ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ពៅ បញ្ញា​ពេជ្រ​ ​ព្យាយាមចេញពីទីងងឹត​
03, Feb 2014 , 11:01 am        
រូបភាព
នៅ​ថ្ងៃទី២៣កុម្ភៈ​ឆ្នាំ២០១៤នេះ គឺ​ដល់​ឆ្នាំ​ទី៧ហើយ ដែល​តារាចម្រៀង​ពៅ បញ្ញា​ពេជ្រ​បាន​ប្រើ​ជីវិត​នៅលើ​រទេះរុញ។ អារម្មណ៍​មួរ​ម៉ៅ ឈឺចាប់ តាំងចិត្ត សប្បាយរីករាយ គឺជា​ស្ថានភាព​ផ្លូវចិត្ត​របស់​អតីត​តារាចម្រៀង​ដ៏​ល្បី​នៃ​ក្រុមហ៊ុន​ហង្ស​មាស តាំងពី​ក្រោយ​ថ្ងៃ​សោកនាដកម្ម ថ្ងៃទី២៣ កុម្ភៈ​ឆ្នាំ២០០៧។ គ្មាន​ជម្រើស​ផ្សេង​ក្រៅពី​រៀន​គ្រប់គ្រង​អារម្មណ៍​ដើម្បី​សុខភាព​ខ្លួនឯង​ឡើយ។ រយៈពេល​ចុងក្រោយ​នេះ បញ្ញា​ពេជ្រ​បាន​រកឃើញ​សេចក្តី​ស្ងប់ សេចក្តីសុខ​សម្រាប់​ជីវិត​ជា​ជនពិការ​របស់​កញ្ញា​ហើយ ហើយក៏​មានលទ្ធភាព​អាច​វិល​ចូល​ពិភព​ចម្រៀង​វិញ​បានដែរ ប្រសិនបើ​មាន​ក្រុមហ៊ុន​ផលិត​ចម្រៀង​ណា​អាច​ផ្តល់ឱកាស​អោយ​កញ្ញា។ គ្រាន់តែ​ថា បញ្ញា​ពេជ្រ​មិនអាច​ឈរ​ច្រៀង​ដូច​មុន​បាន​នោះទេ។


នៅ​ជា​ន់ទី២នៃ​ផ្ទះល្វែង​មួយ​ដែល​ស្ថិតនៅ​ក្រោយ​ផ្សារ​ទំនើប​សុ​វណ្ណា គឺជា​កន្លែង​ស្នាក់នៅ​របស់​ពៅ បញ្ញា​ពេជ្រ។ ប្រសិនបើ​គេ​ឡើង​តាម​ជណ្តើរ​ទៅដល់​ជាន់​ទី២នោះ គេ​នឹង​ឃើញ​ផ្ទាំង​រូបថត​ដ៏​ស្រស់​សោភា​របស់​កញ្ញា​តារាចម្រៀង ដែល​ត្រូវបាន​ព្យួរ​នៅលើ​ជញ្ជាំង​ទល់មុខ​ជណ្តើរ​នេះ ដែល​ស្ថិតនៅ​ចំ​កណ្តាល​នៃ​បន្ទប់​ពីរ (បន្ទប់​ខាងមុខ និង​ក្រោយ) តាមរបៀប​ផ្ទះល្វែង។ ពន្លឺ​ថ្ងៃ​ចាំង​ចូល​តាម​បង្អួច​នៃ​បន្ទប់​ខាងក្រោយ បាន​ហៀរ​ពន្លឺ​ខ្លះ​មកដល់​ត្រឹម​ពាក់​បណ្តាល​ផ្ទះ​ប៉ុណ្ណោះ។ ពន្លឺ​មិនបាន​ជះ​ចូល​ធ្វើអោយ​ភ្លឺ​បន្ទប់​ខាងមុខ​ដែលមាន​នារី​អាយុ២៨ឆ្នាំ​ម្នាក់​កំពុង​អង្គុយ​នៅលើ​រទេះរុញ​នោះឡើយ។

