ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក គឹម សុខ ផ្អាកវិភាគនយោបាយ៣ឆ្នាំ ព្រោះជាប់រៀនជំនាញថ្មី
18, