ជាតិ
សេដ្ឋកិច្ច
CDC អនុម័តឱ្យក្រុមហ៊ុនចំនួន២១ បោះទុនជាង ១៣០លានដុល្លារ រកស៊ីនៅកម្ពុជា ក្នុងខែកញ្ញា
01, Oct 2022 , 11:19 am        
រូបភាព
front ក្នុងខែកញ្ញា CDC អនុម័តឱ្យក្រុមហ៊ុនចំនួន២១ វិនិយោគទុកជាង ១៣០លានដុល្លារ(រូបភាពពី CDC)
front ក្នុងខែកញ្ញា CDC អនុម័តឱ្យក្រុមហ៊ុនចំនួន២១ វិនិយោគទុកជាង ១៣០លានដុល្លារ(រូបភាពពី CDC)
ដោយ៖​ ហេង ស្រីលីន

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្នុងខែកញ្ញានេះ បានអនុម័តក្រុមហ៊ុនចំនួន២១ដែល​វិនិយោគទុនជាង ១៣០លានដុល្លារ ដើម្បីបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ផលិតផលរគ្រឿងសង្ហារីម និងសាងសង់ប្រព័ន្ធធារាសាស្រ្តនៅកម្ពុជា ។ ការអនុម័តរបស់ CDC ដល់ក្រុមហ៊ុននេះគឺ អាចផ្តល់ការងារដល់ពលរដ្ឋជាង ៣៤ ៨៣៤កន្លែង។


បើតាម CDC ក្រុមហ៊ុនទាំង ២១នោះរួមមាន ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd. គម្រោងបង្កើតរោងចក្រផ្គុំ និងតម្លើងរថយន្តតូយ៉ូតា បានវិនិយោគទុនចំនួន ៣៦,៧លានដុល្លារ ។ ក្រុមហ៊ុន WCFO (Cambodia) Co., Ltd. គម្រោងបង្កើតរោងចក្រផលិតប្រអប់ និងគ្រឿងបង្គុំផ្សេងៗធ្វើពីលោហៈ វិនិយោគទុនចំនួន ៣,៨លានដុល្លារ។ រីឯ ក្រុមហ៊ុន Thirty Three Apparels (Cambodia) Co., Ltd. រោងចក្រកាត់ដេរសម្លៀកបំពាក់ វិនិយោគទុនចំនួន ២,១លានដុល្លារ ។ ក្រុមហ៊ុនទាំងបីនេះ មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ដោយបានបង្កើតការងារដល់ពលរដ្ឋប្រមាណ ៧៥០នាក់ ។ 
 
ក្រុមហ៊ុន A & M Clothing Co., Ltd. បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន ១ លានដុល្លារ និងបង្កើតការងារប្រមាណ ១០០នាក់។ ចំពោះក្រុមហ៊ុន WCFO ASAMA Co., Ltd. គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្ទាប់បន្សំ សម្រាប់ឧបករណ៍បញ្ជូនទិន្នន័យធ្វើពីប្លាស្ទិក បោះទុនវិនិយោគចំនួន ៨០៥ពាន់ដុល្លារ និងផ្តល់ការងារបានប្រមាណ ១០០នាក់។ ក្រុមហ៊ុននេះ មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ រាជធានីភ្នំពេញ។
 
ទន្ទឹងនឹងនោះ ក្រុមហ៊ុន CHINA TING (CAMBODIA) FASHION CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ បានវិនិយោគទុនចំនួនប្រមាណ ៥,៦លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣ ១៥៨កន្លែង។ ក្រុមហ៊ុននេះ មានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងផ្លុង ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ រីឯ ក្រុមហ៊ុន Y.T.I (CAMBODIA) GARMENT CO., LTD រោងចក្រកាត់ដេរសម្លៀកបំពាក់ បានវិនិយោគទុកចំនួនប្រមាណ ៥,៥លានដុល្លារ ដោយផ្តល់ឱកាសការងារបានចំនួន ២១៨៣កន្លែង។
 
ក្រុមហ៊ុន SKY CLOTHING (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ បានវិនិយោគទុនចំនួនប្រមាណ ៥,៤លានដុល្លារ និងបង្កើតការងារបានចំនួន ១ ៣៤៧កន្លែង។ ក្រុមហ៊ុននេះ មានទីតាំងវិនិយោគស្ថិតនៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
 
នៅថ្ងៃទី២០  ខែកញ្ញា ចក្រកាត់ដេរសម្លៀកបំពាក់ នៃក្រុមហ៊ុន MI QI (CAMBODIA) GARMENT CO., LTD ​បានបោះទុនវិនិយោគចំនួណប្រមាណ ៥,៦លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១ ៨៨៦៣កន្លែង។ រោងចក្រនេះ មានទីតាំងស្ថិតនៅភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
 
