ជាតិ
ផ្លូវល្បឿនលឿន និងឆ្នេរស្អាត ជួយទាក់ទាញទេសចរ ១១ម៉ឺននាក់ នាចុងសប្តាហ៍
10, Oct 2022 , 3:39 pm        
រូបភាព
ភ្ញៀវទេសចរ សម្រាកកម្សាន្តនៅឆ្នេរសាធារណក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី៩តុលា។​ រូបភាពរដ្ឋបាលខេត្តព្រះសីហនុ។
ភ្ញៀវទេសចរ សម្រាកកម្សាន្តនៅឆ្នេរសាធារណក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី៩តុលា។​ រូបភាពរដ្ឋបាលខេត្តព្រះសីហនុ។
ដោយ:
ទេសចរជាតិ-អន្តរជាតិចំនួន ១១ម៉ឺននាក់បានដើរកម្សាន្តនៅខេត្តព្រះសីហនុកាលពីចុងសប្តាហ៍កន្លងទៅ។ និន្នាការដើរកម្សាន្តរបស់ភ្ញៀវទេសចរទៅខេត្តព្រះសីហនុ ខុសប្លែកយ៉ាងខ្លាំង ក្រោយក្រសួងសាធារណការ និងដឹកជញ្ជូន បើកឱ្យអ្នកដំណើរ ធ្វើដំណើរលើផ្លូវល្បឿនលឿនសាកល្បងដោយឥតគិតថ្លៃ។

 
នៅថ្ងៃទី៨ និង៩ ខែតុលា នៅតាមឆ្នេរសាធារណៈ ក្នុងខេត្តព្រះសីហនុមាន ភ្ញៀវទេសចរយ៉ាងច្រើនសម្រាកកម្សាន្ត ចំណែកផ្លូវមួយចំនួនតាមបណ្ដោយឆ្នេរក៏មានការកកស្ទះដែរ។ ទេសចរមួយចំនួនបានចេញពីរាជធានីភ្នំពេញ ទៅកម្សាន្តនៅខេត្តជាប់សមុទ្រមួយនេះ នៅព្រឹកថ្ងៃសៅរ៍។ ទេសចរខ្លះសម្រាកមួយយប់ និងខ្លះទៀតវិលត្រឡប់មកវិញនៅពេលល្ងាចតែម្ដង។


 រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ
 
ទេសចរទៅកម្សាន្តនៅខេត្តព្រះសីហនុរយៈពេល ២សប្តាហ៍នៃខែតុលាឆ្នាំ២០២២នេះ ខុសប្លែកពីសប្តាហ៍ផ្សេងៗយ៉ាងខ្លាំង។ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ប្រាប់សារព័ត៌មានThmeyThmey25ថា ទេសចររហូតដល់ជាង ១១ម៉ឺននាក់បានទៅកម្សាន្តនៅខេត្តព្រះសីហនុនាចុងសប្តាហ៍កន្លងទៅនេះ។ ទិន្នន័យទេសចរច្រើនបែបនេះ កន្លងមកមានតែពេលពិធីបុណ្យជាតិធំៗប៉ុណ្ណោះ។
 
លោក ឡុង ឌីម៉ង់ បន្តថាទេសចរមួយចំនួនធំចង់សាកល្បងផ្លូវល្បឿនលឿន ហើយបន្តទៅកម្សាន្តតំបន់ឆ្នេរក្នុងខេត្តព្រះសីហនុតែម្ដង។ លោកបញ្ជាក់ដូច្នេះ៖ «ពលរដ្ឋគាត់ចង់សាកផ្លូវល្បឿនលឿន ដែលមានទេសភាពស្រស់ស្អាត ហើយការធ្វើដំណើរលឿន ត្រឹមរយៈពេល២ម៉ោង។ ណាមួយខេត្តព្រះសីហនុ មានហេដ្ឋារចនាសម្ព័ន្ធស្អាត អនាម័យ បរិស្ថានតាមឆ្នេរស្អាត ទើបធ្វើឱ្យទេសចរច្រើនខ្លាំងត្រឹមចុងសប្តាហ៍។ លើសពីឆ្នេរ ទេសចរក៏ទៅកន្លែងកម្សាន្តធម្មជាតិផ្សងដែរ»។


ក្រសួងសារធារណការ និងដឹកជញ្ជូនបានដាក់ឱ្យពលរដ្ឋធ្វើដំណើរសាកល្បងលើផ្លូវល្បឿនលឿនរយៈពេល១ខែ ចាប់ពីថ្ងៃទី១តុលា ដល់៣១តុលា។ រូបភាពពីក្រសួងសាធារណការ និងដឹកជញ្ជូន។
 
 
បើតាមអភិបាលរងខេត្តរូបនេះ ប្រតិបត្តិករទេសចរណ៍ក្នុងខេត្តព្រះសីហនុ បានរៀបចំខ្លួនយ៉ាងល្អដើម្បីទទួលទេសចរ។ តាមរយៈសេវាកម្មល្អ និងបរិស្ថានស្អាត ធ្វើឱ្យខេត្តព្រះសីហនុ មានទេសចរទៅកម្សាន្តកើនឡើងស្ទើររៀងរាល់ចុងសប្តាហ៍។
 
សូមជម្រាបថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកឱ្យពលរដ្ឋធ្វើដំណើរសាកល្បងដោយឥតគិតថ្លៃរយៈពេល ១ខែ ដោយគិតចាប់ពីថ្ងៃទី១តុលា ដល់ថ្ងៃទី៣១តុលា ឆ្នាំ២០២២។ ផ្លូវល្បឿនលឿនភ្នំពេញព្រះសីហានុ មានប្រវែង ១៨៧.០៥ គីឡូវម៉ែត ដែលបានតភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕

អត្ថបទទាក់ទង
 


លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ។ រូបភាពពីរដ្ឋបាលខេត្តព្រះសីហនុ

 
 
 

Tag:
 ThmeyThmey25
  ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com