កីឡាជាតិ
ជាតិ
U17 Asian Cup៖ កម្ពុជាបាន៣ពិន្ទុមុនមកផ្ទះវិញ ខណៈឡាវឡើងទៅវគ្គ​បន្ត
10, Oct 2022 , 9:32 am        
រូបភាព
ការប្រជែងបាល់រវាងខ្សែការពារកម្ពុជា ប៊ុន ម៉ៅ(ខៀវ)  និងកីឡាករកោះម៉ារីយ៉ាណាខាងជើង(ស)។ រូបពី FFC
ការប្រជែងបាល់រវាងខ្សែការពារកម្ពុជា ប៊ុន ម៉ៅ(ខៀវ) និងកីឡាករកោះម៉ារីយ៉ាណាខាងជើង(ស)។ រូបពី FFC
ដោយ:
ក្រុមបាល់ទាត់យុវជនអាយុក្រោម ១៧ឆ្នាំកម្ពុជា យកបាន៣ពិន្ទុក្រោយឈ្នះ កោះម៉ារីយ៉ាណាខាងជើង ៤-០ ក្នុងការប្រកួតពូលG នៃពានរង្វាន់ AFC U17 Asian Cup 2023 កាលពីថ្ងៃទី៩ ខែតុលា នាកីឡដ្ឋាន Shepparton រដ្ឋវិចតូរីយ៉ា ប្រទេសអូស្ត្រាលី។

 
គ្រាប់ទី១ធ្វើបានសម្រេចដោយខ្សែប្រយុទ្ធ ស៊ូ ម៉េងហុង ដែលតែតបញ្ចូលទីនៅនាទី២១ ក្រោយពីការបញ្ជូនចេញពីខ្សែការពារ វ៉ា ដាវីត។ នៅនាទី៣៩  ខ្សែប្រយុទ្ធ ស៊ូ ម៉េងហុង ដដែល បាន​អូសបាល់ផុតដៃអ្នកចាំទីកោះម៉ារីយ៉ាណាខាងជើង រួចស៊ុតបញ្ចូលទីស្រួលៗ ចំណែកគ្រាប់ទី៣ សម្រេចទីដោយខ្សែបម្រើ ទាំ មករា ដែលស៊ុតជើងឆ្វេងពីលើប្រអប់តំបន់គ្រោះថ្នាក់ នៅនាទី៤៥។


ជំនួបរវាងក្រុមបាល់ទាត់កម្ពុជាអាយុក្រោម១៧ឆ្នាំ(ខៀវ) ទល់នឹងកោះម៉ារីយ៉ាណាខាងជើង(ស)។ រូបពី FFC
 
ចូលដល់វគ្គទី២ កម្ពុជា បន្តវាយសម្រុកទៅតំបន់គ្រោះថ្នាក់ កោះម៉ារីយ៉ាណាខាងជើង ជាច្រើនលើក ប៉ុន្តែមិនមានសំណាងក្នុងសម្រេចទីបានឡើយ។ កោះម៉ារីយ៉ាណាខាងជើង វាយបកមកវិញដែរ តែក៏មិនអាចទម្លាយសំណាញ់ទីកម្ពុជាបាន។ លុះដល់នាទី៩០ កម្ពុជាបន្ថែមគ្រាប់ទី៤ មុនអាជ្ញាកណ្តាលផ្លុំកញ្ច្រែបញ្ចប់ការប្រកួត ដែលសម្រេចបានដោយខ្សែប្រយុទ្ធ សួន មករា ពីការស៊ុត​ខាង​ជើងស្តាំ។
 
កម្ពុជាទទួលបាន​៣ពិន្ទុបង្គ្រប់​កិច្ច​មុន​ដំណើរ​វិលត្រឡប់មក​ប្រទេសវិញ។ នាការប្រកួត​បើកឆាក កម្ពុជាចាញ់ចិន ៩-០ ហើយ​បន្ត​ចាញ់ម្ចាស់ផ្ទះអូស្ត្រាលី ១០-០ ។ ម្ចាស់ផ្ទះអូស្ត្រាលី និង​ចិន ត្រូវឡើងទៅ​វគ្គ​បន្ត​ ខណៈកម្ពុជាបាន​ត្រឹមលេខ៣ ហើយកោះម៉ារីយ៉ាណា នៅបាតតារាង ក្រោយ​លទ្ធផលចាញ់អូស្ត្រាលី ២៣-០, ចាញ់​ចិន ១១-០ និងចាញ់កម្ពុជា ៤-០។
 
ស្របជាមួយគ្នានេះ ឡាវ បាន​ស្ថិតក្នុងចំណោម​ក្រុម​លេខ​២ល្អដែល​ទទួលបានឱកាស​ឡើង​ទៅកាន់ជុំចុងក្រោយនៃព្រឹត្តិការណ៍ AFC U17 Asian Cup  រួមជាមួយម៉ាឡេស៊ី វៀតណាម និង​ថៃ។
 
ក្រុមទាំង​១៦ដែល​បានទៅកាន់ជុំចុងក្រោយរួមមាន ជប៉ុន, ម៉ាឡេស៊ី, កាតា, អារ៉ាប៊ីសាអូឌីត, យ៉េមែន, វៀតណាម, អូស្ត្រាលី, តាហ្ស៊ីគីស្ថាន, អ៊ីរ៉ង់, អ៊ូសបេគីស្ថាន, កូរ៉េខាងត្បូង, ចិន, អាហ្វហ្គានីស្ថាន, ឥណ្ឌា, ថៃ និងឡាវ៕
 
 

Tag:
 កីឡាបាល់ទាត់យុវជន
 AFC
© រក្សាសិទ្ធិដោយ thmeythmey.com