ជាតិ
ទេសចរមួយចំនួន មិនឱ្យតម្លៃភ្នាក់ងារទេសចរណ៍ និងក្រមប្រតិបត្តិអង្គរ
02, Oct 2022 , 9:59 pm        
រូបភាព
ដោយ:
ក្រមប្រតិបត្តិអង្គរប្រៀបដូចជា ឆ័ត្រការពារប្រាសាទ ពីការសឹករេចរឹល និងការបាត់បង់ការគោរព។ លើសពីនេះការគោរពក្រមប្រតិបត្តិអង្គរ ជាការឱ្យតម្លៃប្រាសាទ។ ប៉ុន្តែភ្ញៀវទេសចរមួយចំនួនមិនទាន់យល់ និងស្គាល់ក្រមប្រតិបត្តិអង្គរឡើយ។ តើក្រមប្រតិបត្តិអង្គរមានអ្វីខ្លះ? ហេតុអ្វីក្រមមួយនេះមានសារៈសំខាន់សម្រាប់ប្រាសាទ?

 
 
ក្រមប្រតិបត្តអង្គរនៅតាមប្រាសាទទាំងអស់ក្នុងរមណីយដ្ឋានអង្គរសុទ្ធតែដូចគ្នា។ ក្រមនេះមាន ៧ចំណុច ដូចជាហាមប៉ះប្រាង្គប្រាសាទ ការស្លៀកពាក់មិនសមរម្យ ឡូឡានៅកន្លែងសក្ការៈ ទីតាំងហាមឃាត់ ការពិសារបារី និងចោលសំរាម ការឱ្យលុយទៅក្មេងៗ និងការថតរូបជាមួយព្រះសង្ឃដោយគ្មានការអនុញ្ញាត។
 
អ្នកស្រី ឈឹប រដ្ឋនា ជាអនុប្រធានភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា ប្រាប់សារព័ត៌មានThmeyThmey25ថា ក្រមប្រតិបត្តិអង្គរមានសារៈសំខាន់ណាស់សម្រាប់តម្លៃនៃប្រាសាទ។ ប្រាសាទ ជាកន្លែងសក្ការៈ និងជាកេរដំណែលដូនតាខ្មែរ។ ក្រមប្រតិបត្តិអង្គរជាផ្នែកមួយ សម្រាប់រក្សាប្រាសាទឱ្យនៅគង់វង្ស និងមានតម្លៃជានិរន្ត។
 
ក្រមប្រតិបត្តិអង្គរក៏ជាផ្នែកមួយការពារការសឹករេចរឹលនៃសំណង់ប្រាសាទដែរ។ អ្នកស្រី ឈឹប រដ្ឋនា ប្រាប់សារព័ត៌មានThmeyThmey25ដូច្នេះ៖«ក្រមប្រតិបត្តិអង្គរ ហាមមិនឱ្យទេសចរប៉ះចម្លាក់ប្រាសាទ ព្រោះអាចធ្វើឱ្យចម្លាក់ធ្លាក់។ ដៃរបស់ភ្ញៀវគាត់បែកញើស ឬគាត់លាបឡេ លាបម្សៅ ហើយពេលប៉ះប្រាសាទម្នាក់បន្តិចៗ យូរៗទៅធ្វើថ្មប្រាសាទសឹករលោង យូរៗទៅថ្មធ្លាក់»។ 
 
ចំណែកក្រមប្រតិបត្តិអង្គរត្រង់ចំណុចហាមទេសចរ មិនឱ្យស្លៀកខ្លី និងអាវដៃវាលចូលប្រាសាទ ត្រូវបានអ្នកស្រី រដ្ឋនា ពន្យល់ថា ប្រាសាទទាំងអស់ជាទីសក្ការៈ និងជំនឿរបស់ប្រជាជនខ្មែរ។ ការហាមទេសចរមិនឱ្យចូលប្រាសាទពេលស្លៀកពាក់មិនសមរម្យ គឺដើម្បីបង្ហាញការគោរព និងឱ្យតម្លៃប្រាង្គប្រាសាទ ក៏ដូចជាបុព្វបុរសខ្មែរ។
 
