សង្គមអន្តរជាតិ​
អន្តរជាតិ
មហាសេដ្ឋីឥណ្ឌា Adani ទម្លាក់មហាសេដ្ឋីអាម៉េរិក Jeff Bezos ឡើងជាមហាសេដ្ឋីទី២ លើលោក
27, Sep 2022 , 1:59 pm        
រូបភាព
លោក Gautam Adani មហាសេដ្ឋីជនជាតិឥណ្ឌា។ រូបថត Fortune India
លោក Gautam Adani មហាសេដ្ឋីជនជាតិឥណ្ឌា។ រូបថត Fortune India
 
មហាសេដ្ឋីឥណ្ឌា Gautam Adani បានឡើងមកឈរនៅលំដាប់ទី២ ក្នុងតារាងមហាសេដ្ឋីពិភពលោក ដោយទម្លាក់លោក Jeff Bezos ឱ្យទៅនៅលំដាប់ទី៣។ នេះបើតាមតារាងចំណាត់ថ្នាក់មហាសេដ្ឋីពិភពលោករបស់សារព័ត៌មាន Bloomberg។



ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos ថ្មីៗនេះត្រូវបានបាត់បង់ងារជាមហាសេដ្ឋីពិភពលោកលំដាប់ទី២ ដោយធ្លាក់មកឈរនៅលំដាប់ទី៣ វិញ ព្រោះមហាសេដ្ឋីជំនួញឥណ្ឌា លោក Gautam Adani ឡើងមកជំនួសតំណែងនេះ។ សេដ្ឋីឥណ្ឌារូបនេះបានប្រើពេលមិនដល់១០ខែឡើយ ដើម្បីឡើងមកឈរនៅលំដាប់ទី២។ កាលពីដើមឆ្នាំ២០២២ លោក Adani ស្ថិតនៅលេខរៀងទី១៤ ឯណោះនៃតារាងមហាសេដ្ឋីពិភពលោក។

បច្ចុប្បន្ន ទ្រព្យសម្បត្តិរបស់មហាសេដ្ឋី Adani មានប្រហែល១៤៧ពាន់លានដុល្លារដែលភាគច្រើនជាភាគហ៊ុននៃក្រុមហ៊ុន Adani Group ដ៏ធំរបស់លោក។ មហាសេដ្ឋីជាស្ថាបនិកក្រុមហ៊ុនរថយន្តអគ្គិសនី Tesla លោក Elon Musk នៅតែរក្សាតំណែងទី១ ដែលមានទ្រព្យសម្បត្តិក្នុងដៃប្រមាណ ២៦០ពាន់លានដុល្លារ។

ក្រុមហ៊ុន Adani Group បានគ្រប់ដណ្ដប់លើអាជីវកម្មជាច្រើនរួមទាំងអាជីវកម្មធ្យូងថ្ម និងជាម្ចាស់កំពង់ផែ ១៣ របស់ឥណ្ឌា ដែលបានរីកចម្រើនគួរឱ្យកត់សម្គាល់ប៉ុន្មានឆ្នាំចុងក្រោយនេះ។  ភាគហ៊ុនរបស់ក្រុមហ៊ុន Adani មួយចំនួនបានហក់ឡើងជាង១ពាន់ភាគរយចាប់តាំងពីខែមិថុនា ឆ្នាំ២០២០ ដែលវាបានឆ្លុះបញ្ចាំងពីអំពីភាពរឹងមាំរបស់ក្រុមហ៊ុននេះនៅក្នុងវិស័យដូចជាហេដ្ឋារចនាសម្ព័ន្ធ និងថាមពលកកើតឡើងវិញ។ នេះដោយសារនាយករដ្ឋមន្ត្រីឥណ្ឌា នារិន្ទ្រា ម៉ូឌី បានផ្តល់អាទិភាពសម្រាប់ការអភិវឌ្ឍលើវិស័យទាំងនេះ។

ទាក់ទិននឹងអតីតមហាសេដ្ឋីពិភពលោកលំដាប់ទី២ វិញ លោក Jeff Bezos បានថយចុះទ្រព្យសម្បត្តិមកនៅត្រឹម ១៤៥,៨ ពាន់លានដុល្លារប៉ុណ្ណោះ។ នេះបើតាមសារព័ត៌មាន ​​Bloomberg ខណៈដែលភាគហ៊ុន Amazon របស់លោក Bezos បានធ្លាក់ចុះជាង២៥ភាគរយនៅឆ្នាំ២០២២។  

កាលពីខែកុម្ភៈ លោក Adani បានវ៉ាដាច់មហាសេដ្ឋីឥណ្ឌាមួយរូបទៀត លោក Mukesh Ambani ហើយក្លាយជាអ្នកមានបំផុតនៅអាស៊ី។ នេះជាលើកទីមួយហើយដែលសហគ្រិនមកពីអាស៊ី បានជាប់ចំណាត់ថ្នាក់ខ្ពស់ក្នុងបញ្ជីមហាសេដ្ឋីពិភពលោករបស់ Bloomberg ខណៈកន្លងមកមានតែសហគ្រិនជនជាតិស្បែកសប៉ុណ្ណោះដែលស្ថិតនៅកំពូលតារាងមហាសេដ្ឋីពិភពលោក៕



© រក្សាសិទ្ធិដោយ thmeythmey.com