ជាតិ
​​​ន​យោ​បាយ​ជាតិ​
ប្រតិបត្តិការជាង១ខែនេះ សមត្ថកិច្ច បានជួយជនរងគ្រោះជាង៣០០នាក់ និងឃាត់ជនសង្ស័យ៤១នាក់
29, Sep 2022 , 7:59 pm        
រូបភាព
ប្រតិបត្តិការបង្ក្រាប និងទប់ស្កាត់បទល្មើសជួញដូរមនុស្ស និងឧក្រិដ្ឋផ្សេងៗជាង១ខែនេះ សមត្ថកិច្ច បានជួយជនរងគ្រោះជាង៣០០នាក់ និងបានឃាត់ជនសង្ស័យ៤១នាក់ បញ្ជូនទៅតុលាការ។



តាមរយៈកិច្ចប្រតិបត្តិការ ចាប់ពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២មក សម្ដេច ស ខេង បានទទួលបណ្ដឹងតាមហ្វេសប៊ុក និងប្រព័ន្ធទូរសព្ទទាន់ហេតុការណ៍ ប្រមាណ៣៦៨ករណី ដោយក្នុងនោះជនល្មើសធ្វើសកម្មភាពនៅខេត្តព្រះសីហនុច្រើនជាងគេ រហូតដល់២៤៩ករណី ។ បើតាមរដ្ឋមន្រ្តីមហាផ្ទៃ ក្រុមប្រតិបត្តិការបានរុករកជនល្មើសតាមបណ្ដាទីតាំងសង្ស័យ និងតាមសេចក្ដីរាយការណ៍ ដោយបានជួយជនរងគ្រោះ ៣៦១នាក់ ក្នុងនោះពួកគេរងគ្រោះ ដោយអំពើជួញដូរមាន៩ករណី ដោយមានមនុស្ស៥៤នាក់ និង៦សញ្ជាតិ។
 
បើតាមរដ្ឋមន្រ្តីមហាផ្ទៃ ប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ៤១នាក់ មាន៣សញ្ជាតិ បញ្ជូនទៅតុលាការ រឹបអូសភស្តុតាង និងបិទទីតាំង ដើម្បីស៊ើបអង្កេតប្រមូលភស្តុងតាងបន្ថែម។ «ក្រៅពីនេះ ក៏មានជនរងគ្រោះរាប់រយនាក់ទៀត ត្រូវបានសមត្ថកិច្ចរកឃើញ បើទោះបីជាអ្នកទាំងនោះមិនមែនជាជនរងគ្រោះដោយអំពើជួញដូរមនុស្សក៏ដោយ ក៏ត្រូវសមត្ថកិច្ចរំដោះពីទីតាំងគ្រោះថ្នាក់ ទៅកាន់ទីតាំងសុវត្ថិភាពក្រោមកិច្ចសហការ និងសម្របសម្រួលពីស្ថានទូតពាក់ព័ន្ធដើម្បីពួកគេបានវិលត្រឡប់ទៅប្រទេសកំណើតវិញ»។ នេះបើតាមប្រមុខមហាផ្ទៃ។
 
បើតាមសម្ដេច ស ខេង នៅឆ្នាំ២០២២នេះ ស្របពេលសភាពការណ៍កូវីដ-១៩ បានធូរស្រាល ហើយសេដ្ឋកិច្ច និងសង្គមកម្ពុជាចាប់ផ្ដើមងើបឡើងវិញនោះ កម្ពុជាក៏កើតមានបទល្មើសឆបោកតាមប្រព័ន្ធគមនាគមន៍យ៉ាងគគ្រឹកគគ្រេង ព្រមជាមួយការប្រើប្រាស់មនុស្សដោយបង្ខំ កេងប្រវ័ញ្ចប្រាក់ឈ្នួល បិទសិទ្ធិសេរីភាព និងការប្រើប្រាស់ជនរងគ្រោះជាឧបកណ៍សម្រាប់បោកប្រាស់អ្នកដទៃបន្តទៀត។
 
រដ្ឋមន្រ្តីមហាផ្ទៃ បានបន្តថា បទល្មើសឆ្លងដែននេះ មានខ្សែបណ្ដាញទាំងក្នុង និងក្រៅប្រទេស និងត្រូវបានក្រុមឧក្រិដ្ឋជនលួចលាក់ធ្វើសកម្មភាពយ៉ាងសម្ងាត់តាមបច្ចេកវិទ្យាព័ត៌មាន រួមទាំងបង្ខំមនុស្សធ្វើការដោយគ្មានសេរីភាព និងឃុំឃាំងមនុស្សជំរិតទារប្រាក់ជាដើម។ «ជនល្មើសខ្លះ មានអាវុធខុសច្បាប់ថែមទៀតផង ដែលសកម្មភាពនេះ បើមិនបង្ការទប់ស្កាត់ទេនឹងអាចប៉ះពាល់ដល់សន្តិសុខជាតិនាពេលអនាគត»។ នេះបើតាមសម្ដេច ស ខេង។
 
ជាមួយគ្នានេះ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស បានដាក់ចេញផែនការប្រតិបត្តិការដើម្បីសម្រេចបានគោលការណ៍សំខាន់៤ គឺសង្គ្រោះជនរងគ្រោះ, ស៊ើបអង្កេតរកជនប្រព្រឹត្តបទល្មើស បក្ខពួក និងស្រាវជ្រាវរកមេក្លោង, ត្រួតពិនិត្យប្រមូលភស្តុតាងឈានទៅបិទទីតាំងអាជីវកម្មខុសច្បាប់ ជាពិសេសទីតាំងលេងល្បែងស៊ីសងខុសច្បាប់ ហើយបើរកឃើញថាជាករណីជួញដូរមនុស្ស ត្រូវពន្លាតការស៊ើបអង្កេតរកបទល្មើសសម្អាតប្រាក់៕
 
 

Tag:
 ស ខេង
  ជួញដូរមនុស្ស
© រក្សាសិទ្ធិដោយ thmeythmey.com