ជាតិ
សួនបដិសណ្ឋារកិច្ច ធ្វើឱ្យអង្គរវត្តកាន់តែមានសោភ័ណភាព
02, Oct 2022 , 8:59 am        
រូបភាព
ដោយ:
សៀមរាប៖ អាជីវករ និងអ្នកទេសចរ ពេញចិត្តចំពោះការរៀបចំរបស់អាជ្ញាធរជាតិអប្សរា ដែលធ្វើឱ្យរមណីយដ្ឋានអង្គរ ជាពិសេសសួនបដិសណ្ឋារកិច្ចអង្គរមានសម្រស់យ៉ាងទាក់ទាញ។ អាជីវករនៅទីនោះ ទទួលបានកន្លែងលក់ដូរស្រួលជាងមុនដោយមិនបារម្ភពីបញ្ហាភ្លៀង ឬដីហុយឡើយ។ ចំណែកភ្ញៀវទេសចរ រំភើបពេលរមណីយដ្ឋានអង្គរពោរពេញដោយធម្មជាតិពណ៌បៃតង។

 
អាហារដ្ឋាន តូបលក់សម្លៀកបំពាក់ ហាងកាហ្វេ និងហាងលក់វត្ថុអនុស្សាវរីយ៍ ធ្វើឡើងពីថ្ម និងប្រកក្បឿងពណ៌ក្រហមត្រូវបានរៀបចំយ៉ាងរៀបរយនៅសួនបដិសណ្ឋារកិច្ចមុខប្រាសាទអង្គរវត្ត។ ទិដ្ឋភាពនេះខុសប្លែកពីប្រមាណ ២ឆ្នាំមុខយ៉ាងខ្លាំង។ ពីមុនមុខប្រាសាទអង្គរវត្ត មានតូបលក់ដូរប្រក់ស្បូវ ឬស្លឹកពាសពេញ និងរទេះលក់ដូរ ដែលធ្វើឱ្យសម្រស់មុខប្រាសាទមួយនេះមិនស្អាតដូចបច្ចុប្បន្នឡើយ។ 
 
នារសៀលថ្ងៃច័ន្ទ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដើរទៅដើរមក និងងាកភ្នែកមើលតូបលក់របរតាមដងផ្លូវតូច ដែលក្រាលឥដ្ឋថ្ម សម្រាប់ឱ្យទេសចរដើរទៅកាន់មុខប្រាសាទអង្គរវត្ត។ សំឡេងអ្នកលក់ពីមួយតូបៗ ស្រែកហៅអ្នកទេសចរឱ្យចូលទិញទំនិញរបស់ពួកគេ ធ្វើឱ្យសួនបដិសណ្ឋារកិច្ចមួយនេះមិនស្ងប់ស្ងាត់ឡើយ ។ អាជីវករមិនចាំបាច់ឈរលក់នៅហាលថ្ងៃទៀតទេ នាពេលបច្ចុប្បន្ន។ ពួកគេឈរលក់នៅក្នុងតូបដែលមានប្រក់ក្បឿង និងមានកង្ហារមិនឱ្យក្ដៅនោះទេ។
 
មិនខុសពីតូបដទៃ តូបអាហារមួយស្ថិតជាប់ផ្លូវ មានលក់ម្ហូបជាច្រើនដូចជាបាយ ត្រីអាំង អំពិលបុក ប្រហុកអាំង មាន់អាំង និងម្ហូបជាច្រើនមុខទៀត ដែលស្ត្រីវ័យកណ្ដាលម្នាក់កំពុងអាំងសាច់បណ្ដើរស្រែកហៅ អ្នកទេសចរឱ្យចូលពិសារអាហាររបស់ខ្លួនបណ្ដើរ។ អ្នកស្រី មង្គល សេរី ប្រកបរបរលក់បាយមុខប្រាសាទអង្គរវត្តប្រមាណ ២០ឆ្នាំមកហើយ។ ដំបូងអ្នកស្រីលក់បាយនៅក្នុងតូបមួយដែលប្រក់ដោយស្បូវ។ ពេលភ្លៀងម្ដងៗទឹកសាចផង ហូរពីលើដំបូលផង ដែលធ្វើឱ្យកន្លែងលក់ដូរមួយនេះពិបាកឱ្យទេសចរចូលពិសារអាហារណាស់។
 
នាថ្ងៃមួយក្រុមការងារនៃអាជ្ញាធរជាតិអប្សរា បានប្រាប់អ្នកស្រីពីគម្រោងធ្វើសួនបដិសណ្ឋារកិច្ចមួយមុខប្រាសាទអង្គរវត្ត និងរៀបចំកន្លែងលក់ដូរឱ្យត្រឹមត្រូវ។ ពេលនោះអ្នកស្រី សេរី បានយល់ព្រមភ្លាមៗជាមួយសំណើរនេះ ដោយរំពឹងថានឹងទទួលបានកន្លែងលក់ដូរស្អាត និងមានរបៀបរៀបរយ។ ក្ដីរំពឹងនេះបានក្លាយជាការពិត។ អ្នកស្រីទទួលបានតូបលក់បាយមួយ ដែលមានទំហំសមល្មមសម្រាប់ដាក់តុទទួលភ្ញៀវចំនួន៤ និងមានកន្លែងចម្អិនអាហារត្រឹមត្រូវ។
  

