កីឡាជាតិ
ជាតិ
ព្រះរាជពិធីបុណ្យអុំទូកថ្នាក់ជាតិផ្អាក! ខេត្តកណ្តាលរៀបចំកម្មវិធីប្រណាំងទូកធំជាងគេ
07, Oct 2022 , 2:29 pm        
រូបភាព
រូបភាពទូក ង ឈ្មោះស្រី ស សុខសែនជ័យ អំឡុងការប្រណាំងក្នុងស្រុកកៀនស្វាយខេត្តកណ្តាក ឆ្នាំ ២០២១។
រូបភាពទូក ង ឈ្មោះស្រី ស សុខសែនជ័យ អំឡុងការប្រណាំងក្នុងស្រុកកៀនស្វាយខេត្តកណ្តាក ឆ្នាំ ២០២១។
ខេត្តកណ្តាលនឹងរៀបចំកម្មវិធីប្រណាំងទូកថ្នាក់ខេត្ត នៅតាមបណ្តោយមាត់ទន្លេបាសាក់នាទីក្រុងតាខ្មៅ ដើម្បីជាការចូលរួមអបអរសាទរ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅដើមខែវិច្ឆិកា ដែលត្រូវបានប្រកាសផ្អាក ដោយសារតែកម្ពុជា ត្រូវរៀបចំកិច្ចប្រជុំអាស៊ាន ក្នុងនាមជាប្រធានអាស៊ានក្នុងឆ្នាំ ២០២២នេះ។ ព្រះរាជពិធីបុណ្យអុំទូកថ្នាក់ជាតិបានផ្អាក ខេត្តកណ្តាលក្លាយជាខេត្តមួយដែលរៀបចំកម្មវិធីប្រណាំងទូកធំជាងគេក្នុងឆ្នាំ ២០២២ នេះ​។



ព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ ២០២២ ត្រូវបានបន្តផ្អាកជាថ្មីម្តងទៀត និងជាឆ្នាំទី៣ ចាប់តាំងពីការផ្អាកក្នុងឆ្នាំ ២០២០ និងឆ្នាំ ២០២១មក ដោយសារបញ្ហាជំងឺឆ្លងរាតត្បាតកូវីដ -១៩ ។ មូលហេតុនៃការសម្រេចផ្អាករៀបចំព្រះរាជពិធីបុណ្យអុំទូកនេះ ក៏ព្រោះតែកម្ពុជា ជាប្រធានអាស៊ាន ហើយត្រូវត្រៀមរៀបចំសណ្ដាប់ធ្នាប់សម្រាប់កិច្ចប្រជុំអាស៊ានផ្ទាល់ ដែលធ្វើឡើងក្នុងខែវិច្ឆិកា និងកៀកថ្ងៃព្រះរាជពិធីបុណ្យអុំទូក។
 
បើទោះព្រះរាជពិធីដែលនឹងធ្វើឡើងនៅមុខព្រះបរមរាជវាំងក្នុងរាជធានីភ្នំពេញបានផ្អាក រដ្ឋាភិបាលសម្រេចឱ្យតាមរាជធានី-ខេត្តនីមួយៗដែលនៅជាប់តាមដងទន្លេក្នុងប្រទេសកម្ពុជាអាចរៀបចំកម្មវិធីប្រណាំង​តាមលទ្ធភាព ដែលអាចធ្វើទៅបាន។ ខេត្តកណ្តាល បន្ទាយមានជ័យ ពោធិ៍សាត់ បាត់ដំបង ព្រៃវែង កំពង់ចាម សៀមរាប កំពង់ធំ ក្រចេះ ស្វាយរៀង សុទ្ធសឹងតែជាខេត្តដែលត្រៀមរៀបចំកម្មវិធីប្រណាំងទូករៀងៗខ្លួន។
 
ខេត្តកណ្តាល អាចនិយាយបានថាជាទីកន្លែងរៀបចំកម្មវិធីប្រណាំងធំជាងខេត្តផ្សេង ។ បើតាមរបាយការណ៍ប្រកាសដោយរដ្ឋបាលខេត្តកណ្តាល ទូកចំនួន៨៣ នឹងមានវត្តមានសម្រាប់ប្រលងប្រជែង។ ចំណោមទូកដែលបានចូលរួមចំនួន ៨៣ទូកនោះ មិនមែនត្រឹមតែជាទូក ស្ថិតក្នុងខេត្តកណ្តាលតែមួយឡើយ ដោយមានទូក មកពីខេត្តកំពង់ចាម ព្រៃវែង និងរាជធានីភ្នំពេញផងដែរ។
 
ទូកទាំង៨៣ទូកត្រៀមប្រលងប្រណាំងនេះ មានទូកអុំផ្នែកបុរសខ្នាត់វែងមានចំណុះរហូតដល់ទៅ ៧៥នាក់ មានចំនួន ៤២ទូក ,ខ្នាតអន្តរជាតិផ្នែកបុរស ២២នាក់ចំនួន ៣២ទូក ,ទូកចែវចំនួន ៦ទូក និងទូកអុំផ្នែកនារី ៣ទូក។ សម្រាប់ទូកអុំបុរសខ្នាតវែងក៏នឹងមានការរៀបចំផែនគូពិសេសចំនួន ៣គូផងដែរក្នុងខេត្តកណ្តាល។ សម្រាប់ចំនួនកីឡាករដែលនឹងត្រូវចូលរួមប្រលងប្រជែងស្ថិតនៅតាមទូកនីមួយៗ មានចំនួន ៤៧៥១នាក់ទាំងកម្លាំងអុំផ្ទាល់ កម្លាំងបំរុង។​
 
ក្រៅពីកម្មវិធីប្រណាំងទូកក្នុងខេត្តកណ្តាលដែលនឹងធ្វើឡើងនៅថ្ងៃទី​២២ និងថ្ងៃទី២៣ ខែតុលា នៅតាមបណ្តាខេត្តផ្សេងៗក៏បានរៀបចំកម្មវិធីប្រណាំងទូកងនេះក្នុងខែតុលានេះផងដែរ។ ខេត្តបាត់ដំបងរៀបចំកម្មវីធិប្រណាំងទូក ថ្ងៃ៩ និងទី១០ តុលា, ខេត្តកំពង់ចាមថ្ងៃទី១០ តុលា ,ខេត្តព្រៃវែងថ្ងៃទី១៥ ទី១៦ តុលា ,ខេត្តពោធិ៍សាត់ថ្ងៃទី១៦​ ដល់ថ្ងៃទី១៨ តុលា, ខេត្តក្រចេះថ្ងៃទី២២តុលា ,ខេត្តស្វាយរៀងថ្ងៃទី២៩ និងទី៣០ តុលា ខណៈកម្មវិធីប្រណាំងនៅក្នុងខេត្តកំពង់ធំត្រូវបានលើកពេលព្រោះតែទឹកជំនន់ក្នុងទីរួមខេត្ត។ 
 
សូមជម្រាបថាកម្មវិធីប្រណាំងទូកក្នុងខេត្តកណ្តាលជាពិសេសក្នុងទីក្រុងតាខ្មៅនេះ ធ្លាប់បានផ្អាកចំនួន ២ឆ្នាំរួចមកហើយដោយក្នុងឆ្នាំ ២០២០ និង ២០២១ ពេលដែលរដ្ឋាភិបាលបានសម្រេចលុបចោលព្រះរាជពិធីបុណ្យអុំទូកក្នុងរយៈពេល ២ឆ្នាំនោះ៕
 
 
 
 

Tag:
 ខេត្តកណ្តាល​
  ប្រណាំងទូក ង
© រក្សាសិទ្ធិដោយ thmeythmey.com