ជាតិ
សង្គមជាតិ
​​​ន​យោ​បាយ​ជាតិ​
ថ្នាក់ដឹកនាំបក្សឆន្ទៈខ្មែរ ត្រូវដកចេញពីឧត្ដមក្រុមប្រឹក្សា ដោយសាមីខ្លួនអះអាងថា ពុំមានកំហុស
05, Oct 2022 , 2:29 pm        
រូបភាព
លោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ ទៅបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។ រូបពីទំព័រហ្វេសប៊ុករបស់លោក
លោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ ទៅបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។ រូបពីទំព័រហ្វេសប៊ុករបស់លោក
ដោយ:
ថ្នាក់ដឹកនាំ៣រូបរបស់គណបក្សឆន្ទៈខ្មែរ រួមមាន លោក គង់ មុនីកា ជាប្រធាន លោក អ៊ី មុយលី ជាអគ្គលេខាធិការ និងលោក តុល ប្រាសាទ ជាអគ្គលេខាធិការរង ត្រូវបានបញ្ចប់តំណែងក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ តាមរយៈព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលចេញនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ បន្ទាប់ពីមានការក្រាបបង្គំថ្វាយសុំពីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ 



លោក តុល ប្រាសាទ ប្រាប់សារព័ត៌មានថ្មីៗថា លោក មិនមានការសោកស្ដាយ ចំពោះការដកលោកចេញពីឧត្តមក្រុមប្រឹក្សា និងពិគ្រោះយោបល់នេះឡើយ។ លោក បញ្ជាក់ដូច្នេះថា៖«មិនមានកំហុសឆ្គងអ្វីនោះទេ គ្រាន់តែជាហេតុផលនយោបាយ ដោយសារពួកខ្ញុំ ផ្លាស់ប្ដូរការងារគណបក្សឆន្ទៈខ្មែរ ហើយទៅបំពេញការងារជាមួយគណបក្សភ្លើងទៀន»។ 
 
សារព័ត៌មានថ្មីៗ បានទូរស័ព្ទទៅលោក ឈឹម ផលវរុណ ប្រធានលេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដើម្បីសួរជុំវិញរឿងនេះ តែលោក មិនទទួលការហៅចូល។ 
 
ការដកថ្នាក់ដឹកនាំគណបក្សឆន្ទៈខ្មែរចេញពីឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ គឺកើតឡើងក្នុងថ្ងៃ ដែលថ្នាក់គណបក្សឆន្ទៈខ្មែរ ប្រកាសជាសាធារណៈពីការទៅរួបរួមជាមួយគណបក្សភ្លើងទៀន ដើម្បីប្រមូលកម្លាំងទៅប្រកួតប្រជែងជាមួយគណបក្សកាន់ំអណាច ក្នុងការបោះឆ្នោតជាតិឆ្នាំ២០២៣ខាងមុខ។ ឯគណបក្សភ្លើងទៀន បានប្រកាសស្វាគមន៍គណបក្សឆន្ទៈខ្មែរ ដែលទៅរួបរួមជាមួយខ្លួន។ លោក គង់ គាំ ប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ និងជាឪពុករបស់លោក គង់ មុនីកា ត្រូវបានតែងតាំងជាឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន៕ 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com