ជាតិ
ក្រសួងបរិស្ថាន អនុវត្តគម្រោងផលិតកម្មដោយនិរន្តរភាព ដើ​ម្បីលើកកម្ពស់ធនធានចម្រុះ និងកសិកម្ម
13, Oct 2022 , 9:59 pm        
រូបភាព
ក្រសួងបរិស្ថាន អនុវត្តគម្រោងការប្រើប្រាស់ និងផលិតកម្មដោយនិរន្តរភាពដើម្បីលើកកម្ពស់ធនធានចម្រុះនិងវិស័យកសិកម្ម(រូបភាព៖ ហេង ស្រីលីន
ក្រសួងបរិស្ថាន អនុវត្តគម្រោងការប្រើប្រាស់ និងផលិតកម្មដោយនិរន្តរភាពដើម្បីលើកកម្ពស់ធនធានចម្រុះនិងវិស័យកសិកម្ម(រូបភាព៖ ហេង ស្រីលីន
ភ្នំពេញ៖ ក្រសួងបរិស្ថាន បានដាក់ឱ្យប្រើប្រាស់គម្រោងការប្រើប្រាស់ និងផលិតកម្មដោយនិរន្តរភាពនៃកម្ពុជា ថៃ(IKI SCP Asiaវគ្គ២) ដើម្បីលើកកម្ពស់ធនធានចម្រុះ និងវិស័យកសិកម្ម។ គម្រោងនេះ នឹងជំរុញក្នុងការទប់ស្កាត់នៃការខូចខាតបរិស្ថាន យល់ដឹងពីផលប៉ះពាល់នៃដំណើរការផលិតកម្ម និងការប្រើប្រាស់ផលិតកម្មរយៈពេលយូរ។



ការប្រើប្រាស់ និងផលិតកម្មដោយនិរន្តរភាព (SCP) គឺជាវិធីសាស្រ្តរួមដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានលើបរិស្ថាន ដែលកើតចេញពីប្រព័ន្ធប្រើប្រាស់ និងការផលិត។ គម្រោងSCP នៅក្នុងប្រព័ន្ធចំណីអាហារនៃវិស័យកសិកម្ម ក៏បានដើរតួយ៉ាងសំខាន់ទៅលើការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ។
  

 លោក ឡេង ហុង អ្នកគ្រប់គ្រងគម្រោង SCP វគ្គ២នៅកម្ពុជា(រូបភាព៖ ហេង ស្រីលីន)
 
លោក ឡេង ហុង អ្នកគ្រប់គ្រងគម្រោង SCP វគ្គ២ នៅកម្ពុជា រៀបរាប់ថា គម្រោងនេះចាប់ផ្តើមពីឆ្នាំ២០២២ រហូតដល់ឆ្នាំ២០២៦ ដោយដោះស្រាយលើបញ្ហាជាច្រើនដូចជា កង្វះការយល់ដឹងក្នុងចំណោមអ្នកប្រើប្រាស់អំពីសុវត្ថិភាពចំណីអាហារ និងការប្រើប្រាស់​ប្រកបដោយការទទួលខុសត្រូវ។ ការផ្លាស់ប្តូរទីផ្សារ និងការប្រកួតប្រជែង ក៏មានកម្រិតទាបនៅឡើយ។
លើសពីនេះ ការអនុវត្តវិស័យកសិកម្មមិនមានភាពគង់វង្សក្នុងខ្សែសង្វាក់តម្លៃអាហារនោះឡើយ។ កសិករមួយចំនួនតូច កង្វះការយល់ដឹងលើគុណភាពផលដំណាំ ថ្នាំសម្លាប់សត្វល្អិត ការខាតបង់ និងស្តង់ដារកសិផលជាដើម។ ទន្ទឹមនឹងនោះ ការរិចរិលនៃប្រព័ន្ធអេកូឡូស៊ី ការកាប់បំផ្លាញព្រៃឈើ ការបាត់បង់ជីវចម្រុះ សុទ្ធតែជាបញ្ហាសំខាន់ដែលតម្រូវឱ្យមានការដោះស្រាយ។
 
អ្នកគ្រប់គ្រងគម្រោងរូបនេះបញ្ជាក់ថា៖ «​ការចូលរួមពីអ្នកចែកចាយអាហារ អង្គការសង្គមស៊ីវិល អ្នកប្រើប្រាស់នៅទីក្រុងគឺជាចំណែកមួយដើម្បីអភិវឌ្ឍន៍គម្រោងដើរទៅមុខលើផលិតកម្មចំណីអាហារ។ ជាពិសេសស្ត្រី បានដើរតួយ៉ាងសំខាន់នៅក្នុងចង្វាក់ផលិតកម្មចំណីអាហារផងដែរ»។
លោក ឡេង ហុង បន្ថែមថា គម្រោងSCP នឹងពង្រឹងចំណេះដឹងបន្ថែមទៅដល់អ្នកប្រើប្រាស់។ ចំណែកកសិករ ក៏យល់កាន់តែស៊ីជម្រៅអំពីកសិកម្មចីរភាព និងជួយកាត់បន្ថយការប្រើប្រាស់ថ្នាំគីមីផងដែរ។


