កីឡាជាតិ
ជាតិ
ពានលីគកម្រិតទី២កម្ពុជា នឹងរចនាតាមរឿងកូរសមុទ្រទឹកដោះ និងបង្កប់អត្ថន័យអភិវឌ្ឍន៍យុវជន
07, Oct 2022 , 3:42 pm        
រូបភាព
រូបពានលីគ ២កម្ពុជា រូបពី Cambodian Premier League
រូបពានលីគ ២កម្ពុជា រូបពី Cambodian Premier League
ពានរង្វាន់លីគកីឡាបាល់ទាត់កម្រិតទី២កម្ពុជា Cambodian League 2 នឹងត្រូវរចនារូបរាងតាមរឿងកូរសមុទ្រទឹកដោះមួយផ្នែក និងបង្កប់អត្ថន័យ នៃការអភិវឌ្ឍយុវជន ស្មារតីប្រកួតប្រជែង និងការលូតលាស់របស់កីឡាករថ្នាល។ នេះបើ់តាម លោក ខេង សុខហេង ប្រធានផ្នែកផ្សព្វផ្សាយក្រុមហ៊ុន Cambodian Premier League (CPL) ។


កាលពីថ្ងៃទី៦ ខែតុលា ក្រុមហ៊ុន CPL បានបង្ហាញពីគម្រោងរចនា ពានលីគ២។ រូងរាងពាន ត្រូវបាន  អ្នកនាង ទេព ផាន់នីចំណារ ប្រធានផ្នែកទីផ្សារក្រុមហ៊ុន CPL និងលោក ខេង សុខហេង ផ្ដើមគំនិតរចនាបថ ហើយលោក Satoshi Saito នាយកប្រតិបត្តិ CPL បានយល់ស្រប។ 


រូបចម្លាក់រឿងសមុទ្រកូរទឹកដោះ នៅលើប្រាសាទ អង្គរវត្ត រូបពី World History
 
លោក ខេង សុខហេង បានប្រាប់សារព័ត៌មានថ្មីៗ តាមតេលេក្រាមថា៖« ការរចនាពានកម្រិត២នេះ រចនាឡើងដោយបង្កប់ន័យ នៃស្មារតីនៃការប្រកួតប្រជែង និងការអភិវឌ្ឍន៍ ជាមួយភាពលូតលាស់របស់យុវជននៅក្នុងលីគលំដាប់ទី២ របស់កម្ពុជា។»។ 
 
នៅក្នុងនោះដែរ រូបរាងពានកម្រិតទី២នេះ ក៏មានភ្ជាប់អត្ថន័យតាមរឿងកូរសមុទ្រទឹកដោះផងដែរ ដោយជើងពាន ឬទម្រពាន ប្រដូចទៅនិងសត្វអណ្ដើកឈ្មោះ កុមិ ដែលទ្រភ្នំមន្ទរៈ ស្ថិតនៅផ្នែកកណ្ដាលនៃពាន។
 
តាមការបង្ហោះលើផេកហ្វេសប៊ុកផ្លូវការរបស់ Cambodian Premier League ទម្រង់ពាន ប្រើប្រាស់តាមទម្រង់ដើម ដូចពានទូទៅដែរ។ ដោយឡែក ការរចនា គឺប្រើប្រាស់ទម្រង់ត្របកឈូក មកបំបែកនៅលើពានទាំងមូល ហើយផ្នែកខាងលើ មានការរចនាបន្ថែមដៃកាន់ មានលំពត់ពីក្រោម ទៅផ្នែកខាងលើ ប្រដូចទៅមនុស្ស ២នាក់ កំពុងទ្រពាន ដែលជាការបង្ហាញពីការប្រកួតប្រជែងដោយស្មើភាពគ្នា។ បន្ថែមពីនេះ ផ្ទៃព័ទ្ធជុំវិញពាន ត្រូវបានរចនា ជាផែនទីប្រទេសកម្ពុជា។ 
 
គួរបញ្ជាក់ផងដែរថា ក្រោយការបង្ហាញនូវ គម្រោងរចនាពាននេះ អ្នកគាំទ្រជាច្រើនបានបញ្ចេញមតិ​វិជ្ជមាន ដោយភាគច្រើនចាត់ទុកថា ជាការរចនាបំផុសនៅគំនិតឆ្នៃប្រឌិត និងការព្យាយាម ប្រឹងប្រែងប្រកួតប្រជែងរបស់កីឡាករ នៅក្នុងលីគ២។ ក្រោមការរៀបចំរបស់ក្រុមហ៊ុន CPL ការប្រកួតលីគ២ បានទាក់ទាញអ្នកគាំទ្រជាច្រើន ចូលរួមទស្សនានៅក្នុងកីឡដ្ឋាននីមួយៗ ជាឧទាហរណ៍ ការប្រកួត នៅកីឡដ្ឋាន AIA KHM Park កាលពីថ្ងៃទី២ កន្លងទៅ មានអ្នកចូលរួមទស្សនា រហូតដល់ជាង៣០០០នាក់៕
 

Tag:
 បាល់ទាត់
  Cambodian League 2
© រក្សាសិទ្ធិដោយ thmeythmey.com