កីឡាជាតិ
ជាតិ
លោក Felix អតីតគ្រូជម្រើសជាតិកម្ពុជា ទទួលសញ្ញាបត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងកីឡាពីវិទ្យាស្ថាន Johan Cruyff
12, Oct 2022 , 10:23 am        
រូបភាព
រូបភាពពីហ្វេសប៊ុកលោក Felix Dalmas
រូបភាពពីហ្វេសប៊ុកលោក Felix Dalmas
លោក Felix Dalmas អតីតគ្រូក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ទើបទទួលបានសញ្ញាបត្រថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងកីឡាពីវិទ្យាស្ថាន Johan Cruyff ដែលមានមូលដ្ឋាននៅទីក្រុង Barcelona ប្រទេសអេស្ប៉ាញ។ លោក Felix សង្ឃឹមថាសញ្ញាបត្រនេះ នឹងជួយខ្លួន រីកចម្រើន និងឆ្ពោះទៅកាន់ពិភពកីឡាកាន់តែប្រសើរថែមទៀត។



«មានកិត្តិយសណាស់ដែលបានទទួលសញ្ញាបត្រថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងកីឡារបស់ខ្ញុំពីវិទ្យាស្ថាន Johan Cruyff ហើយត្រូវបានអញ្ជើញឱ្យធ្វើជាតំណាងថ្នាក់របស់ខ្ញុំនៅក្នុងពិធីបញ្ចប់ការសិក្សានៅស្ថាប័នដ៏អស្ចារ្យនេះ»។ លោក Felix បានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុលផ្ទាល់របស់ខ្លួនដូច្នេះនៅថ្ងៃទី១២ ខែតុលា។

អតីតគ្រូគោព្រៃកម្ពុជាសញ្ជាតិអាហ្សង់ទីនរូបនេះ ជឿជាក់ថាក្រោយបញ្ចប់ថ្នាក់អនុបណ្ឌិតនេះអាចជួយលោក រីកចម្រើនទៅមុន និងឆ្ពោះទៅកាន់ពិភពកីឡាកាន់តែប្រសើរថែមទៀត។ មិនតែប៉ុណ្ណោះ Felix ក៏ជាផ្នែកមួយនៃវិទ្យាស្ថាន Johan Cruyff ដ៏ល្បីល្បាញផងដែរ។

លោក Felix ដែលអ្នកចាត់ការទូទៅ Keisuke Honda យកមកធ្វើការជាមួយខ្លួននៅឆ្នាំ២០១៨ បានលាលែងពីតំណែងគ្រូជម្រើសជាតិកម្ពុជាកាលពីឆ្នាំ២០២១ ក្រោយដឹកនាំបាន២ឆ្នាំ។ ការចាកចេញពីតំណែងគ្រូបង្គោលនោះ ទំនងជាបុរសសញ្ជាតិអាហ្សង់ទីរូបនេះ ត្រូវទៅបន្តសិក្សាថ្នាក់អនុបណ្ឌិតគ្រប់គ្រងកីឡានៅ Johan Cruyff នេះឯង។



វិទ្យាស្ថាន Johan Cruyff ជាស្ថាប័នអប់រំមួយដែលត្រូវបានបង្កើតឡើងដោយវីរបុរសបាល់ទាត់ហូឡង់ និង Barcelona លោក Johan Cruyff ក្នុងគោលបំណងអប់រំអត្តពលិក កីឡា និងអ្នកជំនាញអាជីវកម្មក្នុងវិស័យគ្រប់គ្រងកីឡា។

វិទ្យាស្ថាន Johan Cruyff ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩៩ ដែលមានមូលដ្ឋានក្នុងក្រុងធំៗចំនួន៤ រួមមាន Barcelona ប្រទេសអេស្ប៉ាញ, Amsterdam ប្រទេសហូឡង់, ក្រុង Lima ប្រទេសប៉េរូ និង ក្រុងម៉ិកស៊ិកូ ប្រទេសម៉ិកស៊ិក៕


Tag:
 Felix Dalmas
© រក្សាសិទ្ធិដោយ thmeythmey.com