កីឡាអន្តរជាតិ
អន្តរជាតិ
ប្រធាន IOC ៖ អត្តពលិកដែលមិនគាំទ្ររុស្ស៊ី លុកលុយអ៊ុយក្រែន អាចវិលត្រលប់ចូលប្រកួតវិញបាន
01, Oct 2022 , 5:19 pm        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) កំពុងតែពិចារណាចំពោះការអនុញ្ញាតិឱ្យវិលត្រលប់មកវិញ នៃអត្តពលិករុស្ស៊ីសម្រាប់ការប្រកួត ។ ប៉ុន្តែសម្រាប់តែអត្តពលិកណាដែលបង្ហាញជំហរមិនគាំទ្រ ការលុកលុយប្រទេសអ៊ុយក្រែនពីសំណាក់រុស្ស៊ីតែប៉ុណ្ណោះ។ នេះបើតាមសម្តីលោក Thomas Bach ប្រធាន IOC ថ្ងៃទី៣០ ខែកញ្ញា។

 
IOC ជាស្ថាប័នកីឡាករដ៏ធំមួយប្រចាំពិភពលោកដែលបានចូលរួមចំណែកដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី ជុំវិញបញ្ហាសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន ដែលកំពុងតែបន្តឥតឈប់ឈរ។ ក្រៅពីរុស្ស៊ីត្រូវរងការដាក់ទណ្ឌកម្មហើយ ប្រទេសបេឡ៉ារុសក៏ត្រូវបាន IOC ហាមឃាត់សម្រាប់ការប្រកួតផងដែរ ដោយសារប្រទេសនេះ បានផ្តល់ទីតាំងដល់រុស្ស៊ីវាយលុកអ៊ុយក្រែន។
 
បើតាមលោក ​Thomas Bach និយាយប្រាប់ទៅកាន់កាសែតអ៊ីតាលីមួយដែលមានឈ្មោះថា Corriere della Sera ពេលនេះមិនមែនជាពេលសម្រាប់រុស្ស៊ីក្នុងការវិលត្រលប់មកវិញនោះទេ ប៉ុន្តែមានអត្តពលិកមួយចំនួន ដែលកាន់លិខិតឆ្លងដែនរុស្ស៊ី និងជាអ្នកមិនគាំទ្រសង្គ្រាមនៅអ៊ុយក្រែនដែរ។ ប្រធាន IOC រូបនេះក៏បានអះអាងបន្ថែមទៀតថា អត្តពលិកទាំងនោះអាចវិលមកប្រកួតវិញបាន។
 
«វាមិនជារឿងចាំបាច់ដែលត្រូវឱ្យរុស្ស៊ីវិលត្រលប់មកការប្រកួតវិញនោះទេ ប៉ុន្តែ វាគឺជារឿងដែលអាចមានអត្តពលិកមកប្រកួត ជាមួយលិខិតឆ្លងដែនដែលជាជនជាតិរុស្ស៊ី ហើយពួកគេមិនគាំទ្រសង្គ្រាមដែលកំពុងបន្តកើតមាននៅក្នុងប្រទេសអ៊ុយក្រែនក្នុងការប្រកួតប្រជែង។ ការហាមឃាត់នេះក៏មកពីបញ្ហាខាងយើងដែរ សង្គ្រាមនេះមិនមែនជាអត្តពលិកជាអ្នកបង្កឡើយ តែយើងបានឃើញថារដ្ឋាភិបាលមួយចំនួន មិនចង់គោរពស្វ័យភាពនៃកីឡាអន្តរជាតិទាល់តែសោះ ហើយយើងនឹងធ្វើការងារដើម្បីអាចឱ្យអ្នកគ្រប់គ្នាវិលត្រលប់មកប្រកួតវិញបាន។»។ លោក Bach បាននិយាយបែបនេះ។
 
សូមរំលឹកថា មិនមែនត្រឹមតែស្ថាប័ន IOC ម្នាក់ប៉ុណ្ណោះ ដែលបានដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី ក្នុងនោះក៏មានស្ថាប័នកីឡាធំៗដូចជា សហព័ន្ធបាល់ទាត់ពិភពលោក FIFA ,សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA បានថ្កោលទោស និងដាក់ទណ្ឌកម្មជាបន្តបន្ទាប់។ ចំណែកស្ថាប័នកីឡាអន្តរជាតិនានាលើពិភពលោក ក៏បានហាមឃាត់លើអត្តពលិកមកពីប្រទេសរុស្ស៊ីក្នុងការប្រកួតផងដែរ៕
 

Tag:
 IOC
  Russia
© រក្សាសិទ្ធិដោយ thmeythmey.com