ដោយឡែក ក្រុមហ៊ុន HOME STYLE LIVING CO., LTD. គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម និងពូកគ្រប់ប្រភេទ គឺបានវិនិយោគទុនចំនួន៦,៦ លានដុល្លារ និងបង្កើតការងារបានចំនួនប្រមាណ ៣៨០កន្លែង។ គម្រោងនេះ មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត ខេត្តស្វាយរៀង។ ចំណែក ក្រុមហ៊ុន MCL HANDBAG FACTORY (CAMBODIA) COMPANY LIMITED. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ បានវិនិយោគចំនួន ៦,៥ លានដុល្លារនិងអាចបង្កើតការងារបានចំនួនប្រមាណ ៨៥០កន្លែង។
 
គម្រោងបន្ទាប់ គឺក្រុមហ៊ុន GREEN LINK ELECTRIC CO., LTD​ បោះទុនចំនួន ៥,៥លានដុល្លារនិងក្រុមហ៊ុន RAINBOW LIGHTING CO., LTD. បោះទុនចំនួន ៥,៣លានដុល្លារ ដែលជារោងចក្រផលិតអំពូលភ្លើងគ្រប់ប្រភេទ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ ផាក ខេត្តស្វាយរៀង និងអាចបង្កើតការងារប្រមាណ ១ ៦៧០កន្លែង។
 
ចំពោះក្រុមហ៊ុន ORIENDA INTERNATIONAL HOSPITAL CO., LTD គម្រោងសាងសង់ និងអាជីវកម្មមន្ទីរពេទ្យអន្តរជាតិ ចំនួន ១១៧គ្រែ គឺមានទីតាំងវិនិយោគស្ថិតនៅផ្លូវដួងងៀប២ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។ គ្រោងនេះមានទុនវិនិយោគ ២១លានដុល្លារ និងអាចបង្កើតការងារចំនួន ១៧៨កន្លែង។
 
ក្នុងនោះក៏មានក្រុមហ៊ុន NEW WORLD HEART & VASCULAR HOSPITAL CO., LTD គឺជាគម្រោងសាងសង់ អាជីវកម្មមន្ទីរពេទ្យបេះដូង និងសរសៃឈាម ចំនួន ៣០០គ្រែ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលេខ ១៩៣៤ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ គ្រោងនេះ​បានបោះទុកចំនួន ២០លានដុល្លារ និងអាចបង្កើតការងារចំនួន ៣៤៨កន្លែង។
 
ចំណែកក្រុមហ៊ុន TRY PHEAP KOH TUNSAY RESORTS CO., LTD គម្រោងអភិវឌ្ឍន៍កោះត្បាល់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប បានបោះទុនវិនិយោគចំនួន ១៧លានដុល្លារអាមេរិក និងបង្កើតការងារចំនួន ១០៥កន្លែង។ រីឯ ក្រុមហ៊ុន GLOBAL PASS BIOTECHNOLOGY CO., LTD គម្រោងបង្កើតរោងចក្រកែច្នៃម្ហូបអាហារ បានបោះទុនវិនិយោគប្រមាណ ៧,២លានដុល្លារអាមេរិក និងអាចបង្កើតការងារចំនួន ១៣២កន្លែង។ រោងចក្រនេះ មានទីតាំងនៅភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
 
បន្ទាប់មកគឺ ក្រុមហ៊ុនYURA HARNESS (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផ្គុំដំឡើងខ្សែគ្រឿងអេឡិចត្រូនិក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទួលធ្នង់ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៦,៨លានដុល្លារ និងបង្កើតការងារចំនួន ៥១៤កន្លែង។ ចំណែក ក្រុមហ៊ុន RISE STEADY FOOTWEAR MATERIAL (CAMBODIA) CO., LTD គឺជាគម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាសែន ឃុំសូទិប ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ រោងចក្រនេះ បានបោះទុនវិនិយោគចំនួនប្រមាណ ៦,៥លានដុល្លារ និងបង្កើតការងារបានចំនួន ៥៤៨កន្លែង។
 
ដោយឡែក ក្រុមហ៊ុន TWHQ GARMENTS CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៨ ភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៩៥៨កន្លែង។ និងចុងក្រោយ គឺក្រុមហ៊ុន COBEST (CAMBODIA) FIRST GARMENT CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំ ងទួល សង្កាត់កំបូល ខណ្ឌកំបូល។ ក្រុមហ៊ុននេះ បានបោះទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៦៥០កន្លែង។
 
គួរបញ្ជាក់ថា ការវិនិយោគក្នុងខែកញ្ញានេះ គឺមានការកើនឡើងបើធៀបនឹងខែសីហា កន្លងទៅដែលបានអនុម័តក្រុមហ៊ុនចំនួន១២ និង​វិនិយោគទុនជាង ៣៧លានដុល្លារ ដើម្បីបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ផលិតអំបោះ និងផលិតផលរគ្រឿងសង្ហារិមនៅកម្ពុជា៕
 

Tag:
 ThmeyThmey
  CDC
  រោងចក្រ
© រក្សាសិទ្ធិដោយ thmeythmey.com