ជាតិ
ក្រសួងសុខាភិបាល ហាមឃាត់ការចែកចាយឱសថឈ្មោះ Nuobisong Switzerland
04, Oct 2022 , 6:59 pm        
រូបភាព
front ក្រសួងសុខាភិបាល ហាមឃាត់ការចែកចាយឱសថឈ្មោះ Nuobisong Switzerland (រូបភាពពីក្រសួងសុខាភិបាល)
front ក្រសួងសុខាភិបាល ហាមឃាត់ការចែកចាយឱសថឈ្មោះ Nuobisong Switzerland (រូបភាពពីក្រសួងសុខាភិបាល)
ដោយ៖ ហេង ស្រីលីន

ភ្នំពេញ៖ ក្រសួងសុខាភិបាល ហាមឃាត់ការចែកចាយ ឬលក់ផលិតផលឱសថឈ្មោះ Nuobisong Switzerland ដែលគ្មានលេខបញ្ជិកា និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល។ ការហាមឃាត់នេះ គឺដើម្បីជៀសវាងការខាតបង់ថវិកា និងប៉ះពាល់សុខភាពដល់អ្នកប្រើប្រាស់។

 
ការអនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ តម្រូវឱ្យរាល់ការចរាចរផលិតផលឱសថ ត្រូវមានគុណភាពក្នុងការបង្ការ និងព្យាបាលជំងឺគ្រប់ប្រភេទត្រូវមានលេខទិដ្ឋាការ ឬលេខបញ្ជិកាពីក្រសួងសុខាភិបាល។ ទន្ទឹមនឹងនោះ ក្រសួងសុខាភិបាល ក៏បានជូនដំណឹងដល់ពលរដ្ឋទាំងអស់ឈប់ជឿការផ្សព្វផ្សាយឱសថឈ្មោះ Nuobisong Switzerland  និងបញ្ឈប់ការប្រើប្រាស់ផលិតផលឱសថដែលគ្មានលេខបញ្ជិកា។ 
 
ការហាមឃាត់របស់ក្រសួងសុខាភិបាលនេះ ធ្វើឡើងបន្ទាប់ពីពិនិត្យឃើញលើបណ្តាញសង្គមហ្វេសប៊ុក មានគណនីឈ្មោះ ឯកទេសបំបាត់ស្នាម មុន ជាំ កំពុងផ្សព្វផ្សាយលក់ផលិតផលឱសថឈ្មោះ Nuobisong Switzerland និងផលិតផលផ្សេងទៀត ដែលគ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២។ ជាមួយគ្នានេះ ក្រសួងតម្រូវឱ្យម្ចាស់គណនីបណ្តាញសង្គមហ្វេសប៊ុកខាងលើ និងជនពាក់ព័ន្ធដទៃទៀត បញ្ឈប់ការនាំចូល និងចែកចាយលក់ឱសថនេះជាបន្ទាន់ ក៏ដូចជាចាត់វិធានការទៅតាមផ្លូវច្បាប់ផងដែរ។
 
ករណី ពលរដ្ឋ ប្រទះឃើញជនណាដែលកំពុងចែកចាយ ឬលក់ផលិតផលឱសថឈ្មោះ Nuobisong Switzerlandនេះ សូមប្រញាប់ទាក់ទង ឬត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាង  សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ៖ ០១២ ៣៥៥ ១៦១, ០១១ ៥៧៤ ៧៨៧,០១២ ៩៨៣ ៣៣៤, ០១២ ៨៩២ ០២២ និង០១២ ៥៦២ ៤៤៦៕
 
 

Tag:
 Thmeythmey25
  ក្រសួងសុខាភិបាល
  ឱសថ
© រក្សាសិទ្ធិដោយ thmeythmey.com