កីឡាជាតិ
ជាតិ
កីឡាការិនីពិការភ្នែក យិន សូត៖ យើងមិនអាចរំពឹងលទ្ធផលមុនបានទេ តែយើងត្រូវប្រឹងប្រែងហ្វឹកហាត់
08, Oct 2022 , 2:59 pm        
រូបភាព
លោក យី បារាំង និងកីឡាការិនី យិន សូត កំពុងហ្វឹកហាត់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ
លោក យី បារាំង និងកីឡាការិនី យិន សូត កំពុងហ្វឹកហាត់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ
កញ្ញា យិន សូត ជាកីឡាការិនីអត្ដពលកម្មប៉ារ៉ាឡាំពិកកម្ពុជា ដែលមានពិការភាពភ្នែក បានត្រៀមខ្លួនរួចជាស្រេច ក្នុងការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជា នាពាក់កណ្ដាលឆ្នាំ២០២៣។ កីឡាការិនីរូបនេះ បានតាំងចិត្ត និងខិតខំប្រឹងប្រែងហ្វឹកហាត់ទ្វេដង ដើម្បីទទួលបានលទ្ធផលល្អ ដោយមិនរំពឹងទុកលទ្ធផលជាមុននោះទេ។


 
កញ្ញា យិន សូត ជាអត្ដពលិកប៉ារ៉ាឡាំពិកកម្ពុជាលើវិញ្ញាសារត់ប្រណាំង បានប្រាប់សារព័ត៌មានថ្មីៗថា ខ្លួនពិតជាសប្បាយចិត្ត ក្នុងការត្រៀមប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១២។ ការសប្បាយចិត្ត បានជំរុញឲ្យកីឡាការិនីរូបនេះ ប្រឹងប្រែងហ្វឹកហាត់យ៉ាងសកម្ម។ បើទោះជាកម្ពុជា ធ្វើជាម្ចាស់ផ្ទះ កញ្ញា យិត សូត មិនទាន់អាចរំពឹងថានឹង មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការយកមេដាយណាមួយឡើយ។ ប៉ុន្ដែកីឡាការិនីរូបនេះ ចាត់ទុកថា ការប្រឹងប្រែងហ្វឹកហាត់ជាជំហានដំបូងដើម្បីបានមេដាយ។
 
«យើង ត្រូវប្រឹងប្រែងហ្វឹកហាត់ អស់ពីសមត្ថភាព។ យើង មិនទាន់ស្មានដឹងពីលទ្ធផលទេ ព្រោះការប្រកួតអន្ដរជាតិ យើងពិបាកស្មានណាស់។ ការបញ្ចេញសមត្ថភាព នៅពេលប្រកួត ទាំងយើង ទាំងគេ ទើបអាចដឹងពីលទ្ធផលបាន»។ កញ្ញា យិន សូត បានប្រាប់ដូច្នេះ។
 
កីឡាការិនីរូបនេះ ត្រូវចាប់ដៃគូជាមួយលោក យី បារាំង គ្រូបង្វឹកអត្តពលកម្មពិការភ្នែកលើវិញ្ញាសារត់ប្រណាំង ដើម្បីប្រកួត។ រាល់ការប្រកួត អ្នកទាំងពីរ ត្រូវប្រើខ្សែដើម្បីកាន់ ហើយត្រូវប្រើចលនាឲ្យស្រុះគ្នា។ លោក យី បារាំង អះអាងថា ក្នុងនាមជាគ្រូបង្វឹក និងដៃគូប្រៀបដូចជាអ្នកនាំផ្លូវ ដល់អត្ដពលិក។ ដូច្នេះ គ្រូបង្វឹករូបនេះ ត្រូវយល់ចិត្តអត្ដពលិក ដើម្បីឲ្យជោគជ័យក្នុងការប្រកួត។

លោក យី បារាំង និង កីឡាការិនី យិន សូត ផ្ដល់បទសម្ភាសមកសារព័ត៌មានថ្មីៗ
 
លោក យី បារាំង លើកឡើងថា៖ «ពួកយើង ត្រូវហ្វឹកហាត់រត់ជាមួយគ្នា ជារៀងរាល់ថ្ងៃដើម្បីឲ្យយល់ចិត្តគ្នា។ ពួកយើងទាំងពីរ ដូចជាមនុស្សតែមួយអ៊ីចឹង»។
 
គួរបញ្ជាក់ផងដែរថា កីឡាការិនី យិន សូត និងលោក យី បារាំង បានចាប់ដៃគ្នាក្នុងវិស័យកីឡា ចាប់ពីឆ្នាំ២០១៩។ ចំពោះការរត់ ដោយប្រើខ្សែកាន់ ដែលប្រកួតជាគូនេះ លោក យី បារាំង ត្រូវតែរត់លឿនជាងកីឡាការិនី យិន សូត បើមិនដូច្នោះទេ កីឡាការិនីរូបនេះ នឹងមិនអាចទទួលបានលទ្ធផលល្អពីការប្រកួតទេ៕ 
 

អត្ដពលិកប៉ារ៉ាឡាំពិកកម្ពុជា ហ្វឹកហាត់លើប្រភេទកីឡាអត្ដពលកម្ម នៅពហុកីឡដ្ឋានជាតិមរតកតេជោ

 

Tag:
 អាស៊ានប៉ារ៉ាហ្គេម
  យិន សូត
  យី បារាំង
© រក្សាសិទ្ធិដោយ thmeythmey.com