

Tag:
 វៀតណាម
  UN
© រក្សាសិទ្ធិដោយ thmeythmey.com