ជាតិ
​​​ន​យោ​បាយ​ជាតិ​
ព្រឹទ្ធសភាកម្ពុជា៖ ទំនាក់ទំនងកម្ពុជា-ចិន ឡើងដល់កម្រិតខ្ពស់បំផុត
28, Sep 2022 , 9:59 pm        
រូបភាព
សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា កាលពីខែឧសភា ឆ្នាំ២០២២។
សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា កាលពីខែឧសភា ឆ្នាំ២០២២។
មុនមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី២០របស់បក្សកុម្មុយនីស្តចិនមកដល់នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ខាងមុខ ព្រឹទ្ធសភាកម្ពុជា បានចេញសេចក្តីអបអរសាទរជាមុន។ ក្រៅពីអបអរសាទរដល់មហាសន្និបាតនៃបក្សកុម្មុយនីស្តចិន ព្រឹទ្ធសភាកម្ពុជា ក៏បានរំលេចឡើងពីទំនាក់ទំនងរវាងកម្ពុជា-ចិនផងដែរ។



តាមរយៈលិខិតអបអរសាទរ ដែលចេញនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ព្រឹទ្ធសភាកម្ពុជា បានសរសេរថា ក្នុងបរិបទនៃការប្រែប្រួលសភាពការណ៍ដ៏ស្មុគស្មាញទាំងក្នុងតំបន់ទាំងថ្នាក់អន្តរជាតិ កម្ពុជា នៅតែគាំទ្រឥតងាករេចំពោះគោលនយោបាយចិនតែមួយ ហើយកម្ពុជា តែងតែចាត់ទុកចិន ជាអ្នកជិតខាងល្អ មិត្តល្អ បងប្អូនល្អ និងដៃគូល្អ។ 
 
ព្រឹទ្ធសភាកម្ពុជា សង្កត់ធ្ងន់ដូច្នេះថា៖«ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសយើងទាំងពីរ ត្រូវបានពង្រឹង និងពង្រីកដល់កម្រិតខ្ពស់បំផុត គឺកិច្ចសហប្រតិបត្តិការភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាមិត្តភាពដែកថែប និងជាសហគមន៍វាសនារួមកម្ពុជា-ចិន។ 
 
ជាមួយគ្នានេះ ព្រឹទ្ធសភាកម្ពុជា បានអរគុណចិន ដែលផ្តល់ជំនួយសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា ដោយបូករួមទាំងជំនួយសម្រាប់ទប់ស្កាត់ជំងឺកូវីដ-១៩ផងដែរ។ ចំពោះមហាសន្និបាតនៃបក្សកុម្មុយនីស្តចិននាពេលខាងមុខ ព្រឹទ្ធសភាកម្ពុជា មើលឃើញថា មានសារសំខាន់ដ៏ធំធេងសម្រាប់ប្រទេសចិន ហើយមហាសន្និបាតនេះ នឹងដាក់ចេញយុទ្ធសាស្រ្តស៊ីជម្រៅ ដើម្បីបន្ថែមល្បឿនក្នុងការអភិវឌ្ឍប្រទេសចិន៕
 

Tag:
 ព្រឹទ្ធសភា
  ទំនាក់ទំនងកម្ពុជា-ចិន
  មហាសន្និបាតបក្សកុម្មុយនីស្តចិន
© រក្សាសិទ្ធិដោយ thmeythmey.com