អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ស៊ី យល់ព្រមចូលរួមកិច្ចប្រជុំ APEC នៅថៃ ខណៈលោក បៃដិន នឹងអវត្តមាន
29, Sep 2022 , 3:59 pm        
រូបភាព
ប្រធានាធិបតីចិន ស៊ី ជិនភីង ក្នុងកិច្ចប្រជុំមួយនាពេលកន្លងមក។ រូបថត Xinhua
ប្រធានាធិបតីចិន ស៊ី ជិនភីង ក្នុងកិច្ចប្រជុំមួយនាពេលកន្លងមក។ រូបថត Xinhua
ដោយ៖ ហ៊ួយ ស៊ីវលី 
 
ប្រធានាធិបតីចិន ស៊ី ជិនភីង បញ្ជាក់ពីការចូលរួមក្នុងកិច្ចប្រជុំសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ឆ្នាំ២០២២។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេសថៃ ស្របពេលដែលមេដឹកនាំអាម៉េរិកនឹងអវត្តមាននោះ។

 
កិច្ចប្រជុំសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ជាកិច្ចប្រជុំមួយដែលមាន២១ប្រទេស និងតំបន់ជាសមាជិក។ នៅឆ្នាំ២០២២ កិច្ចប្រជុំនេះនឹងធ្វើឡើងនៅថៃពីថ្ងៃទី១៨-១៩ខែវិច្ឆិកាខាងមុខ។ 
 
អ្នកនាំពាក្យក្រសួងការបរទេសថៃលោក Tanee Sangrat និយាយថា មកទល់ពេលនេះ ​មានមេដឹកនាំប្រទេសសមាជិកចំនួន៤ហើយដែលបានបញ្ជាក់វត្តមានក្នុងកិច្ចប្រជុំដោយផ្ទាល់មាត់ ខណៈពេលដែលមាន៦ប្រទេសទៀតនឹងទំនងជាចូលរួម ហើយមេដឹកនាំ៤ទៅ៥ប្រទេសផ្សេងទៀតកំពុងសម្រេចចិត្ត។ ក្នុងចំណោម៤ប្រទេសដែលបានបញ្ជាក់វត្តមាន ក៏មានចិនផងដែរ។
 
បើតាមលោក Tanee Sangrat រដ្ឋមន្រ្តីការបរទេសចិន  វ៉ាង យី បញ្ជាក់ប្រាប់រដ្ឋមន្ត្រីការបរទេសថៃលោក Don Pramudwinai ដោយផ្ទាល់មាត់ថា ប្រធានាធិបតីចិន ស៊ី ជិនភីងនឹងមានវត្តមាននៅក្នុងកិច្ចប្រជុំ APEC។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។ 
 
សូមបញ្ជាក់ថា វត្តមានក្នុងកិច្ចប្រជុំ​នៅថៃលើកនេះនឹងជាដំណើរទស្សនកិច្ចលើកទី១របស់លោក ស៊ី ក្នុងនាមជាប្រធានាធិបតីចិន។ នៅឆ្នាំ២០១១ លោកក៏ធ្លាប់ទៅទស្សនកិច្ចនៅថៃដែរ ប៉ុន្តែក្នុងនាមជាអនុប្រធានាធិបតីចិន។ ចិនចូលជាសមាជិក APEC នៅឆ្នាំ១៩៩១ ដែលវាជាសមាជិកភាពពាណិជ្ជកម្មដ៏សំខាន់មួយរបស់ចិននៅពេលនោះ បន្ទាប់ពីអង្គការពាណិជ្ជកម្មពិភពលោក។
 
ជុំវិញភាពមិនច្បាស់លាស់នៃអវត្តមានរបស់ប្រធានាធិបតីអាម៉េរិកលោកចូ បៃដិន លោក Tanee និយាយថា ថៃកំពុងខិតខំសម្របសម្រួលដំណើរការចូលរួមរបស់លោក បៃដិន និងកំពុងស្វែងរកគ្រប់មធ្យោបាយដើម្បីបញ្ចុះបញ្ចូលមេដឹកនាំប្រទេស និងតំបន់សមាជិក APEC ទាំងអស់ឱ្យមកចូលរួមក្នុងកិច្ចប្រជុំនេះ។ 
 
ក្នុងរបាយការណ៍កន្លងមក លោក បៃដិន ប្រហែលជាអវត្តមានក្នុងកិច្ចប្រជុំដោយសារតែជាប់រវល់ការចៅស្រីរបស់លោកនៅឯសេតវិមាន។ យ៉ាងណាមិញ លោក Tanee យល់ថា ភាពមិនច្បាស់លាស់នៃអវត្តមានរបស់លោកបៃដិន គឺដោយសារតែហេតុផលសុវត្ថិភាព។ បើលោក បៃឌិន ពិតជាអវត្តមានមែន អនុប្រធានាធិបតី កាម៉ាឡា ហារីស នឹងមកជំនួស។
 
កិច្ចប្រជុំសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨៩ ដើម្បីឆ្លើយតបនឹងការពឹងផ្អែកសេដ្ឋកិច្ចទៅវិញទៅមកដែលកំពុងកើនឡើងនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ការភ័យខ្លាចជប៉ុនដែលជាប្រទេសឧស្សហកម្មជឿនលឿនខ្លាំងនៅពេលនោះ នឹងគ្រប់គ្រងសេដ្ឋកិច្ចក្នុងតំបន់ និងការបង្កើតទីផ្សារថ្មីមួយសម្រាប់ផលិតផលកសិកម្ម និងវត្ថុធាតុដើម៕
 

Tag:
 ចិន
  ថៃ
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com