កីឡាអន្តរជាតិ
អន្តរជាតិ
World Cup ៖ សហជីពកម្មករ ថាកាតានឹងបង្កើនការពិនិត្យលើកម្លាំងកម្មករអំឡុងព្រឹត្តិការណ៍
07, Oct 2022 , 9:29 am        
រូបភាព
ប្រទេសកាតានឹងពង្រឹងការត្រួតពិនិត្យលើកម្មករដែលធ្វើការងារអំឡុងការប្រកួត FIFA World Cup 2022 ។ នេះបើតាមសហព័ន្ធសហជីពអន្តរជាតិ (ITUC) ថ្ងៃទី៥ ខែតុលា ដោយបន្ថែមថា ម្ចាស់ផ្ទះ ក៏បង្កើនការតាមដានផ្នែកសុខភាព និងសុវត្ថិភាពបន្ថែមលើកម្មករដែលបន្តបំពេញការងារ​អំឡុងព្រឹត្តិការណ៍កីឡានេះ។



ទាក់ទងនឹងបញ្ហាសិទ្ធិរបស់កម្មករដែលធ្វើការងារនៅក្នុងប្រទេសកាតា ក្រុមឃ្លាំមើលសិទ្ធិមនុស្ស និងសហជីពកម្មករ​ បានព្រមានម្ចាស់ផ្ទះរួចហើយ អំពីបញ្ហាបដិសណ្ឋារកិច្ច ការធ្វើដំណើរ និងការការពារចំពោះកម្មករជាពិសេសអំឡុងព្រឹត្តិការណ៍ World Cup រយៈពេល ១ខែពេញនោះ។
 
តែទោះជាយ៉ាងណា បើតាមការបញ្ជាក់ពីសំណាក់ ITUC ក្រសួងការងាររបស់កាតា និងអនុវត្តការត្រួតពិនិត្តលើការងាររបស់កម្មករដោយយកចិត្តទុកដាក់អំឡុង World Cup។
«អំឡុងពេលព្រឹត្តិការណ៍ World Cup ក្រសួងការងារនឹងអនុវត្តយុទ្ធនាការត្រួតពិនិត្យការងារដោយយកចិត្តទុកដាក់បំផុត ហើយក្នុងនោះក៏បានការបន្ថែមលើការត្រួតពិនិត្យផ្នែកសុខភាព និងផ្នែកការពារ​សុវត្តិភាពលើកម្មករដែលត្រូវបំពេញការងារ។»។ ITUC ប្រកាសក្នុងសេចក្តីថ្លែងការណ៍បែបនេះ។
 
តាមការអះអាង ITUC ក្រោយកិច្ចប្រជុំដែលធ្វើឡើងជាមួយ មន្ត្រីក្រសួងការងារក្នុងទីក្រុងដូហា កាលពីថ្ងៃទី៤ ខែតុលា មុនពេលចេញសេចក្តីថ្លែងការណ៍ថ្ងៃទី៥ គោលដៅសំខាន់ផ្តោតលើពេលវេលាធ្វើការ និងការការពារកម្មករពីនិយោជក់ដែលគ្មានសីលធម៍ និងត្រូវសម្រេចដាក់ចេញផងដែរ។
 
ប្រទេសកាតាត្រូវបានក្លាយជាគោលដៅរិះគន់ដ៏ខ្លាំងមួយសម្រាប់ការរៀបចំព្រឹត្តិការណ៍ World Cup នេះ ពីសំណាក់អង្គការឃ្លាំងមើលសិទ្ធិមនុស្ស និងអង្គការការពារសិទ្ធិផ្សេងៗលើពិភពលោក ចំពោះការរំលោភសិទ្ធិនិងគេងប្រវាញ់លើកម្មករចំណាកស្រុកដែលទៅធ្វើការជាកម្មករសាងសង់កីឡដ្ឋាននៅកាតា។ ​
 
សេចក្តីប្រកាស ITUC បានបង្ហាញបន្ថែមពីកំណែទម្រង់ការងារ ដែលការពារលើការមិនបើកប្រាក់ខែទៅឱ្យកម្មករ ហើយកំណែទម្រង់នោះនឹងផ្តល់ឱ្យកម្មករ ទទួលបានប្រាក់ឈ្នួលអប្បបរមា ១,០០០ រីយ៉ាល់(២៧៤ដុល្លារ)ក្នុងមួយខែជាប្រចាំ កម្មករថែមអាចអាចផ្លាស់ប្តូរនិយោជកកាន់តែងាយស្រួលជាមួយកំណែទម្រង់ថ្មីនេះ។
 
ច្បាប់ការងារនៅកាតាទៀតសោត កម្មករនឹងត្រូវធ្វើការដែលមានរយៈពេល ៦០ម៉ោងប៉ុណ្ណោះក្នុង ១អាទិត្យ ក្នុងនោះក៏មានប្រាក់បន្ថែម ២៥ភាគរយ លើការថែមម៉ោងធ្វើការលើប្រាក់គោលក្នុងមួយខែ។ កម្មករទទួលបានថ្ងៃឈប់សម្រាក់ ១ថ្ងៃក្នុង ១អាទិត្យ។ 
 
យ៉ាងណាមិញ បើតាមអ្នកជំនាញប្រឹក្សាសិទ្ធិផ្នែកការងារនៅកាតា បានព្រមានលើបញ្ហាការងាររបស់កម្មករដែលនឹងត្រូវការអំឡុងការប្រកួត World Cup ថា កម្មករទាំងនោះនឹងមិនអាចគេចផុតពីការធ្វើការងារក្រោមនិយោជកដែលគ្មានសីលធម៍ ហើយក៏អាចប្រឈមនឹងការមិនបើកប្រាក់ខែ ព្រមទាំងការរើសអើងផងដែរ បើទោះមានកំណែទម្រង់ច្បាប់ការងារថ្មីក្តី។
World Cup កាតានឹងចាប់ផ្តើមពីថ្ងៃទី២១ ខែវិច្ឆិការ រហូតដល់ថ្ងៃទី១៨ ខែធ្នូ នាចុងឆ្នាំ ២០២២ ដែលជាការប្រកួតក្នុងតំបន់មជ្ឈឹមបូពា៍លើកដំបូងក្នុងប្រវត្តិសាស្រ្តាបាល់ទាត់ពិភពលោក៕
 
 
 
 

Tag:
 Qatar World Cup 2022
© រក្សាសិទ្ធិដោយ thmeythmey.com