នេះ​ជា​បន្ទប់​គេង​របស់​តារាចំរៀង​សំឡេង​ផ្អែម ពៅ បញ្ញា​ពេជ្រ ដែល​កាលពី៧ឆ្នាំមុន (ព្រឹក​ព្រលឹម​ម៉ោង៦ថ្ងៃទី២៣កុម្ភៈ ២០០៧) បាន​ទទួលរង​ការបាញ់ប្រហារ​ពី​ជន​មិន​ស្គាល់មុខ​នៅក្បែរ​ក្រសួង​ឧស្សាហកម្ម លើ​មហាវិថី​ព្រះ​នរោត្តម ខណៈ​នាង​រៀប​ចូលរៀន​នៅ​វិទ្យាស្ថាន​ELT។ ជា​ថ្ងៃ​សោកនាដកម្ម​ដែល​ធ្វើអោយ​ជីវិត​តារាចម្រៀង​រូបនេះ​ប្រែប្រួល ពី​ភាព​ត្រចះត្រចង់ មក​ក្នុង​ពិភព​ខ្វះ​ពន្លឺ​ដូច​ក្នុង​បន្ទប់​របស់​នាង​សព្វថ្ងៃ។

ហាត់​ចិត្ត អាន​ធម៌​បំភ្លេច​ថ្ងៃ​សោកនាដកម្ម



ថ្វីត្បិដតែ​អង្គុយ​នៅ​មួយកន្លែង​លើ​រទេះរុញ ប៉ុន្តែ​នៅពេលនេះ ពេជ្រ (ឈ្មោះ​ហៅ​នៅផ្ទះ) មិនបាន​បង្ហាញ​ទឹកមុខ​ស្រពាប់​ស្រពោន តូចចិត្ត ឬ​ពិបាកចិត្ត​ទៀតឡើយ។ ពេជ្រ​បាន​រម្លឹកថា កញ្ញា​បាន​ប្រើ​ពេលវេលា​ឈឺចាប់​ទាំង​រាយ​កាយ និង​ឈឺចិត្ត​នៅក្នុង​មន្ទីរពេទ្យ​វៀតណាម និង​ប្រទេស​ថៃ​ចាប់ពី​ឆ្នាំ២០០៧ដល់​ឆ្នាំ២០០៩ មុនពេល​កញ្ញា​វិល​ត្រឡប់មក​សម្រាក​ព្យាបាល​នៅក្នុង​ប្រទេស​កំណើត។ ពេលមកដល់​ផ្ទះ​នេះហើយ​ដែល​កញ្ញា​ពេជ្រ​ចាប់ផ្តើម​សម្រេច​ត្រូវ​ហាត់ពត់​ចិត្ត បំភ្លេច​ការឈឺចាប់។

នេះ​គឺជា​ជំរើស​ដ៏​ល្អ​ជាងគេ ដែល​កញ្ញា​យល់ថា វា​នឹង​ធ្វើអោយ​សុខភាព​របស់​កញ្ញា​កាន់តែរឹងប៉ឹង។ បើតាម​ការបញ្ជា​ក់រប​ស់​បញ្ញា​ពេជ្រ សៀវភៅធម៌ ព្រះសង្ឃ និង​គ្រូពេទ្យ​គឺជា បុគ្គល​ចំបង​ដែល​បង្រៀន​កញ្ញា​អំពី​ការធ្វើ​ជីវិត​អោយ​ស្ងប់​នេះ។  «ព្រះសង្ឃ​បាន​ជួយ​ណែនាំ​អប់រំ​ចិត្ត​ខ្ញុំ​ច្រើន ខ្ញុំ​មាន​បងប្រុស​បង្កើត​ដែល​ធ្លាប់​បួស​ជាស​ង្ឃ និង​ព្រះសង្ឃ​ដែល​និមន្ត​មក​សូត្រមន្ត​នៅផ្ទះ ព្រះអង្គ​តែងតែ​ពន្យល់​ណែនាំ បើទោះជា​ខ្ញុំ​មិនបាន​ធ្វើ​អ្វី​អាក្រក់​នៅ​ជាតិ​នេះ ក៏​ប្រហែល​ជាតិ​មុន ខ្ញុំ​បានធ្វើ​អ្វី​មិនល្អ ហើយ​ត្រូវ​សង​កម្ម​នៅ​ជាតិ​នេះ។ បើ​គិត​តាម​វិទ្យាសាស្ត្រ គេ​ធ្វើបាប​យើង បាន​យើង​ក្លាយជា​អីចឹង។ តែបើ​និយាយ​ពី​ផ្លូវធម៌ បានន័យថា យើង​មានកម្ម។ អ៊ីចឹង​បើ​ខ្ញុំ​យក​ផ្លូវធម៌​មក​ដាក់​ក្នុង​ខ្លួន ខ្ញុំ​មាន​អារម្មណ៍​ស្ងប់។ ខ្ញុំ​ព្យាយាម​គិត​អ្វីដែលល្អៗ ដើម្បី​សុខភាព​របស់ខ្ញុំ»។ នេះ​គឺជា​ការរៀបរាប់​របស់​បញ្ញា​ពេជ្រ​ដែល​អង្គុយ​នៅលើ​រទេះរុញ​ពណ៌​ខ្មៅ នៅក្បែរ​គ្រែ​ពូក​ដ៏​ធំ​មួយ។

