ជាតិ
អាជីវករតាមដងផ្លូវខ្លះ ធ្លាក់ចុះចំណូល នារដូវវស្សា
03, Oct 2022 , 4:38 pm        
រូបភាព
ដោយ៖ សែម ប្រាក់ដាវ,ចៀន និតា

ភ្នំពេញ៖ អាជីករតាមដងផ្លូវខ្លះ ប្រឈមការធ្លាក់ចុះចំណូលនារដូវវស្សានេះ ដោយសារតែភ្លៀងធ្លាក់ច្រើន ។ 

 
ជាអាជីវករ លក់សាច់អាំងនិងនំបុ័ងសាច់ នៅម្ដុំបឹងត្របែក លោក ជា ណម ហាក់ពិបាកលក់ដូរបន្តិចនារដូវវស្សា ដែលមានភ្លៀងធ្លាក់ច្រើននេះ។ នោះក៏ព្រោះតែមនុស្សម្នា ក៏ពិបាកក្នុងការចេញក្រៅទិញចំណីអាហារ ដោយសារបញ្ហាភ្លៀងដែរ។ លោក ណម ដែលធ្លាប់តែលក់នំប័ុងសាច់អស់១០០ដើមក្នុងមួយថ្ងៃនោះ បានធ្លាក់ចុះចំណូលពាក់កណ្ដាលនារដូវភ្លៀងញឹកញាប់នេះ។ 
 
បុរសវ័យ៥២ឆ្នាំ ដែលប្រកបរបរលក់សាច់អាំងនិងនំបុ័ងសាច់ ជាង១០ឆ្នាំនេះ បានប្រាប់សារព័ត៌មានThmeyThmey ថា ៖ «កាលរដូវប្រាំង ខ្ញុំលក់សាច់អាំងអស់ ចាប់ពី៥ទៅ៨ គីឡូ និងនំបុ័ងសាច់ ៨០ទៅ១០០ដើម ប៉ុន្តែរដូវវស្សាខ្ញុំលក់មិនសូវដាច់ដូចរដូវប្រាំងឡើយ ក្នុងមួយថ្ងៃខ្ញុំអាចលក់សាច់អាំង អស់ពី៥ គីឡូ និងនំបុ័ងសាច់វិញលក់អស់ ៥០ដើមតែប៉ុណ្ណោះ»។ 
 
លោក ណម និងប្រពន្ធ ចាប់ផ្ដើមលក់ពីម៉ោង២ រសៀល រហូតដល់ម៉ោង៦ល្ងាច ហើយទោះបីលក់អស់ ឬមិនអស់ក្តី ក៏លោក ត្រូវត្រឡប់ទៅផ្ទះវិញដែរ ដោយសារបារម្ភកូន ដែលត្រូវនៅផ្ទះម្នាក់ឯង។ ចំពោះសាច់ ដែលនៅសល់ គឺលោកអាចយកដាក់ក្លាស្សេក្នុងទូរទឹកកក សម្រាប់លក់បន្តទៀតបាន ប៉ុន្តែបើនំប៉័ង ដែលលក់មិនអស់វិញ គឺត្រូវខូចបោះចោល មិនអាចទុកលក់បានទៀតទេ។ នេះបើតាមលោក ណម។  
 
ទោះបីជាលក់មិនសូវដាច់នាពេលនេះមែន ក៏លោក ណម មិនផ្លាស់ប្តូររបរមួយនេះដែរ ព្រោះលោកដឹងមុនហើយថា ខែភ្លៀងធ្វើឱ្យពិបាកលក់បន្តិច ប៉ុន្តែវានឹងមានភាពប្រសើរវិញ នាខែប្រាំង។ 
 