អ្នកស្រី មង្គល សេរី អាជីវករលក់បាយនៅសួនបដិសណ្ឋារកិច្ចអង្គរ។

អ្នកស្រី មង្គល សេរី សប្បាយចិត្តយ៉ាងខ្លាំង ក្រោយមានតូបលក់បាយមួយនៅជាប់ផ្លូវ។ «ពេលគេប្រាប់ថា គេឱ្យរើតូបចាស់ចេញហើយគេរៀបចំកន្លែងលក់ថ្មី។ ខ្ញុំគិតក្នុងចិត្តថាប្រាកដជាស្អាតជាងមុនហើយ ខ្ញុំក៏យល់ព្រមភ្លាមៗ។ ឥឡូវមានកន្លែងលក់ស្រួលខ្ញុំសប្បាយចិត្តណាស់។ កាលមុនភ្ញៀវថាអត់អនាម័យដោយសារតូបយើងប្រក់ស្លឹក តែឥឡូវមានកន្លែងលក់ស្អាត ហើយភ្ញៀវក៏គេពេញចិត្តដែរ»។ នេះជាការរៀបរាប់របស់អ្នកស្រី សេរី។
 
យ៉ាងណាមិញ ក្រោយប្ដូរមកលក់នៅតូបអាហារថ្មីរយៈពេលប្រមាណ ២ឆ្នាំនេះ អ្នកស្រី មង្គល សេរី មិនទាន់មានភ្ញៀវច្រើនទេ ព្រោះបញ្ហាកូវីដ-១៩។ ទើបតែអំឡុងឆ្នាំ២០២២នេះ អាហារដ្ឋានអ្នកស្រីមានភ្ញៀវចេញចូលជាប្រចាំវិញ។ ជាមួយគ្នានេះ ស្រ្តីវ័យ ៥៦ឆ្នាំរូបនេះ សង្ឃឹមថា ស្ថានភាពភ្ញៀវទេសចរនឹងបន្តល្អប្រសើរឡើង ហើយធ្វើឱ្យអាជីវកម្មរបស់អ្នកស្រី ទទួលបានការគាំទ្រពីភ្ញៀវកាន់តែច្រើន។
 
នៅជាប់តូបលក់អាហារមួយនេះ មានតូបមួយទៀតដែលបានតាំងលក់គ្រឿងម្ជូរស្រស់ជាច្រើនមុខដូចជា ត្របែក ម្កាក់ ស្វាយខ្ចី និងម្ជូរត្រាំមួយចំនួនទៀត។ ទូរតាំងម្ជូរមានផ្លែឈើស្រស់មួយចំនួន ត្រូវបានដាក់តាំងលើកញ្ច្រែងមួយ ក្បែរម៉ាស៊ីនក្រឡុកផ្លែឈើ ក្នុងតូបរបស់អ្នកស្រី យន ចន្ថា។ អ្នកស្រី ចន្ថា បានប្ដូរពីលក់ម្ជូរនៅតូបដែលប្រក់ដោយស្បូវ មុខប្រាសាទអង្គរវត្ត មកលក់នៅសួនបដិសណ្ឋារកិច្ចមុខអង្គរ ប្រមាណ១ឆ្នាំមកហើយ។
 
មិនខុសពីអ្នកស្រី មង្គល សេរី អាជីវករលក់ម្ជូររូបនេះ ក៏បានបង្ហាញការពេញចិត្តដែលទទួលបានតូបលក់ដូរមួយស្អាត មានអនាម័យ និងទំហំល្មមសម្រាប់ការរកស៊ី។ សម្រាប់អ្នកស្រី យន ចន្ថា ការលក់ដូរក្នុងតូបថ្មីដែលអាជ្ញាធរជាតិអប្សរាបានរៀបចំនេះ គឺងាយស្រួលជាងលក់នៅកន្លែងចាស់ ព្រោះទីនេះអ្នកស្រីមិនចាំបាច់បារម្ភពីបញ្ហាភ្លៀង ឬដីហុយនោះទេ។ ម៉្យាងទៀតនៅតូបថ្មីនេះ ភ្ញៀវក៏បានសរសើរថា មានអនាម័យ និងសណ្ដាប់ធ្នាប់។
 
«ខ្ញុំសប្បាយចិត្ត ទោះឥឡូវមិនសូវមានភ្ញៀវ។ ប៉ុន្តែតទៅមុខទៀតខ្ញុំជឿថានឹងមានភ្ញៀវច្រើនហើយ យើងលក់ដាច់។ ឥឡូវនេះកន្លែងស្អាតជាងមុន មិនដូចមុនកន្លែងលក់ដូរគ្មានសណ្ដាប់ធ្នាប់ល្អ។ ណាមួយឥឡូវកូវីដអ៊ីចឹង គេត្រូវការកន្លែងស្អាត អនាម័យ។ ដូច្នេះលក់កន្លែងនេះគ្រាន់បើជាងលក់តាមរទេះ។ ភ្ញៀវមើលមកឃើញស្អាតគេចូលទិញ»។ នេះជាការរៀបរាប់របស់អ្នកស្រី យន ចន្ថា។ 
 
