ជាតិ
ខេត្តចំនួន៦ កំពុងរងផលប៉ះពាល់ខ្លាំង ដោយសារទឹកជំនន់
04, Oct 2022 , 2:59 pm        
រូបភាព
រូបភាពភាព ពី គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
រូបភាពភាព ពី គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
ដោយ៖ ហេង ស្រីលីន

ភ្នំពេញ៖ ខេត្តចំនួន២២ កំពុងរងនូវផលប៉ពាល់ដោយសារទឹកជំនន់ ខណៈខេត្តចំនួន៦ រួមមានខេត្តកំពង់ធំ សៀមរាប បន្ទាយមានជ័យ ឧត្តរមានជ័យ បាត់ដំបង និងខេត្តពោធិ៍សាត់ រងផលប៉ះពាល់ខ្លាំងជាងគេ។ ដោយឡែក ខេត្តកំពង់ធំ កំពុងស្ថិតនៅក្នុងកម្រិតលើសពីការប្រុងប្រយ័ត្នជាលើកទី៤។​ នេះបើតាមលោក សុទ្ធ គឹមកុលមុន្នី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

 
​ភ្លៀងនឹងបន្តធ្លាក់ច្រើន នៅតំបន់ផ្ទៃរងទឹកភ្លៀង នៃអាងទន្លេមេគង្គ ដែលអាចធ្វើឱ្យទឹកទន្លេមេគង្គ កើនឡើងវិញ ជាបន្តបន្ទាប់។ ទន្ទឹមនឹងនោះ កម្ពុជាកំពុងរងនូវផលប៉ះពាល់ ក្នុងនោះខេត្តចំនួន២២ ស្មើនឹង៩០ ក្រុងស្រុកខណ្ឌ រួមទាំងឃុំសង្កាត់ចំនួន៣០៥ រងផលប៉ះពាល់ដូចគ្នា។ ជាមួយគ្នានេះ ប្រជាជនប្រមាណជាង ៧ម៉ឺន៤ពាន់គ្រួសារ កំពុងរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់។ ក្នុងនោះជម្លៀសប្រជាជនជាង​ ១ម៉ឺន៦ពាន់គ្រួសារ។ 
 
លោក សុទ្ធ គឹមកុលមុន្នី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានលើកឡើងថា ទឹកជំនន់លើកនេះ បានធ្វើឱ្យដំណាំស្រូវប្រមាណ ១២ ៤៤៥១ហិកតាត្រូវជន់លិច ក្នុងនោះដំណាំស្រូវខូចខាតមានចំនួន ២ ៣៦០ហិកតា។ ចំណែកដំណាំរួមផ្សំប្រមាណ ១១ ៨៤៨ហិកតា ក៏ត្រូវទឹកជំនន់ជន់លិចដូចគ្នា។
 
ស្ថានភាពទឹកជំនន់មកទល់ពេលនេះ នៅមិនទាន់ផ្តល់ផលប៉ះពាល់ខ្លាំងនៅឡើយ បន្ទាប់ពីទឹកស្រកចុះបន្តិចបន្តួច។ ដោយឡែក ខេត្តកំពង់ធំ បានលើសនូវការប្រុងប្រយ័ត្នជាលើកទី៤ ចំណែកខេត្តដទៃទៀតក៏កំពុងបង្កើនការប្រុងប្រយ័ត្នដូចគ្នា។
 
អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា៖ «មកទល់​ពេលនេះ ស្ថានភាពជំនន់ទឹកភ្លៀងមិនទាន់បង្កភាពធ្ងន់ធ្ងរនៅឡើយទេ។ គ្រោះមហន្តរាយ យើងពិបាកក្នុងការកំណត់កើតពេលណា ហើយរយៈពេលវាកើតប៉ុន្មាន ឱ្យបានច្បាស់លាស់នោះដែរ»។
 
បើតាមលោក សុទ្ធ គឹមកុលមុន្នី ប្រជាជន ដែលរងផលប៉ះពាល់ចំនួន ២២ខេត្តត្រូវបានយកចិត្តទុកពីសំណាក់រដ្ឋាភិបាល ដោយជម្លៀសទៅទីទួលសុវត្ថិភាព ដូចជាផ្តល់កន្លែងស្នាក់នៅ ស្បៀងអាហារ និងសម្ភារផ្សេងៗផងដែរ។ ដោយឡែក បណ្ដារាជធានី និងខេត្តដទៃទៀត មានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ ខណៈខេត្តជាប់មាត់សមុទ្រ ដូចជាខេត្តកោះកុង និងព្រះសីហនុ អាចមានភ្លៀងធ្លាក់ច្រើន។ ឯនៅលើផ្ទៃសមុទ្រ នឹងមានភ្លៀងធ្លាក់ច្រើន ខ្យល់បក់បោក និងរលកសមុទ្រខ្ពស់៕
 

Tag:
 ThmeyThmey25
  ​ទឹកជំនន់
  លោក សុទ្ធ គឹមកុលមុន្នី
© រក្សាសិទ្ធិដោយ thmeythmey.com