បញ្ញា​ពេជ្រ​និយាយ​បញ្ចេញ​សំឡេងលះៗហាក់ដូច​ជាមាន​សុខ​ភាពល្អ​ធម្មតា ប៉ុន្តែយូៗម្តង កញ្ញា​ត្រូវ​សម្រាក​បន្តិច ដើម្បី​ដកដង្ហើម​អោយបាន​វែង និង​បាន​តម្រេក​បង្អែក​កៅអី​រទេះរុញ ដោយមាន​ជំនួយ​ពី ចាន់​ដែលជា​អ្នក​នៅ​ជួយ​មើលថែ​បញ្ញា​ពេជ្រ។ ក្រោយពី​សម្រាក​បន្តិច ពៅ បញ្ញា​ពេជ្រ​បន្ថែមថា៖«ខ្ញុំ​ត្រូវតែ​សប្បាយចិត្ត ត្រូវតែមាន​សុខភាព​ល្អ ដើម្បី​កុំអោយ​បងស្រី និង​ពិសេស​ម្តាយ​ខ្ញុំ បារម្ភ។ ពួកគាត់​ខ្វល់ខ្វាយ​ពី​សុខភាព​ខ្ញុំ​ជានិច្ច។ ម្តាយ​ខ្ញុំ​គាត់​មាន​បញ្ហា​បេះដូង​ដែរ ខ្ញុំ​មិន​ចង់អោយ​ពិបាកចិត្ត​ទេ»។

បង្កើត​ការងារ ដើម្បីអោយ​ខ្លួនឯង​រវល់




​«មនុស្ស​គ្រប់គ្នា​បាន​សួរ​សំណួរ​ដូចគ្នា​មក​ខ្ញុំ​ថា តើ​ខ្ញុំ​ធុញ ឬ​អផ្សុក​ទេ បើ​នៅតែ​មួយកន្លែង​អីចឹង? ខ្ញុំ​ឆ្លើយ​វិញ​ថា ខ្ញុំ​អត់​អផ្សុក​ទេ។ ព្រោះ​ខ្ញុំ​មាន program របស់ខ្ញុំ ដូចជា ហាត់​ចលនា បង្រៀនក្មួយៗ រៀនសូត្រអ្វីៗដែល​ខ្ញុំ​មិនចេះ…»។ បញ្ញា​ពេជ្រ​រៀបរាប់​ដោយ​បញ្ចេញ​សំណើចតិចៗផង។


