អន្តរជាតិ
វៀតណាមត្រៀមខ្លួនទប់ទល់ព្យុះទីហ្វុង Noru
27, Sep 2022 , 4:59 pm        
រូបភាព
រូបថត VNA
រូបថត VNA
ដោយ: ថ្មីៗ
ដោយ៖ ហ៊ួយ ស៊ីវលី

រដ្ឋាភិបាលវៀតណាមនៅថ្ងៃទី២៧ ខែកញ្ញាស្នើប្រជាជនឱ្យជម្លៀសខ្លួន ខណៈពេលដែលខ្យល់ព្យុះទីហ្វុង Noru កំពុងឆ្ពោះទៅកាន់ប្រទេសនេះ បន្ទាប់ពីវាយប្រហារដែលសម្លាប់មនុស្សយ៉ាងតិច៨នាក់នៅហ្វីលីពីន។



យោងតាមទីភ្នាក់ងារឧតុនិយមវៀតណាម ព្យុះទីហ្វុង Noru ដែលត្រូវបានចាត់ទុកជាព្យុះដ៏ខ្លាំងបំផុត កំពុងរំកិលខ្លួនទៅកាន់វៀតណាមហើយក្រោយឆ្លងកាត់ហ្វីលីពីន។ ខ្យល់ព្យុះនេះមានល្បឿន១៨៣គីឡូម៉ែត្រក្នុងមួយម៉ោង ហើយបោកបក់នៅវៀតណាមនៅថ្ងៃទី២៧ ខែកញ្ញាមុនពេលបន្តឆ្ពោះទៅកាន់ថៃនៅមួយថ្ងៃបន្ទាប់។

«យើងមិនមានពេលច្រើនទេ។ កម្លាំងព្យុះកាន់តែខ្លាំងឡើងៗ ដូចនេះយើងត្រូវឆ្លើយតប​ឱ្យខ្លាំង និងលឿនជាងមុន។ ការជម្លៀសខ្លួនត្រូវតែធ្វើឡើងឱ្យបានឆាប់តាមដែលអាចធ្វើទៅបានជាមួយនឹងអាទិភាពចម្បងគឺជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន។» នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និយាយបែបនេះនៅក្នុងកិច្ចប្រជុំឆ្លើយតបគ្រោះមហន្តរាយនៅថ្ងៃទី២៧ ខែកញ្ញា។

ទីភ្នាក់ងារឧតុនិយមវៀតណាមក៏បន្ថែមថា តំបន់ដែលត្រូវបានគេរំពឹងថាជាតំបន់រងគ្រោះខ្លាំងជាងគេមានដូចជា ខេត្ត Quang Ngai និងខេត្ត Quang Nam។ មកទល់ពេលនេះ ខេត្ត Quang Nam បានជម្លៀសប្រជាជនជាង១៣៣០០០នាក់ហើយ។

ព្យុះទីហ្វុង Noru បានបង្កឱ្យមានការរំខានដល់ការធ្វើដំណើរ ដោយអាកាសយានដ្ឋានចំនួនប្រាំបួននៅទូទាំងប្រទេសបិទចាប់តាំងពីថ្ងៃទី២៧ ខែកញ្ញាតទៅ ដោយបង្ខំឱ្យជើងហោះហើរក្នុងស្រុក និងអន្តរជាតិរាប់រយត្រូវបានលុបចោល។ លើសពីនេះមនុស្សរាប់ពាន់នាក់ត្រូវជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលវៀតណាម៕


© រក្សាសិទ្ធិដោយ thmeythmey.com