អន្តរជាតិ
អាម៉េរិក​ព្រមានរុស្ស៊ីពីផលវិបាក​ធ្ងន់ធ្ងរ​ បើហ៊ានប្រើ​អាវុធ​នុយក្លេអ៊ែរ​នៅ​អ៊ុយក្រែន
26, Sep 2022 , 6:29 pm        
រូបភាព
លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក (រូបក្នុងរង្វង់)។ រូបភាព៖ AFP
លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក (រូបក្នុងរង្វង់)។ រូបភាព៖ AFP
អាម៉េរិកនៅថ្ងៃទី២៥ ខែកញ្ញាបានព្រមានរុស្ស៊ីចំៗពីផលវិបាក​យ៉ាងធ្ងន់ធ្ងរ ប្រសិនបើទីក្រុងម៉ូស្គូប្រើប្រាស់អាវុធនុយក្លេអ៊ែរលើទឹកដីអ៊ុយក្រែន។ ការព្រមានរបស់អាម៉េរិកនេះបានកើតឡើងបន្ទាប់ពីរដ្ឋមន្រ្តីការបរទេសរុស្ស៊ីនៅអង្គការសហប្រជាជាតិ (UN) បានលើកឡើងថារុស្ស៊ីនឹងការពារប្រទេសគ្រប់មធ្យោបាយទាំងអស់ បើទោះបីជាត្រូវប្រើអាវុធនុយក្លេអ៊ែរក្តី ។

 
ក្នុងសុន្ទរកថានៅមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក ស៊ែហ្គេយ៍ ឡាវរ៉ូវ បានបញ្ជាក់ថា​តំបន់​ភាគ​ខាង​កើត​អ៊ុយក្រែន​ចំនួន​បួន​កំពុងរៀបចំការបោះឆ្នោតប្រជាមតិ ដើម្បីរួបរួមជាមួយរុស្ស៊ី។ លើសពីនេះ ប្រមុខការទូតរុស្ស៊ី ក៏បានបញ្ជាក់ថា រុស្ស៊ីនឹងការពារតំបន់ទាំងនោះយ៉ាងពារពេញលេញ ប្រសិនបើតំបន់ទាំងនោះបានរួមបញ្ចូលជាមួយទីក្រុងម៉ូស្គូ។
 
ការ​បោះ​ឆ្នោត​នៅ​ក្នុង​តំបន់​ភាគ​ខាង​កើត​អ៊ុយក្រែន​ចំនួន​បួន​ដែល​មាន​គោល​បំណង​ដាក់​បញ្ចូល​ទឹក​ដី​ដែល​រុស្ស៊ី​ដណ្ដើមបានដោយកម្លាំង ​ត្រូវ​បាន​ធ្វើ​ឡើងក្នុងរយៈពេល៣ ថ្ងៃដែលចាប់ផ្ដើមពីថ្ងៃទី២៥ ខែកញ្ញា។ តាមរយៈការដាក់បញ្ចូលតំបន់លូហាន, ដូណេត្ស, Kherson និង Zaporizhzhia ទៅជាទឹកដីរុស្ស៊ី ទីក្រុងម៉ូស្គូអាចចាត់ទុកការវាយដណ្តើមយកតំបន់ទាំងនោះមកវិញរបស់អ៊ុយក្រែនថាជាការវាយប្រហារលើប្រទេសរុស្ស៊ីផ្ទាល់។
 
ទន្ទឹមនឹងការលើកឡើងរបស់រុស្ស៊ី ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោក Jake Sullivan បានលើកឡើងនៅថ្ងៃទី២៥ ខែកញ្ញាថា អាម៉េរិកនឹងឆ្លើយតបចំពោះការប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់រុស្ស៊ីណាមួយប្រឆាំងនឹងអ៊ុយក្រែន។ លើសពីនេះលោកក៏បានគូសបញ្ជាក់ពីផលវិបាកយ៉ាងធ្ងន់ធ្ងរដែលទីក្រុងម៉ូស្គូនឹងត្រូវប្រឈម បើហ៊ានប្រើប្រាស់អាវុធនុយក្លេអ៊ែរ។
 
«ប្រសិនបើរុស្ស៊ីឆ្លងកាត់ខ្សែបន្ទាត់នេះ នោះរុស្ស៊ីនឹងប្រឈមនឹងផលវិបាកដ៏មហន្តរាយសម្រាប់ខ្លួនឯង។ អាម៉េរិកនឹង​ឆ្លើយតបយ៉ាងម៉ឺងម៉ាត់​»។ លោក Sullivan បានព្រមានបែបនេះនៅក្នុងកម្មវិធីទូរទស្សន៍ NBC's Meet the Press បែបនេះ។ 
 
ការព្រមានចុងក្រោយបំផុតរបស់អាម៉េរិកបានធ្វើឡើងបន្ទាប់ពីមានការគំរាមកំហែងប្រើប្រាស់អាវុធនុយក្លេអ៊ែរថ្មីៗនេះដោយប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ដែលបាននិយាយថារុស្ស៊ីនឹងប្រើប្រាស់អាវុធគ្រប់ប្រភេទដើម្បីការពារទឹកដីរបស់ខ្លួន។
 
កន្លងមក អ៊ុយក្រែន និងសម្ព័ន្ធមិត្តបានច្រានចោលការបោះឆ្នោតប្រជាមតិថាជាការបោកប្រាស់ដែលរៀបចំឡើងដើម្បីបង្ហាញពីភាពត្រឹមត្រូវនៃការកើនឡើងនៃសង្រ្គាម និងការជំរុញចលនារបស់ទីក្រុងម៉ូស្គូ បន្ទាប់ពីការចាញ់ក្នុងសមរភូមិនាពេលថ្មីៗនេះ៕
 

Tag:
 អាម៉េរិក
  រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com