ក្រៅពីអាជីវករទាំងពីរ ភ្ញៀវទេសចរមួយចំនួនក៏បង្ហាញភាពរីករាយ និងភ្ញាក់ផ្អើលពេលឃើញបរិវេណមុខប្រាសាទអង្គរវត្តស្អាតជាងមុន។ ភ្ញៀវទេសចរជាតិ-អន្តរជាតិជាច្រើនកំពុងដើរទស្សនាប្រាសាទ និងបរិវេណសួនបដិសណ្ឋារកិច្ចមុខប្រាសាទអង្គរតូច។ ក្នុងនោះស្រ្តីចំណាស់ ២នាក់កំពុងដើរទស្សនាមុខប្រាសាទអង្គរតូចជាមួយ នឹងទឹកមុខញញឹម ប្រកបដោយភាពសប្បាយរីករាយ។
  

អ្នកស្រី ឆើយ ភា និងអ្នកស្រី ញីម ឡុង។

អ្នកស្រី ឆើយ ភា និងអ្នកស្រី ញីម ឡុង ខកខានមកកម្សាន្តនៅរមណីយដ្ឋានអង្គរជាច្រើនឆ្នាំហើយ។ ពេលឡានក្រុងដែលអ្នកទាំង២ជិះរំកិលខ្លួនដល់ក្នុងរមណីយដ្ឋានអង្គរ ស្ត្រីទាំង២រូបនេះ ទទួលបានអារម្មណ៍ខុសប្លែកពីការមកកម្សាន្តនៅរមណីយដ្ឋានអង្គរលើកមុន។ 
 
«មកពីមុនឃើញមានរទេះរុញលក់ តែមកលើកនេះស្អាត ប្លែក។ ពេលនៅផ្ទះខ្ញុំមើលទូរទស្សន៍ ឃើញគេធ្វើស្ពានស្អាត ឥឡូវមកដល់ស្អាតជាងមុន។ ខ្ញុំសប្បាយចិត្ត រីករាយណាស់ពេលមកដល់។ មើលទៅធម្មជាតិខៀវស្រងាត់ ជាមួយប្រាសាទអង្គវត្ត មើលទៅស្អាតហ្មង»។ អ្នកស្រី ឆើយ ភា រៀបរាប់ប្រាប់សារព័ត៌មានThmeyThmey25 ទាំងទឹកមុខញញឹម។
 
ចំណែកអ្នកស្រី ញីម ឡុង ដែលឈរក្បែរអ្នកស្រី ឆើយ ភា ក៏បង្ហាញក្ដីរំភើបមិនចាញ់ម្ដាយមីងរបស់ខ្លួនដែរ។ អ្នកស្រីភា រៀបរាប់ទាំងក្ដីរំភើបដូច្នេះ៖ «ខ្ញុំមកពីធ្វើបុណ្យខេត្តផ្សេង ហើយថែមលុយឱ្យអ្នកបើកឡាន ៥ម៉ឺនទៀតឱ្យគេជូនមកមើលប្រាសាទ ពេលមកដល់រំភើបព្រោះស្អាតជាងមុន ទោះអស់លុយក៏អត់ស្ដាយដែរ។ ឥឡូវមកស្ងប់ស្ងាត់ ធម្មជាតិខៀវបំព្រង»។
 
បន្ទាប់ពីបានឃើញសម្រស់អង្គរ អ្នកទាំងពីរ នឹងនាំគ្រួសារ ឱ្យទៅលេងសៀមរាបម្ដង។ លើសពីនេះ អ្នកស្រី ញីម ឡុង និងអ្នកស្រី ឆើយ ភា អះអាងថានឹងណែនាំអ្នកជិតខាង ឱ្យមកទស្សនារមណីយដ្ឋានអង្គរ ដែលមានសម្រស់យ៉ាងត្រកាលនេះ៕ 
 

តូបលក់ដូររបស់អាជីវករនៅខាងប្រាសាទអង្គរតូច ពេលអាជ្ញាធរជាតិអប្សរា មិនទាន់ធ្វើសួនបដិសណ្ឋារកិច្ច

ភ្ញៀវទេសចរចូលទិញម្ហូបនិងបាយនៅ តូបលក់អាហាររបស់អ្នកស្រី មង្គល សេរី មានទីតាំងនៅសួនបដិសណ្ឋារកិច្ចអង្គរ។

អ្នក យន ចន្ថា អាជីវករលក់ម្ជួរនៅសួនបដិសណ្ឋារកិច្ចអង្គរ។

 

Tag:
 ThmeyThmey25
  សម្ភាស
  វីដេអូ
© រក្សាសិទ្ធិដោយ thmeythmey.com