បន្ទប់​ទំហំ​ប្រហែល២០ម៉ែត្រ​ការេ វា​គឺជា​បន្ទប់​គេង​ផង បន្ទប់​ហាត់​ចលនា​ផង និង​ជា​បន្ទប់​សិក្សា​ផងដែរ​របស់​បញ្ញា​ពេជ្រ។ អាច​និយាយបានថា គឺ​នៅក្នុង​បន្ទប់​នេះហើយ​ដែល​អតីត​តារាចម្រៀង​ហាត់រៀន​ធ្វើអោយ​ចិត្តស្ងប់​ពី​ការឈឺចាប់ តាមរយៈ​ការបង្កើត​កាលវិភាគ​ការងារ​ប្រចាំថ្ងៃ​ដោយ​ខ្លួនឯង​នោះ។ នៅលើ​រទេះរុញ​ដែលមាន​ភ្ជាប់​បន្ទះក្តារ​ដូច​កូន​តុ​តូច​មួយ​នោះ កញ្ញា​ពេជ្រ​បានដាក់​កុំព្យូទ័រ​យួ​ដៃ​ម៉ាក Asus ពណ៌​ឈាមជ្រូក​មួយ។ Laptop នេះ​ក៏​ជា​មិត្តភក្តិ និង​គ្រូ​របស់​ពេជ្រ។ ជាមួយនឹង​កុំ​ព្យួ​ទ័​រ​យួរដៃ​នេះហើយ​ដែល បញ្ញា​ពេជ្រ​ប្រើប្រាស់​ហាត់រៀន​កាត់ត និង​បញ្ចូល​សំឡេង​ចំរៀង​ដោយ​ខ្លួនឯង និង​ពេលខ្លះ កញ្ញា​ក៏​ប្រើប្រាស់​វា​ដើម្បី​ជជែក​គ្នា​លេង​ជាមួយ​មិត្ត​នៅក្នុង​ហ្វ៊េ​ស​ប៊ុ​ក។
តាមរយៈ​ហ្វ៊េ​ស​ប៊ុ​ក​នេះហើយ ដែល​ពៅ បញ្ញា​ពេជ្រ​បាន​បង្ហោះ​រូបភាព និង​សកម្មភាពខ្លះៗរបស់​កញ្ញា​បង្ហាញ​អ្នកគាំទ្រ និង​មិត្តភក្តិ។ ភាគច្រើន​គឺជា រូបថត​នៃ​ភាព​ញញឹម(ពាក់កណ្តាល​ខ្លួន)របស់​អតីត​តារាចម្រៀង​រូបនេះ ដែល​ពេលខ្លះ​ធ្វើអោយ​គេ​ភ្លេច​គិតថា កញ្ញា​ធ្លាប់​ជួប​គ្រោះថ្នាក់។

ក្រៅពី​ចំណាយ​ពេលខ្លះ​សម្រាប់​ការកំសាន្ត​នៅតាម​បណ្តាញ​សង្គម បញ្ញា​ពេជ្រ​ត្រូវ​ប្រើប្រាស់​ពេលវេលា​ចាំបាច់​សម្រាប់​ការហាត់​ចលនា ដោយ​រួមមាន​ទាំង​ការហាត់​ចលនា​ដៃ ជើង ហាត់​ឈ ទៅតាម​បច្ចេកទេស​របស់​គ្រូពេទ្យ​ចលនា។ ឧបករណ៍​ហាត់​ចលនា​ក៏មាន​នៅក្នុង​បន្ទប់​គេង​របស់​បញ្ញា​ពេជ្រ​ដែរ។ បើ​សួរ​អំពី​លទ្ធភាព​ដែល​ពៅ បញ្ញា​ពេជ្រ​អាច​ដើរ​បាន​នោះ នេះ​គឺជា​សំណួរ​ដែល​គ្មាន​ចំលើយ​ពិតប្រាកដ និង​ច្បាស់លាស់​នៅឡើយ។

បញ្ញា​ពេជ្រ​ពន្យល់​យ៉ាង​ដូច្នេះ​ថា៖«ចំពោះ​បញ្ហា​ហ្នឹង វា​ពិបាក​និយាយ។ ពីព្រោះថា របួស​យើង​ប៉ះពាល់​ដល់​ខួរឆ្អឹងខ្នង ហើយ​វា​ធ្វើអោយ​ដាច់​សរសៃ។ ខ្ញុំ​សួរ docteur ថា ពេលណា​ខ្ញុំ​អាច​ដើរ​បាន គាត់​អត់​និយាយ។ គាត់​ថា វា​អាស្រ័យ​ពេលវេលា។ បើ​យើង​នៅ​ក្មេង ហើយ​ព្យាយាម​សប្បាយចិត្ត​ទៅ កោសិកា​វា​អាច​លូតលាស់​បាន វា​អាច​សង្ឃឹម… ខ្ញុំ​ចេះតែ​គិតថា ខ្ញុំ​សង្ឃឹម វា​គ្រាន់បើ​ជាង​អត់​សង្ឃឹម។ ហើយ​បើ​មើល​តាម​អាកា​រៈ​ជំងឺ​យើង ពីដំបូង​ដល់​ឥឡូវ វា​ក៏​មិន​នៅ​ដដែល​ដែរ»។

ចាន់ ជា​ចំណែក​មួយ​នៃ​ជីវិត​ពេជ្រ




នៅ​ជា​ន់ទី២នៃ​ផ្ទះល្វែង​របស់​បងស្រី​ដែលមាន​ដាក់​អ៊ុតសក់​នោះ ចាន់ អាយុ១៩ឆ្នាំ គឺជា​អ្នករស់នៅ​ជាមួយ និង​ថែទាំ​បញ្ញា​ពេជ្រ។ ចាន់​ត្រូវបាន​ចាត់ទុកជា​ចំណែក​ខ្លួន​មួយ​បញ្ញា​ពេជ្រ នេះ​បើតាម​ការបញ្ជាក់​របស់​បញ្ញា​ពេជ្រ និង​បងស្រី​ដែល​អង្គុយ​នៅលើ​ពូក​ក្បែរ​នោះ ហើយ​ពេលខ្លះ​បាន​ឆ្លងឆ្លើយ​សំដី​ជាមួយ​បញ្ញា​ពេជ្រ។ «រាល់ថ្ងៃ​ហ្នឹង អ្វីដែល​ធ្វើអោយ​ពេជ្រ​បារម្ភ​ជាងគេ និង​ពិបាកចិត្ត​ជាងគេ គឺ​ខ្លាច​ចាន់​ត្រូវ​ឪពុកម្តាយ​យក​ត្រឡប់​ទៅវិញ។ សព្វថ្ងៃនេះ ចាន់​ជួយ​ពេជ្រ​ច្រើនណាស់។ គាត់​យល់​កិច្ចការងារ​ទាំងអស់ ទាំង​ការជួយ​លំ​ហាត់ប្រាណ ហើយ​ពួកគេ​ទាំងពីរ​នាក់​យល់ចិត្ត​គ្នា​ទៀត​ណាស់។ ដល់​ចឹ​ង​ទៅ ខ្ញុំ​ក៏​ពិបាកចិត្ត​ដែរ។ បើ​ចាន់​ទៅ​ស្រុក​វិញ ខ្ញុំ​មិនដឹង​ធ្វើ​ម៉េច​ទេ?» បងស្រី​របស់​បញ្ញា​ពេជ្រ​ត្អូញត្អែរ​នៅ​ចំពោះមុខ​ប្អូនស្រី​ខ្លួន និង​ចាន់​ដែល​នៅ​ឈ​សើចញឹមៗ បែប​អៀនប្រៀន។

នៅពេលដែល​សួរថា តើ​ចាន់​នឹង​ចាក​ចេញពី​បង​ពេជ្រ ឬ​យ៉ាងណា​នោះ? ចាន់​ឆ្លើយថា «មិនដឹង»។ ប៉ុន្តែ​ថា សព្វថ្ងៃនេះ ចាន់​និយាយថា ខ្លួន​ស្រឡាញ់​បង​ពេជ្រ។ «ការងារ​ខ្ញុំ​ធ្វើ​រាល់ថ្ងៃ​អត់​ហត់​ផង។ ខ្ញុំ​ស្រឡាញ់​គាត់ អាណិត​គាត់ ឃើញ​គាត់​ពិបាក។ ខ្ញុំ​ជួយ​លើក​គាត់​ងូតទឹក រៀប​បាយទឹក​អោយ​គាត់។ ពេលទំនេរ​គាត់​បង្រៀន​ភាសា​អង់គ្លេស​អោយ​ខ្ញុំ គាត់​ច្រៀង​អោយ​ខ្ញុំ​ស្តាប់។ ខ្ញុំ​មិនដឹងថា ពេលណា​ខ្ញុំ​ត្រូវ​ទៅ​ស្រុកកំណើត​វិញ​នោះទេ។ ប៉ុន្តែ​ពេលនេះ ខ្ញុំ​នៅ​ជាមួយ​គាត់» ចាន់​ឈ​និយាយ​ក្នុង​សំឡេង​តិច ក្រោម​រូបថត​របស់​ពៅ បញ្ញា​ពេជ្រ២ផ្ទាំង ដែល​ព្យួរ​នៅលើ​ជញ្ជាំង។ ជា​រូបថត​ក្នុង​ឯកសណ្ឋាន​ទទួល​សញ្ញាបត្រ​បរិ​ញ្ញា​ផ្នែក​ធនាគារ និង​អនុបណ្ឌិត​ផ្នែក​គ្រប់គ្រង​សណ្ឋាគារ។

«ខ្ញុំ​អាច​ច្រៀង​បាន​ឡើងវិញ​ហើយ»




