ជាតិ
គ្រឹះស្ថានអង្គរ រកចំណូលបានជាង ៥លានដុល្លារ រយៈពេល៩ខែ
05, Oct 2022 , 9:59 pm        
រូបភាព
ភ្ញៀវទេសចរអន្តរជាតិ ដើរទស្សនាប្រាសាទបន្ទាយស្រី។
ភ្ញៀវទេសចរអន្តរជាតិ ដើរទស្សនាប្រាសាទបន្ទាយស្រី។
ដោយ:
គិតចាប់ពីខែមករា ដល់ខែកញ្ញាឆ្នាំ២០២២ ទេសចរអន្តជាតិប្រមាណ ១៣ម៉ឺននាក់បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ  ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្នៀស ដោយកើនឡើងរហូតដល់ជាង ២ពាន់ភាគរយ។ គ្រឹះស្ថានអង្គរអាចរកចំណូលរហូតដល់ជាង ៥លានដុល្លារអាម៉េរិកពីចំនួនទេសចរអន្តរជាតិនេះ។



យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ក្នុងខែកញ្ញា គ្រឹះស្ថានអង្គរអាចរកចំណូលបាន ៩១៧ ៦០៩ដុល្លារអាម៉េរិក ក្នុងនោះចំណូលពីការលក់សំបុត្រទូកកំពង់ផែចុងឃ្នៀស ១៦ ៨៩៣ដុល្លារ និងសំបុត្រចូលទស្សនាប្រាសាទកោះកែរចំនួន ៥ ៤៤៥ដុល្លារ។ 


ទេសចរជាតិ-អន្តរជាតិ ដើរទស្សនាប្រាសាទបន្ទាយស្រី ដែលជាប្រាសាទពេញនិយមមួយក្នុងរមណីយដ្ឋានអង្គរ។
 
ជាមួយគ្នានេះ ទេសចរអន្តរជាតិ ទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្នៀស ចំនួន ១៣៤ ១៥២នាក់ រយៈពេល៩ខែនៃឆ្នាំ២០២២។ ចំនួនភ្ញៀវទេសចរអន្តរជាតិនេះបានធ្វើឱ្យរមណីយដ្ឋានអង្គរទទួលបានចំណូលរហូតដល់ ៥ ៣៦១ ៩២៩ដុល្លារអាម៉េរិក។
 
ចំណូលជាង ៥លានដុល្លារដែលគ្រឹះស្ថានអង្គរទទួលបានរយៈពេល ៩ខែនេះ ត្រូវបានបរិច្ចាគទៅកាន់មន្ទីរពេទ្យគន្ធបុប្ផាចំនួន ២៦៨ ៣០៤ដុល្លារអាម៉េរិក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានដដែល។
 
សូមជម្រាបថា តម្លៃចូលទស្សនារមណីដ្ឋានអង្គរសម្រាប់ទេសចរអន្តរជាតិ ក្នុងមួយថ្ងៃតម្លៃ ៣៧ដុល្លារ, ៣ថ្ងៃ តម្លៃ៦២ដុល្លារ និង១សប្តាហ៍តម្លៃ ៧២ដុល្លារ។ ប៉ុន្តែក្នុងបរិបទកូវីដ-១៩ គ្រឹះស្ថានអង្គរបានសម្រេចឱ្យភ្ញៀវទេសចរដែលទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ១ថ្ងៃ អាចចូលទស្សនាបាន ២ថ្ងៃ។ ទិញសំបុត្រ៣ថ្ងៃ  អាចចូលទស្សនាបាន ៥ថ្ងៃ។ ទិញសំបុត្រសម្រាប់៧ថ្ងៃ នឹងអាចចូលទស្សនាបានរហូត១០ថ្ងៃ៕


ប្រាសាទបន្ទាយស្រី  ការប្រាសាទប្រើប្រាស់ថ្មភក់ពណ៌ «ផ្កាឈូក» ជាលក្ខណៈពិសេសមួយដែលប្លែកពីប្រាសាទបុរាណនានាក្នុងតំបន់អង្គរ។
 

Tag:
 ThmeyThmey25
  គ្រឹះស្ថានអង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com