អន្តរជាតិ
​​​ន​យោ​បាយ​ជាតិ​
វិមានក្រេមឡាំងថា មិនទាន់សម្រេចចិត្តបិទព្រំដែន ក្រោយមានប្រជាជនរត់ទៅបរទេសគេចពីការកំណែន
27, Sep 2022 , 3:59 pm        
រូបភាព
ដោយ: ថ្មីៗ
ដោយ៖ ហ៊ួយ ស៊ីវលី

រុស្សីមិនទាន់មានការសម្រេចចិត្តណាមួយនៅឡើយទាក់ទងការបិទព្រំដែនដែរដើម្បីបញ្ឈប់បុរសដែលគ្រប់អាយុធ្វើទាហានភៀសខ្លួនចេញពីប្រទេស។ នេះបើតាមអ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov នៅថ្ងៃទី២៦ ខែកញ្ញា។



ដោយសារតែសង្គ្រាមរយៈពេល៧ខែរវាងរុស្សី និងអ៊ុយក្រែននៅមិនទាន់ថមថយ រុស្សីបានព្យាយាមធ្វើគ្រប់សកម្មភាពជាច្រើនដើម្បីយកឈ្នះក្នុងសង្រ្គាមមួយនេះ។ កាលពីសប្តាហ៍មុនប្រធានាធិបតីរុស្សី លោក  វ្ល៉ាឌីមៀ ពូទីន បានគំរាមប្រើអាវុធនុយក្លេអ៊ែរដើម្បីការពារទឹកដីដែលរុស្សីអះអាងថាជារបស់ខ្លួន ថែមទាំងចេញបញ្ជាឱ្យមានការកេណ្ឌទ័ព និងការរៀបចំនៅពីក្រោយចំពោះការធ្វើប្រជាមតិនៅខេត្តចំនួន៤នៅអ៊ុយក្រែន។

ទ័ពចំនួន៣០ម៉ឺននាក់នឹងត្រូវបានកេណ្ឌដើម្បីទៅធ្វើសង្គ្រាមនៅអ៊ុយក្រែន។ ការកេណ្ឌទ័ពដោយផ្នែកនេះបានធ្វើឱ្យមានការតវ៉ានៅទូទាំងប្រទេស។ ដោយមកទល់ពេលនេះ យ៉ាងហោចណាស់មនុស្សចំនួន២០០០នាក់ត្រូវបានចាប់ខ្លួន។ ជាមួយគ្នានេះ ប្រជាជនរុស្សីដែលជាបុរសគ្រប់អាយុ និងត្រូវជាប់ឈ្មោះបម្រុងធ្វើទាហានបានព្យាយាមភៀសខ្លួនពីប្រទេស ដែលធ្វើឱ្យសំបុត្រជើងហោះហើរពីរុស្សីបានលក់អស់ រីឯឡានជាច្រើនគ្រឿងបានតម្រង់ជួរជាច្រើនខ្សែនៅច្រកព្រំដែន។

ទាក់ទងនឹងការភៀសខ្លួននេះ សមាជិកព្រឹទ្ធសភានៃក្រុមប្រឹក្សាសហព័ន្ធរុស្សីតំណាងតំបន់គ្រីមៀ លោក Sergei Tsekov ប្រាប់ទីភ្នាក់ងារពត៌មាន RIA នៅថ្ងៃទី២៦ ខែកញ្ញាថា មនុស្សគ្រប់រូបដែលគ្រប់អាយុចូលបម្រើទ័ពគួរតែត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរទៅក្រៅប្រទេសក្នុងស្ថានភាពបច្ចុប្បន្ន។

យ៉ាងណាមិញ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងមូស្គូនៅថ្ងៃដដែលបញ្ជាក់ថា នៅពេលនេះ រដ្ឋាភិបាលមិនទាន់មានការសម្រេចចិត្តណាមួយចំពោះការបិទព្រំដែនទេ។

ការកេណ្ឌទ័ពដោយផ្នែកនេះនឹងអនុវត្តចំពោះពលរដ្ឋដែលជាប់ឈ្មោះបម្រុង និងអ្នកដែលបម្រើការក្នុងយោធាមានបទពិសោធយោធាជាក់លាក់៕



Tag:
 រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com