កីឡាជាតិ
ជាតិ
អគ្គលេខាធិការប្រដាល់សកលកម្ពុជា៖ កីឡាករជម្រើសជាតិ កាន់តែរីកចម្រើនទាំងសមត្ថភាព និងបច្ចេកទេស
07, Oct 2022 , 6:59 pm        
រូបភាព
ការប្រកួតរវាងបង្គោលក្រហម អ៊ុង ភារាក់ និងបង្គោលខៀវ Martin Chmielo។ រូបពី CAMSOC
ការប្រកួតរវាងបង្គោលក្រហម អ៊ុង ភារាក់ និងបង្គោលខៀវ Martin Chmielo។ រូបពី CAMSOC
ដោយ:
ក្រោយប្រកួតដកស្រង់បច្ចេកទេសក្នុងកម្មវិធី ULTIMATE PRO BOXING កាលពីថ្ងៃទី៦ ខែតុលា នាសង្វៀនប្រដាល់សកលពហុកីឡដ្ឋានជាតិអូឡាំពិក លោក ប៊ុយ សោភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា (CBF)  មើលឃើញសមត្ថភាព សិទ្ធផល និងបច្ចេកទេស របស់កីឡាករប្រដាល់សកលកម្ពុជា រីកចម្រើន។

 
កីឡាករប្រដាល់សកលជម្រើសជាតិកម្ពុជា សៅ រង្ស៊ី យកឈ្នះ កីឡាករ វណ្ណា លីហៀង ដោយពិន្ទុដែលពួកគេទាំងប្រកួតលើប្រភេទទម្ងន់ ៥៧គីឡូក្រាម។ កីឡាករ អ៊ុង ភារាក់ យកឈ្នះ Martin Chmielo ដោយពិន្ទុប្រកួតលើប្រភេទទម្ងន់៨៥គីឡូក្រាម។ ចំណែកកីឡាករ ពេញ វណ្ណថង មកពីក្លិបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចាញ់ Remi Aleye ដោយពិន្ទុលើប្រភេទទម្ងន់ ៦៧គីឡូក្រាម។
 
ចំណែកកីឡាករជម្រើសជាតិ ហ៊ុន គឹមហៀង ចាញ់ពិន្ទុ សែត សាវីត លើប្រភេទទម្ងន់ ៦៧គីឡូក្រាម និងប្រភេទទម្ងន់៥១គីឡូក្រាម កីឡាករ អុត វិចិត្រ ឈ្នះពិន្ទុ នៅ សុខទី។ បន្ទាប់ពីកម្មវិធីប្រដាល់សកលលើកទី១ នេះចប់សហព័ន្ធគ្រោងនឹងរៀបចំជាលើកទី២ នៅពាក់កណ្តាលខែវិច្ឆិកា ដើម្បីតេស្តសមត្ថភាព និងបច្ចេកទេសក្រុមជម្រើសជាតិ។
 
ដើម្បីដុសខាត់មន្រ្តីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រម ដើម្បីឈានប្រកួត និងកាត់សេចក្តីកម្រិតអន្តរជាតិ។ បើតាមការបញ្ជាក់ពីលោក ប៊ុយ សោភ័ណ្ឌ ប្រាប់សារព័ត៌មានថ្មីៗនាពេលកន្លងទៅសហព័ន្ធក៏នឹងត្រៀមអត្តពលិកចេញទៅបោះជំរុំហ្វឹកហាត់នៅក្រៅស្រុកផងដែរ មិនត្រឹមតែប៉ុណ្ណោះក៏នឹងបញ្ជូនកីឡាករ ៦រូបចេញទៅប្រកួតនៅប្រទេសហ្ស៊កដានី ផងដែរ។
 
សូមបញ្ជាក់ថា កីឡាករ៦រូបដែលត្រូវចេញទៅប្រកួតនៅហ្ស៊កដានី រួមមាន នៅ សុខទី, សៅ រង្ស៊ី, ទូច ដេវីត, ណាស្រេឌីនូវ អាន់វ៉សា, វ៉ែន រដ្ឋា និងវ៉ាចាពៅ អាប់ឌុលឡា។ អត្តពលិកដែលចេញទៅហ្វឹកហាត់នៅប្រទេសថៃ រួមមាន កីឡាការិនី វី ស្រីស្រស់, កីឡាករ សៅ រង្ស៊ី, អុត វិចិត្រ, នៅ សុខទី, វណ្ណា លីហៀង, ទូច ដេវីត, សែត សាវីត, ហ៊ុន គឹមហៀង និង អ៊ុង ភារាក់ 
 
 

Tag:
 ប្រដាល់សកល
 ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com