លោក សេង ទៀក នាយកអង្គការWWF កម្ពុជា(រូបភាព៖ ហេង ស្រីលីន)
 
ជាមួយគ្នានេះ លោក​ សេង ទៀក នាយកអង្គការWWF លើកឡើងថា គម្រោងការប្រើប្រាស់ និងផលិតកម្មដោយនិរន្តរភាពនេះ នឹងលើកចិត្តឱ្យវិស័យឯកជន បង្កើនការអនុវត្តប្រកបដោយភាពច្នៃប្រឌិតខ្ពស់ តាមរយៈការប្រកួតប្រជែងលើទីផ្សារ។ ការចងក្រងឯកសារផ្តល់ចំណេះដឹងពីកិច្ចសហប្រតិបត្តិការដល់ប្រត្តិបត្តិករផងដែរ។
លោក បានបន្ថែមថា៖ «ដោយផ្អែកលើបទពិសោធដែលបានអនុវត្តដោយជោគជ័យនៅប្រទេសថៃ ខ្ញុំរំពឹងថាគម្រោងការប្រើប្រាស់ និងផលិតកម្មដោយនិរន្តរភាព អាចអនុវត្តដោយជោគជ័យនៅកម្ពុជា និងតាមផែនការសកម្មភាពដែលបានគ្រោងទុក។ ខ្ញុំសង្ឃឹមថា គម្រោងនេះ នឹងជាកាតាលីករជួយជំរុញដល់ការអភិវឌ្ឍបៃតង លើកកម្ពស់សេដ្ឋកិច្ចសហគមន៍មូលដ្ឋាន ព្រមទាំងចូលរួមកាត់បន្ថយសម្ពាធលើការប្រើប្រាស់ដីព្រៃផងដែរ»។
 
ទន្ទឹមនឹងនោះ លោក ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា ប្រព័ន្ធស្បៀងអាហារនៅលើពិភពលោក ក្នុងវិស័យកសិកម្មបានបង្កើតឱ្យមានការបំប្លែងដីព្រៃទៅជាផ្ទៃដីកសិកម្ម សម្រាប់ការដាំដុះដំណាំ។ ចំណែក ប្រជាកសិករក្រីក្រភាគច្រើននៅតាមទីជនបទ គឺពឹងផ្អែកលើវិស័យកសិកម្ម ដើម្បីចិញ្ចឹមជីវិត។ បច្ចុប្បន្នផលិតកម្មស្បៀងអាហារមានការកើនឡើង ដោយសារតម្រូវការរបស់​មនុស្ស ជាហេតុធ្វើឱ្យសំណល់ផលិតកម្មមានកាន់តែច្រើន។
លោក អះអាងបែបនេះ​៖ «ប្រសិនបើកាត់បន្ថយការខ្ជះខ្ជាយទៅលើស្បៀងអាហារដែលក្លាយជាសំណល់ វានឹងជួយដល់ការកាត់បន្ថយនូវការសេសសល់សំណល់។ ជាពិសេសជួយកាត់បន្ថយសំណល់ នៃផលិតកម្មអាហារ»។
 
សូមបញ្ជាក់ដែរថា គម្រោងការប្រើប្រាស់ និងផលិតកម្មដោយនិរន្តរភាព (SCP)នេះ មានភាពស៊ីចង្វាក់គ្នានឹងផែនទីបង្ហាញផ្លូវសម្រាប់ការប្រើប្រាស់ និងផលិតកម្មដោយនិរន្តភាព(SCP)រយៈពេល ១៤ឆ្នាំ របស់រដ្ឋាភិបាល ដែលត្រូវ​បានតាក់តែងឡើងពីក្រុមប្រឹក្សាជាតិអភិវឌ្ឍដោយចីរភាព នៃក្រសួងបរិស្ថាន។ គម្រោង(SCP)នេះ ជាកម្រោងវគ្គ២ បន្ទាប់ពីបានអនុវត្តគម្រោងវគ្គ១ នៅប្រទេសថៃ ដោយស្ថិតលើគោលដៅរួមដូចគ្នា៕
 

 លោក ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន(រូបភាព៖ ហេង ស្រីលីន)
 
 

Tag:
 ThmeyThmey25
  ក្រសួងបរិស្ថាន
  SCP
© រក្សាសិទ្ធិដោយ thmeythmey.com