បុណ្យភ្ជុំបិណ្ឌ
អន្តរជាតិ
អាម៉េរិក ជប៉ុន ចិន កូរ៉េខាងត្បូង និងម៉ិកស៊ិក ក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំបិណ្ឌដែរ
12, Oct 2023 , 9:59 am        
រូបភាព
ពិធីបុណ្យ Chuseok នៅឧបទ្វីបកូរ៉េ។ រូបថត Yonhap
ពិធីបុណ្យ Chuseok នៅឧបទ្វីបកូរ៉េ។ រូបថត Yonhap
ពិធីបុណ្យភ្ជុំបិណ្ឌជាបុណ្យប្រពៃណីជាតិខ្មែរដ៏សំខាន់មួយធ្វើឡើងដើម្បីឧទ្ទិសកុសលដល់បុព្វការីជនដែលបានចែកឋានទៅ។ ការប្រារព្ធពិធីបុណ្យដែលមានគោលបំណងបែបនេះក៏ត្រូវបានធ្វើឡើងនៅប្រទេសជាច្រើនទៀតដែរដូចជាអាម៉េរិក ម៉ិកស៊ិក ចិន ជប៉ុន និងកូរ៉េជាដើម។

 
សម្រាប់ប្រជាជនខ្មែរ ពិធីបុណ្យភ្ជុំបិណ្ឌគឺជាបុណ្យប្រពៃណីជាតិដ៏សំខាន់មួយក្នុងចំណោមបុណ្យដទៃទៀត។ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌត្រូវប្រារព្ធឡើងរយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃ១រោច ដល់១៥រោច ខែភទ្របទ ជារៀងរាល់ឆ្នាំ។ ក្នុងរដូវភ្ជុំបិណ្ឌ ប្រជាជនខ្មែរតែងរៀបចំម្ហូបអាហារទៅប្រគេនព្រះសង្ឃនៅវត្តដើម្បីបង្សុកូល និងឧទ្ទិសកុសលដល់ញាតការទាំងប្រាំពីរសន្ដានដែលបានចែកឋាន។ 
 
ស្របគ្នានេះ បណ្ដាប្រទេសមួយចំនួនទាំងនៅអាស៊ី និងអឺរ៉ុបក៏មានពិធីបុណ្យប្រពៃណីជាតិដែលធ្វើដើម្បីឧទ្ទិសដល់អ្នកស្លាប់ស្រដៀងកម្ពុជាដែរ។ បើតាមការចុះផ្សាយរបស់ទស្សនាវដ្តី Smithsonian ប្រទេសទាំងនោះរួមមាន៖ 
 
១. បុណ្យ Halloween នៅប៉ែកលោកខាងលិច 
 
ពិធីបុណ្យ Halloween ត្រូវបានប្រារព្ធនៅអាម៉េរិក និងបណ្ដាប្រទេសអឺរ៉ុបភាគច្រើនជារៀងរាល់ឆ្នាំ នៅថ្ងៃទី៣១ ខែតុលា។ ពិធីបុណ្យនេះមានដើមកំណើតមកពីពិធីបុណ្យ Samhain ដែលគេប្រារព្ធឡើងព្រោះជឿថា ព្រលឹងអ្នកស្លាប់នឹងមកបំផ្លាញដំណាំរបស់ពួកគេ ដូច្នេះគេត្រូវទុកចំណីអាហារ និងស្រានៅមាត់ទ្វារផ្ទះ ដើម្បីឱ្យព្រលឹងខ្មោចទាំងនោះសប្បាយចិត្ត។ ពេលត្រូវចេញទៅក្រៅផ្ទះ គេត្រូវពាក់របាំងមុខខ្មោចដើម្បីបន្លំខ្លួនជាមួយពួកខ្មោចទាំងនោះ។ 
 
បច្ចុប្បន្ន ពិធីបុណ្យ Halloween ដែលវាមានលក្ខណៈស្រដៀងនឹងបុណ្យ Samhain បានក្លាយជាពិធីបុណ្យកំសាន្តសប្បាយមួយ ព្រោះគេនាំគ្នាលេងគូរមុខមាត់ជាខ្មោច ហើយចែកស្ករគ្រាប់ជាដើម។ 
 
២. បុណ្យ Dia de los Muertos នៅម៉ិកស៊ិក
 
ម៉ិកស៊ិក តែងប្រារព្ធពិធីបុណ្យ Dia de los Muertos នៅ​រៀងរាល់ឆ្នាំ​ថ្ងៃ​ទី១ និងទី២​ ខែ​វិច្ឆិកា ក្នុងគោលបំណង​រំលឹក​គុណ​ដល់​អ្នក​ដែល​បាន​ស្លាប់​ទៅ។ ក្នុងថ្ងៃបុណ្យ Dia de los Muerto ​ប្រជាជនម៉ិកស៊ិកនាំគ្នា​សម្អាត​ផ្នូរ​ដូនតាហើយរៀប​ចំ​ម្ហូប​អាហារដាក់នៅទីនោះ ក៏ដូច​ជារៀបចំ​ពិធី​ជប់​លៀង​ផង​ដែរ​ដើម្បី​ទទួលព្រលឹង​អ្នក​ស្លាប់​ទាំង​អស់​នោះ។ ប្រជាជនម៉ិកស៊ិកជឿថានៅថ្ងៃបុណ្យ Día de los Muertos វិញ្ញាណនៃអ្នកស្លាប់នឹងត្រឡប់មករកអ្នកនៅរស់។
 
៣. បុណ្យសែនក្បាលទឹកនៅចិន
 
ពិធីសែនក្បាលទឹករបស់ជនជាតិចិនក៏ជាពិធីបុណ្យសម្រាប់ឧទ្ទិសកុសលដល់អ្នកស្លាប់ដែរ។ បុណ្យនេះតែងប្រារព្ធនៅថ្ងៃទី១៥ នៃខែទី៧ ក្នុងឆ្នាំចន្ទគតិ។ ថ្ងៃប្រារព្ធពិធីបុណ្យនេះជាពេលទ្វារឋានសួគ៌ និងឋាននរកបើកធំបំផុត ហើយពពួកខ្មោច និងព្រលឹងទាំងអស់ចេញមកស្វែងរកញាតិដែលនៅរស់ ហើយស្វែងរកអាហារ។ 
 
ដូចនេះ ក្នុងថ្ងៃបុណ្យនេះគេតែងសែនម្ហូបអាហារ នំចំណី និងមានដុតសម្ភារក្រដាស ព្រមទាំងលុយក្រដាស ដើម្បីឧទ្ទិសកុសលដល់ដូនតាដែលបានចែកឋាន។ លើសពីនេះ គេដាក់សែន អាហារបន្តិចបន្តួចទៀតនៅខាងក្រៅផ្ទះសម្រាប់ខ្មោចអនាថា គ្មានសាច់ញាតិឧទ្ទិសកុសលឱ្យ។ 
 
៤. បុណ្យ Chuseok នៅកូរ៉េ 
 
ពិធីបុណ្យ Chuseok គឺជាពិធីបុណ្យជាតិដ៏ធំបំផុតរបស់កូរ៉េទាំងកូរ៉េខាងជើង និងខាងត្បូង។ បុណ្យនេះតែងប្រារព្ធនៅថ្ងៃទី១៥ នៃខែទី៨ ក្នុងឆ្នាំចន្ទគតិ។ ក្នុងពេលប្រារព្ធពិធីបុណ្យនេះ ប្រជាជនកូរ៉េនាំគ្នាធ្វើម្ហូបអាហារនំចំណី ដើម្បីសែនរំលឹកដល់បុព្វការីជនដែលបានចែកឋានទៅ។ លើសពីនេះ ប្រជាជនកូរ៉េត្រូវទៅបោសសម្អាតផ្នូរដូនតាខ្លួន ហើយជួបជុំទទួលទានអាហាររួមគ្នា ហើយក៏មានសកម្មភាពរាំច្រៀង លេងល្បែងកំសាន្តផងដែរ។
 
៥. បុណ្យ Obon នៅជប៉ុន
 
ពិធីបុណ្យប្រពៃណីជាតិជប៉ុន Obon ជាពិធីរំលឹកដល់បុព្វការីជនដែលបានទទួលមរណភាព ព្រោះថ្ងៃបុណ្យនោះត្រូវបានគេជឿថាព្រលឹងអ្នកស្លាប់នឹងត្រលប់មករកសាច់ញាតិ។ អ្នកខ្លះហៅថ្ងៃបុណ្យ Obon ថាជាទិវាមរណៈរបស់ជនជាតិជប៉ុន។ ពិធីបុណ្យ Obon តែងប្រារព្ធឡើងនៅថ្ងៃទី១៥ អំឡុងខែទី៧ នៃឆ្នាំច័ន្ទគតិ។ ដោយសារពិធីនេះជាបុណ្យរំលឹកវិញ្ញាណក្ខន្ធដូនតា ប្រជាជនជប៉ុនជាច្រើនបានត្រឡប់ទៅស្រុកកំណើតរបស់ពួកគេវិញ ហើយចំណាយពេលថ្ងៃឈប់សម្រាកជាមួយក្រុមគ្រួសារ និងមិត្តភក្តិ៕ 
 

Tag:
 ភ្ជុំបិណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com