ជាតិ
បោះឆ្នោត
ព្រះមហាក្សត្រ អបអរពលរដ្ឋ ដែលទៅបោះឆ្នោតរើសសមាជិកឃុំ-សង្កាត់ដោយសេរី និងតាមលទ្ធិប្រជាធិបតេយ្យ
03, Oct 2022 , 10:59 am        
រូបភាព
ព្រះមហាក្សត្រ ស្តេចយាងជួបប្រជានុរាស្រ្តនាពេលកន្លងមក (រូបពីទំព័រហ្វេសប៊ុក Royal du Cambodge)។
ព្រះមហាក្សត្រ ស្តេចយាងជួបប្រជានុរាស្រ្តនាពេលកន្លងមក (រូបពីទំព័រហ្វេសប៊ុក Royal du Cambodge)។
ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ទ្រង់បានចូលរួមអបអរសាទរប្រជាពលរដ្ឋ ដែលទៅចូលរួមបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ កាលពីខែមិថុនា ឆ្នាំ២០២២ ដើម្បីជ្រើសរើសអ្នកដឹកនាំនៅថ្នាក់មូលដ្ឋានប្រកបដោយសេរីភាព និងតាមលទ្ធិប្រជាធិបតេយ្យ។ ការអបអរសាទររបស់ទ្រង់ ធ្វើឡើងតាមរយៈព្រះរាជសារ ដែលប្រទានទៅកាន់រដ្ឋសភា ខណៈរដ្ឋសភា បានបើកបវេសនកាលឡើងវិញ នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២។



ក្រៅពីអបអរសាទរដល់ប្រជាពលរដ្ឋ ដែលបានទៅបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ព្រះករុណាជាម្ចាស់ជីវិតលើត្បូង ទ្រង់បង្ហាញសេចក្តីសព្វព្រះរាជហឫទ័យយ៉ាងខ្លាំង ចំពោះការបើកប្រទេសឲ្យដំណើរការលើគ្រប់វិស័យឡើងវិញ។ ជាមួយគ្នានេះ ព្រះអង្គ បានសរសើរទាំងរដ្ឋាភិបាល ទាំងរដ្ឋសភា។
 
ព្រះករុណា មានព្រះបន្ទូលថា ស្ថានភាពល្អប្រសើរនេះ គឺដោយសារការប្រឹងប្រែងរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន រួមទាំងមានការគាំទ្រពីប្រជាជនទូទាំងប្រទេស ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ជិត៣ឆ្នាំមកនេះ។ ព្រះរាជា ទ្រង់មានព្រះរាជឱង្ការទៀតថា សម្តេច ហេង​ សំរិន ប្រធានរដ្ឋសភា និងសមាជិករដ្ឋសភាទាំងអស់  បានដឹកនាំរដ្ឋសភា ដែលជាស្ថាប័ននីតិបញ្ញត្តិ លើការងារអនុម័តច្បាប់នានា ដើម្បីឲ្យស្របតាមបរិយាកាសនយោបាយ និងស្ថានភាពសង្គម។ 
 
សូមរម្លឹកខ្លីអំពីការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ថា ការបោះឆ្នោតនេះ មានគណបក្ស១៧ ដែលចូលរួមប្រកួតប្រជែង។ មានតែគណបក្សប្រជាជនកម្ពុជា និងគណបក្សភ្លើងទៀនប៉ុណ្ណោះ ដែលទទួលបានអាសនៈច្រើនជាងគេ ដោយគណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈជាង៩ពាន់ ឯគណបក្សភ្លើងទៀន ទទួលបានអាសនៈជាង២ពាន់៕  
 

Tag:
 បោះឆ្នោត
  ព្រះមហាក្សត្រ
© រក្សាសិទ្ធិដោយ thmeythmey.com