ជាតិ
ព្យុះណូរុ៖ លោក គួច ចំរើន ហាមអ្នកដំណើរ និងអ្នកនេសាទចេញទៅកោះនានា
28, Sep 2022 , 2:29 pm        
រូបភាព
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។ រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។ រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ
ដោយ:
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចេញសារជាសំឡេង ហាមអ្នកនេសាទចេញទៅនេសាទនៅសមុទ្រ និងហាមអ្នកទេសចរ ឬអ្នកដំណើរនានាឆ្លងទៅកាន់កោះផ្សេងៗ ព្រោះបញ្ហាអាកាសធាតុ នៅថ្ងៃទី២៨ ២៩ និង៣០ខែកញ្ញា។



លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឱ្យអាជ្ញាធរក្នុងខេត្តត្រៀមលក្ខណៈ និងចុះផ្សព្វផ្សាយពីបញ្ហាអាកាសធាតុដល់អ្នកនេសាទ ទេសចរ និងអាជីវករទូក។ លើសពីនេះ អាជ្ញាធរ ត្រូវហាមអ្នកនេសាទ កុំឱ្យទៅនេសាទក្នុងសមុទ្រ ព្រោះចាប់ពីថ្ងៃទី ២៨ដល់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ព្រោះអាចនឹងមានខ្យល់និងរលកខ្ពស់ ដែលបង្កហានិភ័យដល់ការធ្វើដំណើរក្នុងសមុទ្រ។
 
«ខ្ញុំស្នើសុំឱ្យយកចិត្តទុកដាក់លើការងារ ២យ៉ាង។ ទី១ ត្រូវមានការណែនាំដល់ប្រជាពលរដ្ឋ អ្នកនេសាទ និងអ្នកដំណើរទាំងឡាយ គឺសុំផ្អាកធ្វើដំណើរទៅក្នុងសមុទ្រ ទៅតាមកោះដែលអាចមានហានិភ័យ។ ទី២ សម្រាប់អ្នកនេសាទ ដែលបានចេញទៅនេសាទតាមកោះហើយ ត្រូវរកវិធីជូនដំណឹងទៅពួកគាត់ដើម្បីវិលត្រឡប់មកដីគោកវិញឱ្យទាន់ពេលវេលា និងត្រៀមឧបករណ៍សុវត្ថិភាព»។ នេះជាការលើកឡើងរបស់លោក គួច ចំរើនក្នុងសារជាសំឡេងរយៈពេល ២៖២០នាទី នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា។ 
 
សូមជម្រាបថា យោងតាមការព្យាការណ៍អាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម ព្យុះទី១៦ ឈ្មោះ ណូរុ (NORU) កើតឡើងនៅភាគខាងកើតប្រទេសហ្វីលីពីន និងធ្វើឱ្យប្រព័ន្ធសម្ពាធទាប (ITCZ) ដែលអូសបន្លាយលើភាគខាងជើងប្រទេសកម្ពុជា បានចុះថមថយឥទ្ធិពលជាលំដាប់។ តាមការព្យាករដដែល នៅថ្ងៃទី២៧ ខែកញ្ញា ព្យុះណូរុ នេះ នឹងវិវត្តទៅជាព្យុះទីហ្វុង TY នៅពេលវាបក់ចូលកៀកឆ្នេរភាគកណ្ដាលប្រទេសវៀតណាម។
 
បន្ទាប់ពីពីព្យុះនេះ ឆ្លងកាត់ប្រទេសវៀតណាម និង អាងទន្លេមេគង្គប្រទេសឡាវ និង ថៃ។ នៅថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកញ្ញា វាបានថមថយឥទ្ធិពលបន្តបន្ទាប់ ជាព្យុះកម្រិត TS វិសម្ពាធ TD និង សម្ពាធទាប។ ចំណែកចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកញ្ញា ខ្យល់មូសុងនិរតី និងបង្កើនល្បឿនបក់ក្នុងកម្រិតពីបង្គួរ ទៅខ្លាំងក្នុងតំបន់មាត់សមុទ្រ៕
 
 

Tag:
 ThmeyThmey25
  ព្រះសីហនុ
 
© រក្សាសិទ្ធិដោយ thmeythmey.com