អវត្តមាន​អ្នក​នៅ​មើលថែ​គឺជា​កង្វល់​មួយ​មែនហើយ។ ប៉ុន្តែ​បញ្ហា​ចំពោះមុខ​មួយ​ដ៏​សំខាន់​នោះ គឺ​ការចំណាយ​លើ​ថ្លៃ​ព្យាបាល​ប្រចាំខែ។ ក្រោយពី​បាន​ចំណាយ​ថវិកា​ប្រមាណ២០ម៉ឺន​ដុល្លារ​ហើយ​នោះ សព្វថ្ងៃនេះ ក្រុមគ្រួសារ​ត្រូវ​ត្រៀម​ប្រា​ក់ជាង១០០០ដុល្លារ សម្រាប់​ការព្យាបាល​ប្រចាំខែ​ទៀត។ ទំនងជា​ទទួលរង​បន្ទុក​យ៉ាង​ដូច្នេះហើយ បានជា​ពៅ បញ្ញា​ពេជ្រ ក្នុងពេល​កន្លងមក មិនបាន​ខ្មាសអៀន​ក្នុងការ​អំពាវនាវ​រក​ជំនួយ​សប្បុរសធម៌​នោះឡើយ។ យូរៗម្តង មាន​អ្នកគាំទ្រ និង​មិត្ត​សិល្បករចាស់ៗបាន​នាំយក​ថវិកា​ខ្លះ​មកហើយ​ក្រុមគ្រួសារ និង​សួរសុខទុក្ខ​ពៅ បញ្ញា​ពេជ្រ។

អតីត​តារាចម្រៀង​រូបនេះ ក៏​មិន​រារែក​នឹង​យាយ​ប្រាប់​ត្រង់​ថា កញ្ញា​ស្វាគមន៍ និង​រង់ចាំ​ទទួល​ជំនួយ​សប្បុរសធម៌​ថែមទៀត​ដើម្បី​មានលទ្ធភាព​ព្យាបាល​ភាព​ពិការ​របស់ខ្លួន។ ប្រសិន​ពេលខ្លះ គេ​ឃើញ​ពៅ បញ្ញា​ពេជ្រ​បង្ហោះ​បទ​ចម្រៀង​ដែល​កញ្ញា​ច្រៀង និង​កាត់ត​ដោយ​ខ្លួនឯង​នៅក្នុង​បន្ទប់​គេង​នោះ វា​ក៏​ទំនងជា​សារ​មួយ​ដែល ពៅ បញ្ញា​ពេជ្រ​ចង់បង្ហាញ​សូរសៀង ឡើងវិញ​នៅក្នុង​ពិភព​វិស័យ​ចម្រៀង​ដែរ។

« មិនមែន​ខ្ញុំ​ក្លាយជា​អីចឹង​ហើយ ខ្ញុំ​ចង់​ទាមទារ​អោយ​ផលិតកម្ម​នានា​មក​ហៅ​ខ្ញុំ​ច្រៀ​ន​នោះទេ។ ខ្ញុំ​ខា្ល​ច​គេ​រិះគន់ថា ខ្ញុំ​ក្លាយទៅជា​អីចឹង​ហើយ ខ្ញុំ​នៅ​ត្រដរ​ចង់​ច្រៀង​ទៀត។ ប៉ុន្តែ​ប្រសិនបើ​មាន​ផលិត​កម្មណា ផ្តល់ឱកាស​អោយ​ខ្ញុំ​នោះ ខ្ញុំ​ទទួលយក។ អ្វីដែល​ខ្ញុំ​អាចធ្វើ​បាន គឺ​ខ្ញុំ​ច្រៀង​បាន តែ​អង្គុយ​ច្រៀង។ បើ​មានឱកាស មែន​ខ្ញុំ​អាច​រកលុយ​បាន»។ តារាចម្រៀង​ស្បែ​កស ពៅ បញ្ញា​ពេជ្រ​និយាយ​អះអាង​យ៉ាង​ក្លៀវក្លា ក្នុង​ក្តី​សង្ឃឹមថា កញ្ញា​នឹង​អាចមាន​ថ្ងៃ​សាកល្បង​នៅក្នុង​បន្ទប់​ស្ទី​ដ្យូ​នៃ​ផលិតកម្ម​ចំរៀង​ណាមួយ ដែល​មិនមែនជា​បន្ទប់​គេង​ដែល​កញ្ញា​បាន​ប្រើ​សម្រាប់​ហាត់​ច្រៀង​រាល់ថ្ងៃ​នោះឡើយ៕


© រក្សាសិទ្ធិដោយ thmeythmey.com