យ៉ាងណាមិញក្នុងក្នុងចំណោម ក្រមទាំង៧នេះ ក្រមចំនួន២ដែលអ្នកថែប្រាសាទថា ពិបាកហាមឃាត់ គឺការស្លៀកពាក់មិនសមរម្យ និងការប៉ះប្រាង្គប្រាសាទ។ ទេសចរខ្លះចេញពីកន្លែងកម្សាន្តមួយ រួចគាត់បន្តដំណើរចូលទស្សនាប្រាសាទដោយសម្លៀកបំពាក់ខ្លី ដូច្នេះភ្នាក់ងារទេសចរណ៍តាមប្រាសាទតម្រូវឱ្យគាត់យកកន្សែង ឬកំណាត់ស្លៀកពីលើទើបអាចចូលប្រាសាទបាន។ ប៉ុន្តែទេសចរខ្លះ ខឹង និងមិនពេញចិត្តចំពោះបំរាមទាំងនោះឡើយ។


អ្នកស្រី ឈឹប រដ្ឋនា អនុប្រធានភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា។​
 
«ភ្ញៀវទេសចរខ្លះគាត់យល់។ គាត់ទៅទិញកន្សែង ឬកំណាត់ពាក់ពីលើ។ តែអ្នកខ្លះគាត់សួរយើងវិញថា យ៉ាងមិច គ្រាន់តែស្លៀកអ៊ីចឹងចូលមិនបាន? បើមិនឱ្យចូលអត់ទៅ គាត់មិនចង់មើលទេគ្រាន់តែប្រាសាទ»។ នេះជាពាក្យសម្ដីដែលអ្នកស្រី ឈឹប រដ្ឋនា និងក្រុមការងារភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា បានជួបប្រទះ។
 
ចំណែកការហាមទេសចរមិនឱ្យប៉ះប្រាសាទ មិនមែនជារឿងងាយស្រួលឡើយសម្រាប់ភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា។ ក្រុមការងារត្រូវពង្រាយគ្នាតាមជ្រុងប្រាសាទនីមួយៗ ដើម្បីតាមដានសកម្មភាពភ្ញៀវទេសចរម្នាក់ៗយ៉ាងយកចិត្តទុកដាក់ មិនឱ្យដាច់កន្ទុយភ្នែកឡើយ។ ពេលខ្លះក្រុមការងារភ្នាក់ងារទេសចរទទួលបានការលើកទឹកចិត្តពីភ្ញៀវ តែខ្លះទៀតក៏ត្រូវបានភ្ញៀវស្ដីបន្ទោសវិញដែរ។
 
ទោះជួបបញ្ហាច្រើនក្នុងការថែទាំប្រាសាទ និងឱ្យទេសចរអនុវត្តក្រមប្រតិបត្តិអង្គរ តែអ្នកស្រី រដ្ឋនា រីករាយនឹងរបរនេះយ៉ាងខ្លាំង។ «ខ្ញុំពិតជាសប្បាយចិត្តជាមួយការងារមួយនេះ ព្រោះខ្ញុំគ្មានថវិកា។ តែខ្ញុំបានធ្វើជាចំណែកមួយដែលថែរក្សាប្រាសាទ សល់ពីដូនតាខ្មែរ។ យើងស្រឡាញ់ យើងចូលចិត្ត ដោយសារតែខ្ញុំជាអ្នកភូមិព្រះដាក់។ អ៊ីចឹងខ្ញុំមិនបានជួយអី ក៏យើងបានជួយមើលថែប្រាសាទ ដែលយើងនៅជិត»។ នេះជាការរៀបរាប់របស់អ្នកស្រី ឈឹប រដ្ឋនា៕
 
 
 
 
 

Tag:
 ThmeyThmey25
  អង្គរ
  សម្ភាស
  វីដេអូ
  ឈឹប រដ្ឋនា
© រក្សាសិទ្ធិដោយ thmeythmey.com