កីឡាជាតិ
ជាតិ
CPL៖ ស្វាយរៀង, វិសាខា និងបឹងកេត កក់កៅអីវគ្គ១/២ផ្តាច់ព្រ័ត្រ ខណៈក្រោន និងណាហ្គា ដណ្តើមលេខ៤
10, Oct 2022 , 4:29 pm        
រូបភាព
ជំនួបរវាងក្រុមព្រះខ័នរាជស្វាយរៀង(ខៀវ) ទល់នឹងណាហ្គាវើលដ៍(លឿង) នាសប្តាហ៍ទី១៩ នៃពាលរង្វាន់ខេមបូឌានព្រីមៀរលីគ។ រូបពី ព្រះខ័នរាជស្វាយរៀង
ជំនួបរវាងក្រុមព្រះខ័នរាជស្វាយរៀង(ខៀវ) ទល់នឹងណាហ្គាវើលដ៍(លឿង) នាសប្តាហ៍ទី១៩ នៃពាលរង្វាន់ខេមបូឌានព្រីមៀរលីគ។ រូបពី ព្រះខ័នរាជស្វាយរៀង
ដោយ:
ក្រុមកីឡាបាល់ទាត់ព្រះខ័នរាជស្វាយរៀង, វិសាខា និងបឹងកេត កក់កៅអីឡើងទៅកាន់វគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រ ក្នុងការប្រកួតពានរង្វាន់បាល់ទាត់ខេមបូឌានព្រីមៀរលីគ (CPL) រដូវកាល ២០២២។ ភ្នំពេញក្រោន និងណាហ្គាវើលដ៍ដែលស្ថិតនៅលេខ៤និងលេខ៥ ត្រូវប្រជែងពិន្ទុគ្នាដើម្បីដណ្តើមដំណែងលេខ៤។

 
បន្ទាប់ពីយកឈ្នះក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀង ៣-២ នៅជំនួបលីគសប្តាហ៍ទី១៩ នៅថ្ងៃទី៩ ខែតុលា ក្រុមណាហ្គាវើលដ៍ នៅរក្សាឱកាសប្រជែងតំណែងលេខ៤ ជាមួយគូរប្រជែងរបស់ខ្លួនភ្នំពេញក្រោន បន្ទាប់ពីយកបាន៣ពិន្ទុបន្ថែមក្រោយឈ្នះក្រុមម្ចាស់ផ្ទះគីរីវង់សុខសែនជ័យ ៥-៣ នាកីឡដ្ឋានគីរីវង់។


ការប្រកួតរវាងក្រុមបឹងកេត(ស) និងវិសាខា (ខៀវ) នាសប្តាហ៍ទី១៩។ រូបពី CPL

បឹងកេត បានត្រឹមចែកគ្នាម្នាក់១ពិន្ទុ ក្រោយស្មើរវិសាខា ២-២ ចំណែកក្រុមអង្គរថាយហ្គឺរ អស់ឳកាសក្នុងការប្រជែងបន្ទាប់ពីចាញ់ភ្ញៀវកងយោធពលខេមរភូមិន្ទ(ទ័ព) ៣-០ នាកីឡដ្ឋានហនុមាន។ រីឯកងយោធពលខេមរភូមិន្ទ និងគីរីវង់សុខសែនជ័យក៏ពុំមានឳកាសដើម្បីឡើងទៅវគ្គបន្តដូចគ្នាដែរ ។
 
សម្រាប់ក្រុមដែលទទួលបានសំបុត្រកក់កៅអីលេងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមាន ព្រះខ័នរាជស្វាយរៀង ឈរលេខ១ មាន៤២ពិន្ទុ នាំមុខវិសាខា លេខ២ មាន៣៦ពិន្ទុ និងបឹងកេតលេខ៣ មាន៣២ពិន្ទុ។ ដោយឡែក ភ្នំពេញក្រោន ដែលមាន៣០ពិន្ទុ ឈរចំណាត់ថ្នាក់ទី៤ ដោយនាំមុខណាហ្គាវើលដ៍ លេខ៥ ចំនួន៤ពិន្ទុ ត្រូវប្រជែងគ្នាដណ្តើមលេខ៤ ដើម្បីឡើងទៅវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រ ដ្បិតនៅសល់២ប្រកួតចុងក្រោយ។ គីរីវង់សុខសែនជ័យដែលនៅបាតតារាង ត្រូវលេងជម្រុះ play-off ជាមួយក្រុមលីគទី២ ដើម្បីបន្ត ឬធ្លាក់ពីលីគកំពូលរដូវកាលក្រោយ។
 
សម្រាប់ប្រកួតសប្តាហ៍ទី២០ ថ្ងៃទី១៥ ខែតុលា ព្រះខ័នរាជស្វាយរៀង ទទួលអង្គរថាយហ្គឺរ, កងយោធពលខេមរភូមិន្ទ ស្វាគមន៍ វិសាខា ចំណែកណាហ្គាវើលដ៍ ជួបភ្នំពេញក្រោន និងគីរីវង់សុខសែនជ័យ ប៉ះបឹងកេត។
ជំនួបចុងក្រោយ សប្តាហ៍ទី២១ ថ្ងៃទី២២ ខែតុលា ក្រុម វិសាខា ទទួលព្រះខ័នរាជស្វាយរៀង, ភ្នំពេញក្រោន ស្វាគមន៍បឹងកេត ចំណែក គីរីវង់សុខសែនជ័យ ប៉ះកងយោធពលខេមរភូមិន្ទ និងណាហ្គាវើលដ៍ ជួបអង្គរថាយហ្គឺរ៕
 

Tag:
 កីឡាបាល់ទាត់
 ខេមបូឌានព្រីមៀរលីគ
© រក្សាសិទ្ធិដោយ thmeythmey.com