ជាតិ
រដ្ឋាភិបាលកំណត់ថ្ងៃ២០សីហា ជាទិវាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស
29, Sep 2022 , 9:16 am        
រូបភាព
រដ្ឋាភិបាលបានកំណត់យកថ្ងៃទី២០ ខែសីហា ដើម្បីប្រារព្ធទិវាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស។ នេះជាការបញ្ជាក់របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាវេទិកាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦ ព្រឹកថ្ងៃទី២៩ ខែកញ្ញា នេះ នៅមជ្ឈមណ្ឌលជ្រោយចង្វារ។

 
សម្រាប់ «ទិវាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស» ប្រមុខរដ្ឋាភិបាលកម្ពុជា បានណែនាំឲ្យគ្រប់និកាយសាសនាទាំងអស់ធ្វើពិធីជួបជុំអប់រំសកម្មភាពផ្សេងៗ ជាពិសេសការស្វែងរកចំណុចខ្លាំង ចំណុចខ្សោយ សម្រាប់ភូមិឃុំមានសុវត្ថិភាព។
 
សម្តេច ហ៊ុន សែន បានលើកឡើងថា ការប្រឆាំងការជួញដូរមនុស្ស មិនមែនធ្វើតែក្របខណ្ឌក្រសួងមហាផ្ទៃនោះឡើយ ប៉ុន្តែជាចលនាទូទាំងប្រទេស ហើយក៏មិនមែនត្រឹមតែថ្ងៃ២០សីហា នោះដែរ ពោលគឺការប្រយុទ្ធប្រឆាំងទាំង៣៦៥ថ្ងៃ។
 
នាវេទិកាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦នេះ សម្តេចនាយករដ្ឋមន្ត្រី បានរំលឹកថា៖ «ទោះជាតិសាសន៍ ឬសាសនាណាក៏ដោយ យើងរួមគ្នាទប់ការជួញដូរមនុស្ស»។
 
សម្តេចបានលើកឡើងពីករណីជួញដូរមនុស្សកន្លងមកចេញពីប្រទេសកម្ពុជាទៅកាន់បណ្តាប្រទេសមួយចំនួន ហើយរយៈពេលចុងក្រោយនេះ ក៏មានករណីជនបរទេសត្រូវបានជួញដូរមកកម្ពុជាវិញផងដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com