កីឡាជាតិ
ជាតិ
CPL សប្តាហ៍ទី១៩៖ ណាហ្គាវើលដ៍ ត្រូវការឈ្នះស្វាយរៀង ដើម្បីបន្តប្រជែងកៅអីទៅវគ្គខ្វែង
08, Oct 2022 , 7:59 am        
រូបភាព
ជំនួបរវាងក្រុមព្រះខ័រាជស្វាយរៀង(ក្រហម) ទល់នឹងកងយោធពលខេមរភូមិន្ទ(ទឹកប៊ិច) នាសប្តាហ៍ទី១៨។ រូបពី CPL
ជំនួបរវាងក្រុមព្រះខ័រាជស្វាយរៀង(ក្រហម) ទល់នឹងកងយោធពលខេមរភូមិន្ទ(ទឹកប៊ិច) នាសប្តាហ៍ទី១៨។ រូបពី CPL
ដោយ:
ព្រះខ័នរាជស្វាយរៀង ទទួលក្រុមភ្ញៀវណាហ្គាវើលដ៍ ក្នុងកីឡដ្ឋានខេត្តស្វាយរៀង ខណៈវិសាខា ស្វាគមភ្ញៀវបឹងកេត នាកីឡដ្ឋានព្រីនស៍ក្នុងការប្រកួតពានរង្វាន់ខេមបូឌានព្រីមៀរលីគ(CPL) សប្តាហ៍ទី១៩ នៅថ្ងៃទី៨ ខែតុលា។ ទាំងណាហ្គាវើលដ៍ និងបឹងកេត សុទ្ធតែត្រូវការឈ្នះដើម្បីមានឱកាសបន្តទៅវគ្គខ្វែង ខណៈ ព្រះខ័នរាជស្វាយរៀង និង វិសាខាកក់កៅអីរួចហើយ។

 
ម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង ឆ្លងកាត់១៨ប្រកួតកន្លងមក ឈ្នះ១៣ ស្មើ៣ និងចាញ់២ មាន៤២ពិន្ទុ ឈរកំពូលតារាង CPL ។ ចំណែក ណាហ្គាវើលដ៍ ១៨ប្រកួតឈ្នះ៦ ស្មើ៥ និងចាញ់៧ ប្រកួតចុងក្រោយឈ្នះគីរីវង់ ២-០ មាន២៣ពិន្ទុ ឈរចំណាត់ថ្នាក់ទី៥។ ព្រះខ័នរាជ ពុំដែលចាញ់ណាហ្គា ឡើយ ក្នុងនោះ៦ប្រកួត ឈ្នះ៥ និងស្មើ១។
 
ក្នុងពេលជាមួយគ្នាបឹងកេត នឹងត្រូវស្វែងរកពិន្ទុពីម្ចាស់ផ្ទះវិសាខា ដែលកំពុងនាំមុខខ្លួន៤ពិន្ទុ។ ១៨ប្រកួតរបស់បឹងកេត ឈ្នះ៩ ស្មើ៤ និងចាញ់៥ មាន៣១ពិន្ទុ ស្ថិតនៅចំណាត់ថ្នាក់ទី៣ ខណៈវិសាខា ឈ្នះ១១ ស្មើ២ និងចាញ់៥ មាន៣៥ពិន្ទុ ឈរលេខ២ ដោយតាមពីក្រោយក្រុមកំពូលតារាងទះព្រះខ័នរាជស្វាយរៀង៧ពិន្ទុ។ ជួបគ្នា៦លើក បឹងកេត ឈ្នះ៥ និងចាញ់១។ 


ការប្រជែងបាល់រវាងក្រុមណាហ្គាវើលដ៍ និងគីរីវង់សុខសែនជ័យ ក្នុងជំនួបសប្តាហ៍ទី១៨។ រូបពី CPL
 
អង្គរថាយហ្គឺរ ទទួលកងយោធពលខេមរភូមិន្ទ(ទ័ព) នៅម៉ោង៣ និង៤៥នាទី។ ជួបគ្នា៥លើក ថាយហ្គឺរឈ្នះ ៣ស្មើ១ និងចាញ់១។ ជាមួយគ្នានោះដែរ ភ្នំពេញក្រោន សួរសុខទុក្ខគីរីវង់សុខសែនជ័យ ពួកគេធ្លាប់ជួបគ្នា៥លើក ភ្នំពេញក្រោនពុំដែលស្គាល់ពាក្យបរាជ័យឡើយ។
 
ព្រះខ័នរាជស្វាយរៀង មាន៤២ពិន្ទុ និងវិសាខា មាន៣៥ពិន្ទុ កក់សំបុត្រវគ្គ៤ក្រុមចុងក្រោយ។ ខណៈបឹងកេត មាន៣១ពិន្ទុ ភ្នំពេញក្រោន ២៧ពិន្ទុ ណាហ្គាវើលដ៍ ២៣ពិន្ទុ និងអង្គរថាយហ្គឺរ មាន២១ពិន្ទុត្រូវប្រជែងសំបុត្រយកពីរក្រុមទៅវគ្គខ្វែង៤ក្រុមចុងក្រោយ។ ចំណែក ទ័ព មាន១៧ពិន្ទុ គីរីវង់សុខសែនជ័យ ឈរលេខ៨ មាន៥ពិន្ទុ។ ការប្រកួតនឹងចាប់ផ្តើមពីម៉ោង ៣និង៤៥នាទីរសៀលតទៅ៕
 
 

Tag:
 ខេមបូឌានព្រីមៀរលីគ
© រក្សាសិទ្ធិដោយ thmeythmey.com