ជាតិ
រដ្ឋបាលខេត្តកែប ឱ្យអ្នកលក់តាមដងផ្លូវ រុះរើការដាក់តាំង លក់ដូរ ចេញពីលើលូ និងផ្លូវសាធារណៈ
07, Oct 2022 , 7:59 pm        
រូបភាព
ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ រដ្ឋបាលខេត្តកែប ឱ្យអាជីវកររុះរើការដាក់តាំងលក់ដូរ ដែលតសំយាប ចងតង់ ដាក់តុ កៅអី គ្រែ ការដាក់តាំងលក់សំលៀកបំពាក់ និងឥវ៉ាន់ផ្សេងៗ ចេញពីលើលូ និងផ្លូវសាធារណៈ ចាប់ពីថ្ងៃទី០៦ រហូតដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ។ ការរុះរើនេះ មានគោលបំណងរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ  ដែលស័ក្តិសមជាទីក្រុងទេចរណ៍ធម្មជាតិ។

 
រដ្ឋបាលខេត្តកែប បានឱ្យដឹងថា អាជីវករ ពាណិជ្ជករ ដែលមានតូបលក់ដូរនៅតំបន់រមណីយដ្ឋានឆ្នេរកែប ត្រូវរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ អនាម័យ បរិស្ថាន សោភ័ណភាព នៅជុំវិញកន្លែងប្រកបអាជីវកម្មរបស់ខ្លួន ដូចជា ការដាក់តាំាំងលក់ តសំយាប ចងតង់ ដាក់តុ កៅអី គ្រែនៅលើលូ និងផ្លូវសាធារណៈ។ 


អាជ្ញាធរ ចុះណែនាំអ្នកលក់តាមដងផ្លូវ ដើម្បីរៀបចំសណ្ដាប់ធ្នាប់។ រូបថត៖ រដ្ឋបាលខេត្តកែប
 
រដ្ឋបាលក្រុងកែប ណែនាំឱ្យអាជីវករទាំងអស់ ត្រូវរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយឱ្យបានល្អជុំវិញកន្លែកលក់ដូរ ត្រូវវេចខ្ចប់ និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។ លើសពីនេះ រដ្ឋបាលខេត្តកែប មិនអនុញ្ញាតឱ្យមានការតសំយាបចងតង់ ដាក់តុ កៅអី គ្រែនៅលើលូ និងផ្លូវសាធារណៈជាដាច់ខាត។
 
ជាមួយគ្នានេះដែរ អាជីវករ និងពាណិជ្ជករ ដែលមិនអនុវត្តតាមសេចក្តីជូនដំណឹងនេះ រដ្ឋបាលក្រុងកែប នឹងសហការជាមួយអង្គភាពជំនាញពាក់ព័ន្ធ ចុះធ្វើការរុះរើដោយមិនទទួលខុសត្រូវលើការខូតខាតទ្រព្យសម្បត្តិ និងសម្ភារៈផ្សេងៗឡើយ។ 
 
សូមបញ្ជាក់ថា រដ្ឋបាលក្រុងកែប ជឿជាក់យ៉ាងមុតមាំចំពោះអាជីវករ ពាណិជ្ជករ នឹងសហការអនុវត្ត ដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់របៀបរៀបរយ និងផលប្រយោជន៍សាធារណៈ។
 
 
 
 
 
 
 
 
 
 
 

Tag:
 ThmeyThmey25
 រដ្ឋបាលខេត្តកែប
© រក្សាសិទ្ធិដោយ thmeythmey.com