កីឡាជាតិ
ជាតិ
កោះកុងអេហ្វស៊ី ត្រៀមខ្លួនរួចរាល់សម្រាប់ទទួលអគ្គិសនីកម្ពុជា នៅទឹកដីខ្លួន
08, Oct 2022 , 5:59 pm        
រូបភាព
ជំនួបជើងទី១ រវាងក្រុមអគ្គិសនីកម្ពុជា និង កោះកុងអេហ្វស៊ី នៅទីលានបាល់ទាត់ EDC។ រូបពី Cambodian League 2
ជំនួបជើងទី១ រវាងក្រុមអគ្គិសនីកម្ពុជា និង កោះកុងអេហ្វស៊ី នៅទីលានបាល់ទាត់ EDC។ រូបពី Cambodian League 2
លោក ហុក សុជីវន័ គ្រូបង្វឹកក្រុមបាល់ទាត់កោះកុង អេហ្វស៊ី បានបញ្ជាក់ កូនក្រុមលោក បានត្រៀមខ្លួនរួចរាល់ ដើម្បីប្រកួត បើទោះជាមិនអាចរំពឹងថាឈ្នះ ១០០ភាគរយ តែកីឡាករ ត្រៀមលក្ខណៈ បានគ្រប់គ្រាន់។ កោះកុង អេហ្វស៊ី ត្រូវធ្វើជាម្ចាស់ផ្ទះ ទទួលក្រុមភ្ញៀវអគ្គិសនីកម្ពុជា ក្នុងការប្រកួតពានរង្វាន់ជើងឯក លីគ២កម្ពុជា នៅថ្ងៃទី៩ ខែតុលា នៅទីលានបាល់ទាត់ខេត្តកោះកុង វេលាម៉ោង ៣:៤៥ រសៀល។


 
ការប្រកួតជើងទី១ អគ្គិសនីកម្ពុជា បានយកឈ្នះលើកោះកុងអេហ្វស៊ី ក្នុងលទ្ធផល ៣-២ នៅទីលានបាល់ទាត់ EDC កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២។ លោក ហុក សុជីវ័ន បាននិយាយថា៖ «បាល់ទាត់ មិនអាចមើលឃើញលទ្ធផលមុនបាន។ ការប្រកួតក្នុងទីលាន ជាអ្នកសម្រេចលទ្ធផល។ កីឡាករយើង បានត្រៀមលក្ខណៈរួចរាល់ ដើម្បីជួបក្រុមខ្លាំងនេះ»។
ដោយឡែក ចំពោះចំណាប់អារម្មណ៍ និងការត្រៀមខ្លួនរបស់ក្រុមអគ្គិសនីកម្ពុជា យ៉ាងណានោះ សារព័ត៌មានថ្មីៗ មិនអាចទំនាក់ទំនងបានទេ ដោយសារលោក ទុំ សារ៉ាយ គ្រូបង្វឹកអគ្គិសនីកម្ពុជា ជាប់រវល់។

ជំនួបជើងទី១ រវាងក្រុមអគ្គិសនីកម្ពុជា និង កោះកុងអេហ្វស៊ី នៅទីលានបាល់ទាត់ EDC។ រូបពី Cambodian League 2
 
ក្នុងពេលទន្ទឹមគ្នានោះ សៀមរាបអេហ្វស៊ី ត្រូវប្រកួតជាមួយ ព្រៃវែងអេហ្វស៊ី នៅកីឡដ្ឋានខេត្តសៀមរាប ខណៈបន្ទាយមានជ័យអេហ្វស៊ី ជួបនគរបាលជាតិ នៅទីលានបាល់ទាត់វិទ្យាល័យខ្លាកូន។ រីឯ កីឡដ្ឋាន AIA KHM Park របស់ ISI ដង្កោសែនជ័យ ត្រូវបើកទ្វារទទួលក្រុមភ្ញៀវ ក្រុមបាល់ទាត់ខេត្តត្បូងឃ្មុំ។ ចំណែក សាលាកីឡាបាល់ទាត់ជាតិ ត្រូវប្រកួតជាមួយ សូលទីឡូអង្គរ នៅទីលានសាលាបាល់ទាត់ជាតិ ស្របពេលដែរ ណិចស្ដិបអេហ្វស៊ី ប៉ះ អាស៊ីអឺរ៉ុបយូណាយធីត នៅកីឡដ្ឋានហនុមាន។
 
គួរបញ្ជាក់ថា ក្នុងតារាងពិន្ទុបណ្ដោះអាសន្ន ក្រុមបាល់ទាត់អគ្គិសនីកម្ពុជា ឈរចំណាត់ថ្នាក់លេខ១ មាន៤២ពិន្ទុ តាមពីក្រោយដោយ កោះកុងអេហ្វស៊ី មាន៣៩ពិន្ទុ ស្មើគ្នាជាមួយ ក្រុមលេខ៣ ISI ដង្កោសែនជ័យ និងក្រុមលេខ៤ នគរបាលជាតិ។ ដោយឡែក ព្រៃវែងអេហ្វស៊ី ឈរលេខ៥ មាន៣៥ពិន្ទុ និងលេខ៦ អាស៊ីអឺរ៉ុបយូណាយធីត មាន២៦ពិន្ទុ។ រីឯ សូលទីឡូអង្គរ ឈរលេខ៧ មាន២២ពិន្ទុ និងលេខ៨ សាលាកីឡាបាល់ទាត់ជាតិ មាន១៩ពិន្ទុ និងតាមពីក្រោយដោយ ដោយខេត្តសៀមរាប មានពិន្ទុដូចគ្នា។ ចំណែក ខេត្តត្បូងឃ្មុំឈរលេខ១០ មាន១៨ពិន្ទុ, ណិចស្តិប លេខ១១ មាន៦ពិន្ទុ និងក្រុមបន្ទាយមានជ័យអេហ្វស៊ី មាន៥ពិន្ទុ លេខ១២៕


ជំនួបជើងទី១ រវាងក្រុមអគ្គិសនីកម្ពុជា និង កោះកុងអេហ្វស៊ី នៅទីលានបាល់ទាត់ EDC។ រូបពី Cambodian League 2

 

Tag:
 បាល់ទាត់
  League 2
© រក្សាសិទ្ធិដោយ thmeythmey.com