ជាតិ
ពីនេះ ពីនោះ
គម្រោងពិព័រណ៍សហគមន៍ ចូលរួមចំណែកអភិរក្សភ្លេងជនជាតិដើមភាគតិចនៅកំពង់ធំ ការសម្ដែង របស់ក្រុមតន្ត្រីបុរាណសហគមន៍តំបន់ការពារធម្មជាតិក្បិតចង្អូរខ្នា ខេតកំពង់ធំ។ រូបភាពក្រសួងបរិស្ថាន។
× ភ្នំពេញ៖ គម្រោងពិព័រណ៍សហគមន៍ ជាគម្រោងមួយរបស់ក្រសួងបរិស្ថាន ដើម្បីចូលរួមថែរក្សា ការពារធនធានធម្មជាតិ អភិរក្សជីវៈចម្រុះប្រកបដោយនិរន្តរភាព និងលើកកម្ពស់ជីវភាពរស់នៅពលរដ្ឋ។ តាមរយៈគម្រោងនេះ បានចូលរួមចំណែកក្នុងការថែរក្សា អភិរក្សភ្លេងប្រពៃណីបុរាណ របស់ពលរដ្ឋក្នុងសហគមន៍តំបន់ការពារធម្មជាតិក្បិតចង្អូរខ្នា ខេត្តកំពង់ធំ។
នៅលើទំព័រហ្វេសប៊ុកក្រសួងបរិស្ថាន លោក ហ៊ាន ហៀក តំណាងក្រុមភ្លេងបុរាណ នៃសហគមន៍តំបន់ការពារធម្មជាតិក្បិតចង្អូរខ្នា លើកឡើងថា គម្រោងពិព័រណ៍សហគមន៍ បានចូលរួមចំណែកក្នុងការថែរក្សា អភិរក្សភ្លេងប្រពៃណីបុរាណ ដែលពួកគាត់បារម្ភពីការបាត់បង់។ លោកបន្ថែមដូច្នេះទៀតថា៖ «ការចេះជំនាញលេងភ្លេងបុរាណ គឺជាការបន្ថែមនូវរបរមួយទៀត សម្រាប់ជាចំណូលគ្រួសារ តាមរយៈការចេញទៅប្រគំតាមបណ្ដាកម្មវិធីផ្សេងៗនៅតាមមូលដ្ឋាន»។
លោកស្រី ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារគម្រោងពិព័រណ៍សហគមន៍។ រូបភាពក្រសួងបរិស្ថាន។
បើតាមក្រសួងបរិស្ថាន សហគមន៍តំបន់ការពារធម្មជាតិក្បិតចង្អូរខ្នា នៃស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានទទួលការបណ្ដុះបណ្ដាលផ្នែកភ្លេងប្រពៃណី រយៈពេល៣ខែ ពីអ្នកជំនាញភ្លេងបុរាណ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ធំ។ សហគមន៍មួយនេះ ក៏ទទួលបានឧបករណ៍ភ្លេង១ឈុត ពីក្រសួងបរិស្ថានផងដែរ ក្រោមគម្រោងពិព័រណ៍សហគមន៍។
ជាមួយគ្នានេះ លោកស្រី ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារគម្រោងពិព័រណ៍សហគមន៍ លើកឡើងថា ដើម្បីលើកកម្ពស់ជីវភាពពលរដ្ឋក្នុងសហគមន៍ឱ្យមានជីវភាពប្រសើរឡើង គឺពលរដ្ឋក្នុងសហគមន៍ត្រូវមានជំនាញបន្ថែម ដើម្បីរកប្រាក់ចំណូលបន្ថែម។ លោកស្រីមានប្រសាសន៍បន្ថែមដូច្នេះ៖ «ការអាស្រ័យផល ទៅលើការចូលព្រៃប្រមូលអនុផលព្រៃឈើ (នៅ)មិនទាន់គ្រប់គ្រាន់នៅឡើយសំរាប់ផ្គត់ផ្គង់នៅក្នុងជីវភាពគ្រួសារ គឺចាំបាច់ប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិ ត្រូវមានជំនាញ បន្ថែមទៀត ដើម្បីរកប្រាក់ចំណូលយកមកចិញ្ចឹមជីវិត និងអាចមានថវិកាសំរាប់ផ្គត់ផ្គង់ទៅលើការសិក្សារបស់កូនៗ»។
រូបភាពក្រសួងបរិស្ថាន។
គួរជម្រាបផងដែរថា គម្រោងពិព័រណ៍សហគមន៍ បង្កើតឡើងតាំងពីខែមេសា ឆ្នាំ២០២២មក ក្នុងគោលបំណង ធ្វើការថែរក្សា ការពារធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ ឱ្យមាននិរន្តរភាព តាមរយៈការធ្វើពិពិធកម្មមុខរបរ ក្នុងកម្រិតសហគមន៍មូលដ្ឋាន។ ការណ៍នេះដើម្បីលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ ឱ្យមានជីវភាពល្អប្រសើរឡើង។
សម្រាប់ក្នុងខេត្តកំពង់ធំ គម្រោងពិព័រណ៍សហគមន៍នេះ បានចុះស្រង់ទិន្នន័យព័ត៌មាន និង ពិគ្រោះយោបល់ ជាមួយសហគមន៍ទាំង១៧ ក្នុងខេត្តកំពង់ធំ។ ពលរដ្ឋតាមសហគមន៍តំបន់ការពារធម្មជាតិ ខេត្តកំពង់ធំ បានសម្រេចជ្រើសរើសយកមុខរបរចំនួន៩ ដើម្បីធ្វើអភិវឌ្ឍន៍ជីវភាពរស់នៅផ្ដោតលើការអភិវឌ្ឍមុខរបរផ្នែកកសិកម្ម ដូចជាការចិញ្ចឹមសត្វ ការដាំដុះ និងការព្យាបាលជម្ងឺសត្វ ឬពេទ្យសត្វ ជាដើម។
គិតត្រឹមបច្ចុប្បន្ន គម្រោងពិព័រណ៍សហគមន៍នេះ មានសហគមន៍តំបន់ការពារធម្មជាតិសរុបចំនួន ១៩០សហគមន៍ ខណៈខេត្តកំពង់ធំ មានសហគមន៍តំបន់ការពារធម្មជាតិចំនួន១៧ចូលរួម ក្នុងនោះក៏មានពលរដ្ឋជាជនជាតិដើមភាគតិចផងដែរ៕
Tag:
ThmeyThmey25
គម្រោងពិព័រណ៍សហគមន៍
ជនជាតិដើមភាគតិច
© រក្សាសិទ្ធិដោយ thmeythmey.com