លោកពូជា ណម អ្នកលក់សាច់អាំង និងនំបុ័ងនៅបឹងត្របែក
 
មិនខុសគ្នាពី លោក ជា ណម ប៉ុន្មានទេ  អ្នកស្រី ហេង​ មេត្តា មានវ័យ២៣ឆ្នាំ ជាអ្នកលក់លៀសនៅផ្សារឈូកមាស បានបង្ហាញពីភាពត្អូញត្អែដែថា មិនសូវមានអ្នកទិញលៀសដូចរដូវប្រាំងនោះទេ។ បើតាមស្ត្រីរូបនេះ ថ្ងៃខ្លះមេឃភ្លៀងខ្លាំង លក់លៀសមិនអស់ ត្រូវចាក់ចោល ហើយខាតទាំងលៀស និងគ្រឿងផ្សំ ។ 
សម្រាប់រដូវស្សានេះ អ្នកស្រី មេត្តា ទិញលៀស តែមួយតៅទេ យកមកលក់ បើធៀបនឹងខែប្រាំង ដែលអ្នកស្រី អាចលក់លៀសហាល អស់ពីរតៅ។ សម្រាប់លៀសក្នុងមួយតៅ មានតម្លៃ៥ម៉ឺនរៀល ។
 
អ្នកស្រី ហេង មេត្តា ដែលជាអ្នកលក់លៀសហាលនៅផ្សារឈូកមាស បន្ថែមដូច្នេះថា៖«ខ្ញុំចង់ផ្លាស់ប្តូរមុខរបរ និងចង់ធ្វើការដែលមានប្រាក់ចំណូលច្រើនដែរ តែដោយសារមិនមានពេលវេលាច្រើន ព្រោះនៅមើលថែកូនតូចនៅផ្ទះ។ ខ្ញុំឆ្លៀតពេលក្នុងមួយថ្ងៃ២ទៅ៣ ម៉ោង ដើម្បីលក់លៀសហាល និងត្រឡប់ទៅផ្ទះវិញដោយមិននៅលក់យូរទេ»។ 
 


អ្នកស្រី ហេង មេត្តា លក់លៀសហាលនៅផ្សារឈូកមាស
 
ចំណែកឯ អ្នកស្រី កឺប ម៉ា ក៏ធ្លាប់ជាអ្នកលក់លៀសហាលដែរ ប៉ុន្តែអ្នកស្រីបានប្តូរមកលក់ម្ជូរវិញ ដោយសារលក់លៀសមិនសូវដាច់ ហើយភ្លៀងច្រើនពេក។ សម្រាប់របរម្ជូរនេះ គឺវាមិនសូវប្រឈមបញ្ហាខាតច្រើនដូចលក់លៀសហាល ពោលគឺអ្នកស្រី ម៉ា អាចរក្សាទុកម្ជូរបាន ១ ឬ២ថ្ងៃ ក្នុងករណីលក់មិនអស់។ 
 


អ្នកស្រី កឺប ម៉ា ជាអ្នកលក់គ្រឿងម្ជូរនៅផ្សារឈូកមាស
 
«ខ្ញុំចង់ធ្វើការផ្សេងដែលមិនចំណាយដើមទន់ដែរ ប៉ុន្តែអាយុច្រើនហើយមានកូនតូចនៅផ្ទះរហូតដល់ ពីរនាក់ កូនទី១ ទើបតែអាយុ ៣ ឆ្នាំ និងទី២ មានអាយុ ៧ ឆ្នាំ នៅផ្ទះមិនមានអ្នកមើលថែឡើយ»។ នេះបើតាមអ្នកស្រី កឺប ម៉ា ដែលបានបន្ថែមថា ថ្ងៃធម្មតា អ្នកស្រីអាចលក់គ្រឿងម្ជូរ បានជាង១០ម៉ឺន គិតទាំងថ្លៃដើម ។ ប៉ុន្តែបើសម្រាប់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យវិញ គឺលក់ដាច់ជាងថ្ងៃធម្មតា។
 
 
 
 
 
 

Tag:
 ThmeyThmey
© រក្សាសិទ្ធិដោយ thmeythmey.com