ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន ហាមមិនឱ្យកសាងវត្ត និងវិហារសាសនា ក្នុងតំបន់អង្គរបន្ថែមទៀតឡើយ
01, Oct 2022 , 9:20 am        
រូបភាព
ពីពិធីជួបសំណេះសំណាលជាមួយពលរដ្ឋ ដែលស្ម័គ្រចិត្តរើចេញពីតំបន់អង្គរទៅតំបន់រុនតាឯក នៅព្រឹកថ្ងៃទី១ តុលានេះ សម្ដេច ហ៊ុន សែន បានប្រកាសហាមមិនឱ្យកសាងវត្តទីអារាម និងវិហារសាសនា ក្នុងតំបន់រមណីយដ្ឋានអង្គរ បន្ថែមទៀតឡើយ។


 
ប្រមុខរដ្ឋាភិបាល បានបញ្ជាដាច់ណាត់ឱ្យក្រសួងធម្មការ និងសាសនា និងអាជ្ញាធរពាក់ព័ន្ធ ត្រួតពិនិត្យនិងតាមដានឱ្យបានហ្មត់ចត់ ដោយមិនត្រូវអនុញ្ញាតឱ្យមានការកសាងវត្ត ទីអារាម វិហារសាសនាអ៊ីស្លាម និងគ្រិស្តសាសនា នៅតំបន់រមណីយដ្ឋានអង្គរឡើយ។ សម្ដេច ហ៊ុន សែន បានសង្កត់ធ្ងន់ថា ការមិនអនុញ្ញាតឱ្យកសាងបន្ថែមនេះ ដើម្បីងាយស្រួលគ្រប់គ្រងតំបន់វប្បធម៌មួយនេះ មិនឱ្យគេដកចេញពីបញ្ជីបេតិកភណ្ឌយូណេស្កូ។
 
«បើឱ្យកសាងវត្ត វិហារអ៊ីស្លាម គ្រិស្តសាសនា បន្ថែម វានាំឱ្យពិបាកគ្រប់គ្រង»។ នេះបើតាមសម្ដេច ហ៊ុន សែន ដែលបានបន្ថែមថា ទីតាំងអារាម៣៥វត្ត ដែលកំពុងមានវត្តមានបច្ចុប្បន្ន នៅតំបន់មួយ និងតំបន់២ នៅរមណីយដ្ឋានអង្គរ មិនមានការរើរុះចេញ ដូចការរិះគន់នោះទេ។ ប៉ុន្តែមិនអនុញ្ញាតឱ្យមានការ កសាងចេតិយ អាស្រម រូបសំណាក ឬ បដិមា គោរពបូជាណាបន្ថែមទៀតឡើយ។

បន្ថែមពីនេះ សម្ដេច ក៏មិនអនុញ្ញាតឱ្យយកសាកសព ទៅកប់ ឬ បូជា នៅក្នុងវត្តអារាមក្នុងតំបន់រមនីយដ្ឋានអង្គរនោះឡើយ លើកលែងតែចៅអធិការ ឬគ្រូសូត្រស្ដាំ គ្រូសូត្រឆ្វេង ដែលបានគង់នៅវត្តយូរណាស់មកហើយ ។ សម្ដេច ហ៊ុន សែន បញ្ជាឱ្យអាជ្ញាធរអប្សរា អាជ្ញាធរខេត្តសៀមរាប ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងធម្មការនិងសាសនា ត្រូវអនុវត្តកិច្ចការងារឲ្យបាន៕
 
 

Tag:
 ហ៊ុន សែន
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com