កីឡាជាតិ
ជាតិ
គុនខ្មែរ៖ ឈុត សេរីវ៉ាន់ថង ឈ្នះវ៉ាន់ វឿន ដោយពិន្ទុ ឯរិន ដេវីត វាយសៀវ ង៉ុយ ឱ្យសន្លប់ទឹក៤
10, Oct 2022 , 5:39 pm        
រូបភាព
ការគុនគ្រូដោយបង្គោលខៀវ វ៉ាន់ វឿន និងបង្គោលក្រហម ឈុត សេរីវ៉ាន់ថង។ រូបពី វ៉ាន់ វឿន
ការគុនគ្រូដោយបង្គោលខៀវ វ៉ាន់ វឿន និងបង្គោលក្រហម ឈុត សេរីវ៉ាន់ថង។ រូបពី វ៉ាន់ វឿន
ដោយ:
ឈុត សេរីវ៉ាន់ថង រក្សាដំណែងកំពូលតារាងក្រោយឈ្នះកីឡាករ វ៉ាន់ វឿន ដោយពិន្ទុ ចំណែក រិន ដេវីត ឡើងមកឈរលេខ២ បន្ទាប់ពីវាយឱ្យ សៀវ ង៉ុយ បោះបង់ការប្រកួតក្នុងទឹកទី៤ ក្នុងវគ្គសន្សំពិន្ទុពូលA ជុំទី២ នៃពានរង្វាន់«សម្តេចពិជ័យសេនា» កាលពីថ្ងៃទី៩ ខែតុលា។

 
ក្នុងទឹកទី១ បង្គោលក្រហមរាហ៊ូមាស ឈុត សេរីវ៉ាន់ថង គោះជើងក្រោមតិចៗលក្ខណៈស្ទាបស្ទង់បង្គោលខៀវអ្នកលេងកាំភ្លើងភ្លោះ វ៉ាន់ វឿន ដើម្បីជាកិច្ចបើកការគួរសម។ ចូលដល់ទឹកទី២ រាហ៊ូមាសហាក់ចង់ផ្តាច់ អ្នកលេងជើងភ្លោះឱ្យសន្លប់តែមិនអាចទៅរួច។


ការប្រកួតរវាងបង្គោលក្រហម រិន ដេវីត និងបង្គោលខៀវ សៀវ ង៉ុយ។ រូបCapture ពី TV5
 
ចូលដល់ទឹកទី៣ បង្គោលក្រហមបើកការវាយសន្ធប់សារជាថ្មីទៅលើបង្គោលខៀវពេញៗកណ្តាប់ដៃដ៏សែនធ្ងន់ រហូតធ្វើឱ្យបង្គោលខៀវព្យាយាមដកថយដើម្បីវាយបកតបតមកវិញ។ វ៉ាន់ថង បន្ថែមការវាយលុកជាថ្មីទៀតនៅទឹកទី៤ ទៅកាន់ វ៉ាន់ វឿន ប៉ុន្តែមិនមែនជាការងាយនោះទេ ស្របពេល វ៉ាន់ វឿន គេបានតបតមកវិញធ្ងន់ៗដែរ។ ចូលដល់ទឹកទី៥ ដែលជាការកាត់សេចក្តីទឹកចុងក្រោយ គូរទាំងពីរមិនមានការអន់ក្នុងការវាយតតាំងគ្នានោះឡើយ។
 
បញ្ចប់ការប្រកួតរាហ៊ូមាស ឈុត សេរីវ៉ាន់ថង ឈ្នះវ៉ាន់ វឿន ដោយពិន្ទុបន្តឈរនៅលើកំពូលតារាងមាន៦ពិន្ទុ។ ចំណែកកីឡាករ រិន ដេវីត ឡើងមកលេខ២ បន្ទាប់ពីផ្តួលកីឡាករ សៀវ ង៉ុយ ឱ្យបោះបង់ការប្រកួតក្នុងទឹកទី៤ លេខ៣ បានទៅកីឡាករ វ៉ាន់ វឿន មាន៤ពិន្ទុ និងលេខ៤ សៀវ ង៉ុយ មាន២ពិន្ទុ សម្រាប់ពូលA៕
 

Tag:
 កីឡាប្រដាល់គុនខ្មែរ
 ពានរង្វាន់សម្តេចពិជ័យសេនា
© រក្សាសិទ្ធិដោយ thmeythmey.com