ជាតិ
ភ្ញៀវទេសចរតិចតួចណាស់ បានទៅលេងអូរសោម ដោយសារផ្លូវជាតិលេខ១០ កំពុងស្ថាបនា
05, Oct 2022 , 6:59 pm        
រូបភាព
ផ្លូវជាតិលេខ ១០ តភ្ជាប់ពីស្រុកសំឡូតខេត្តបាត់ដំបង ទៅស្រុកវាលវែងខេត្តពោធិ៍សាត់ និងខេត្តកោះកុង។ រូបភាព៖ ក្រសួងសារធារណការ និងដឹកជញ្ជូន
ផ្លូវជាតិលេខ ១០ តភ្ជាប់ពីស្រុកសំឡូតខេត្តបាត់ដំបង ទៅស្រុកវាលវែងខេត្តពោធិ៍សាត់ និងខេត្តកោះកុង។ រូបភាព៖ ក្រសួងសារធារណការ និងដឹកជញ្ជូន
ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ ភ្ញៀវទេសចរមួយចំនួន ចូលចិត្តដំណើរកម្សាន្តបែបផ្សងព្រេង បោះតង់ និងមើលទឹកធ្លាក់ ទៅសហគមន៍អេកូទេសចរណ៍អូរសោម។ នារដូវវស្សាទេសចរទៅអូរសោមមានតិចតួច  ព្រោះផ្លូវជាតិលេខ១០ មិនទាន់រួចរាល់ ធ្វើឱ្យភ្ញៀវទេសចរពិបាកធ្វើដំណើរទៅសហគមន៍មួយនេះ។



តំបន់អេកូទេសចរណ៍អូរសោម ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាទីប្រជុំដោយសម្បត្តិធម្មជាតិ សាកសមសម្រាប់អ្នកចូលចិត្តដំណើរកម្សាន្តបែបផ្សងព្រេង។ លើសពីនេះទេសចរកាន់តែមានអារម្មណ៍ស្រស់ថ្លា ដោយសារនៅសហគមន៍មានអាកាសធាតុត្រជាក់ និងតំបន់ទេសចរណ៍ធម្មជាតិជាច្រើនដូចជា ទឹកធ្លាក់ឆាយប្រុយ តំបន់អភិរក្សក្រពើភ្នំ និងអាងវារីអគ្គិសនីអាតៃ។


ទឹកធ្លាក់ឆាយប្រុយ​ ជាតំបន់ទេសចរណ៍ធម្មជាតិ ស្ថិតក្នុងសហគមន៍អេកូទេសចរណ៍អូរសោម​
 
ទោះមានសក្តានុពលទេសចរណ៍ធម្មជាតិច្រើន ប៉ុន្តែរៀងរាល់សប្តាហ៍ភ្ញៀវទេសចរទៅសហគមន៍អូរសោម មានប្រមាណ៣០នាក់ប៉ុណ្ណោះ។  លោក នួន លីម មគ្គទេសក៍ទេសចរណ៍ក្នុងសហគមន៍អូរសោម ប្រាប់សារព័ត៌មានThmeyThmey25ថា ទេសចរនៅមានតិចតួច ព្រោះបច្ចុប្បន្នផ្លូវពិបាកធ្វើដំណើរ ដោយពេលភ្លៀងមានសភាពរអិល និងហុយពេលមេឃក្ដៅ។​
 
យ៉ាងណាមិញ លោក នួន លីម រំពឹងថាទេសចរនឹងកើនឡើងពេលផ្លូវជាតិលេខ១០ ពីស្រុកសំឡូតខេត្តបាត់ដំបង ទៅសហគមន៍អូរសោម ស្ថាបនារួចរាល់។ « ភ្ញៀវនឹងកើនឡើងប្រមាណ ៣០-៤០ភាគរយ ពេលផ្លូវធ្វើរួច ព្រោះផ្លូវស្រួលធ្វើដំណើរ ហើយមានរីសតថ្មីៗ ហើយយើងកំពុងស្វែងរកកន្លែងកម្សាន្តថ្មីៗទៀត»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក នួន លីម។
បច្ចុប្បន្នប្រជាជននៅសហគមន៍អូរសោមកំពុងបង្កើតផ្ទះស្នាក់ រីសត កន្លែងបោះតង់ និងអាហារដ្ឋានបន្ថែមទៀត ស្របតាមកំណើនទេសចរនាពេលអនាគត។ ជាមួយគ្នានេះ ប្រជាសហគមន៍ តំបន់ទេសចរណ៍ បែបផ្សងព្រេងបន្ថែមទៀត នៅជួរភ្នំក្រវាញ ដើម្បីត្រៀមទទួលភ្ញៀវទេសចរពេលផ្លូវជាតិលេខ១០ធ្វើរួចរាល់។
 
សូមជម្រាបថា គម្រោងសាងសង់ផ្លូវជាតិលេខ១០ ភ្ជាប់ពីសំឡូត-វាលវែង-អូរសោម ដល់កោះកុង ដែលមានប្រវែង ១៩៨,៧១គីឡូម៉ែត្រ បានរួចរាល់ប្រមាណ​ ៦៥ភាគរយ ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៣។ បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន ការសាងសង់ផ្លូវនេះ គ្រោងចំណាយថវិកាប្រមាណ ១៨៨,៣៨លានដុល្លារ ជាហិរញ្ញប្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រដ្ឋាភិបាលកម្ពុជា៕
 
 
 

Tag:
 ThmeyThmey25
 ទេសចរណ៍
 អូរសោម
© រក្សាសិទ្ធិដោយ thmeythmey.com