អន្តរជាតិ
យោធាកូរ៉េខាងត្បូង៖ កូរ៉េខាងជើង បាញ់មីស៊ីលបាលីស្ទិកចម្ងាយខ្លីជាថ្មីទៅសមុទ្រខាងកើត រូបភាព AFP
× កូរ៉េខាងជើង បាញ់មីស៊ីលបាលីស្ទិកចំនួនពីរគ្រាប់ជាថ្មី នៅល្ងាចថ្ងៃទី២៨ ខែកញ្ញា បន្ទាប់ពីទើបតែបាញ់មីស៊ីលប្រភេទដូចគ្នានេះដែរ នៅបីថ្ងៃមុន។ នេះបើតាមការបញ្ជាក់របស់យោធាកូរ៉េខាងត្បូង។
ក្នុងឆ្នាំ២០២២ កូរ៉េខាងជើង បានបាញ់មីស៊ីលជាច្រើនប្រភេទទៅក្នុងសមុទ្រខាងកើត ខណៈមានការបារម្ភជុំវិញការសាកល្បងនុយក្លេអ៊ែរលើកទី៧។ ជាថ្មីម្តងទៀត កូរ៉េខាងជើង នៅល្ងាចថ្ងៃទី២៨ ខែកញ្ញា បានបាញ់មីស៊ីលបាលីស្ទិកចម្ងាយខ្លីជាថ្មី ចំនួន ២គ្រាប់ ទៅក្នុងសមុទ្រខាងកើត។ ការបាញ់នេះ ធ្វើឡើងមុនដំណើរទស្សនកិច្ចរបស់អនុប្រធានាធិបតីអាម៉េរិក លោកស្រី កាម៉ាឡា ហារីស នៅកូរ៉េខាងត្បូង នៅថ្ងៃទី២៩ ខែកញ្ញា។
តាមការបញ្ជាក់របស់នាយសេនាធិការចម្រុះ(JCS) កូរ៉េខាងត្បូង បានចាប់សញ្ញានៃការបាញ់មីស៊ីលពីរគ្រាប់នោះ នាវេលាចន្លោះ ៦ និង១០នាទី ដល់៦ និង២០នាទីល្ងាច ចេញពីតំបន់ Sunan ក្រុងព្យុងយ៉ាង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។
មុនការបាញ់នៅថ្ងៃទី២៨ ខែកញ្ញា ក្រុងព្យុងយ៉ាង ក៏ទើបតែបាញ់មីស៊ីលប្រភេទដូចគ្នានេះ មួយគ្រាប់ដែរទៅក្នុងសមុទ្រខាងកើត នៅបីថ្ងៃមុន។
តាមរយៈសារទៅកាន់អ្នកសារព័ត៌មាន នាយសេនាធិការចម្រុះកូរ៉េខាងត្បូង បានចាត់ទុកសកម្មភាពរបស់កូរ៉េខាងជើង ជាសកម្មភាពបង្ករឿង និងធ្វើឱ្យក្រុងព្យុងយ៉ាងឯកោពីសហគមន៍អន្តរជាតិ រួមទាំងបំពាននឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC)។
មិនតែប៉ុណ្ណោះ យោធាកូរ៉េខាងត្បូង បានបញ្ជាក់ថា ខ្លួនបានត្រៀមខ្លួនជាស្រេច ដើម្បីឆ្លើយតបនឹងការគំរាមកំហែងពីសំណាក់កូរ៉េខាងជើង រួមទាំងតាមដានសកម្មភាពបង្ករឿង ដោយមានកិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន អាម៉េរិក។
ស្របគ្នានេះ រដ្ឋាភិបាលជប៉ុន ក៏មិននៅស្ងៀមដែរ ជុំវិញការបាញ់មីស៊ីលខាងលើ ដោយខ្លួនបានដាក់ការតវ៉ា តាមរយៈស្ថានទូតខ្លួននៅចិន។ អនុរដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Toshiro Ino បានចាត់ទុកសកម្មភាពក្រុងព្យុងយ៉ាងជាការគំរាមកំហែងសន្តិភាព និងសុវត្ថិភាពប្រទេសខ្លួន៕
© រក្សាសិទ្ធិដោយ thmeythmey.com