ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
រោគសញ្ញា ជំងឺ​រលាក​ខ្នែងពោះវៀន​
14, Oct 2022 , 6:59 am        
រូបភាព
​ខ្នែង​ពោះវៀន គឺជា​រចនាសម្ព័ន្ធ​ដ៏​តូច​ទ្រវែង​មួយ ដែល​មាន​ប្រវែង​ប្រហែល ៨,៥ សង់ទីម៉ែត្រ ដែល​ស្ថិតនៅ​គល់​នៃ​ដើម​ពោះវៀនធំ​។ អ្នក​អាចរ​កវា​ឃើញ នៅ​ផ្នែក​ខាងក្រោម ឈាង​ខាងស្តាំ​នៃ​ពោះ ប៉ុន្តែ គ្មាន​នរណា​ម្នាក់ អាច​ប្រាប់ឲ្យដឹង​ថា ហេតុអ្វី​បានជា​ខ្នែងពោះវៀន​ហ្នឹង​នៅ​ទីនោះ​ទេ​។ កា​ពិត​នោះ​គឺថា អ្នក​អាច​រស់នៅ​ក្នុង​ជីវិត​មួយ​ធម្មតា ដោយមាន ឬ​គ្មាន​វត្ត​មាន​ខ្នែងពោះវៀន​នេះ​។
 
​ទោះបីជា​យ៉ាងណា​ក៏ដោយ ខ្នែងពោះវៀន​ប្រហែលជា​ត្រូវ​ស្ទះ មាន​ការបង្ក​រោគ និង​ហើម ដែល​នាំ​ឲ្យ​វា​ទៅ​ជា​រលាក​។ ករណីបែបនេះ គឺ​ជា​ជំងឺ​ដែល​ត្រូវ​សង្គ្រោះបន្ទាន់ ដោយ​វះកាត់​យក​ខ្នែងពោះវៀន​នេះ​ចេញ​។ ក្រៅពីនេះ វា​អាច​នឹង​ធ្លាយ និង​បញ្ចេញ​បាក់តេរី ចូលទៅ​ក្នុង​ស្រោមពោះ​ទៀត ដែល​នាំ​ឲ្យ​គ្រោះថ្នាក់ ដល់​អាយុជីវិត​បាន បើសិនជា​មិន​បាន​ព្យាបាល ដោយ​ថ្នាំ​ផ្សះ​ដែល​ខ្លាំង​ទេនោះ​។
 
​រោគសញ្ញា​សំខាន់ៗ ដែល​អាច​បញ្ជាក់​ថា រលាក​ខ្នែកពោះវៀន​នោះ គឺ​ការឈឺ​ជាប់​ក្នុង​ផ្នែក​ខាងលើ​នៃ​ពោះ ឬ​ជិត​ផ្ចិត​។ ការឈឺចាប់​នេះ គឺ​ខ្លាំងក្លា ព្រមទាំង​ប្តូរ​មក​ឈឺ នៅ​ផ្នែក​ខាងក្រោម​នៃ​ពោះ​វិញ​។ ពេលខ្លះ ក៏​មាន​ការឈឺចាប់​នៅ​ខ្នង និង​រន្ធ​គូថ​ដែរ​។ ខាងក្រោម​នេះ គឺជា​សញ្ញា​ផ្សេងៗ​ទៀត នៃ​ជំងឺ​រលាក​ខ្នែង​ពោះវៀន ៖
 
•​    ​ច​ង្អោ និង​ក្អួត​ភ្លាមៗ ក្រោយ​ពី​ឈឺចាប់​ជាប់​
•​    ​ហើម​នៅ​តំបន់​ពោះ​
•​    ​ពិបាក​ផោម​
•​    ​មិន​ឃ្លាន​អាហារ​
•​    ​ក្តៅខ្លួន​ស្ទិញៗ​។​
 
​ការ​នោម​ឈឺ ឈឺពោះ​បែប​រមួល និង​រាក ឬ​ទល់លាមក ក៏​អាច​ជា​សញ្ញា​របស់ ជំងឺ​រលាក​ខ្នែងពោះវៀន​ដែរ​។ កាលណា​មាន​សញ្ញា នៃ​ជំងឺ​រលាក​ខ្នែង​ពោះវៀន កាន់តែ​លឿន យក​ល្អ គួរតែ​ស្វែងរក​ការយកចិត្តទុកដាក់ ពី​គ្រូពេទ្យ​ភ្លាមៗ ព្រោះ​ការ​កំណត់​រោគវិនិច្ឆ័យ និង​ព្យាបាល​ទាន់ពេលវេលា គឺជា​រឿង​សំខាន់បំផុត​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com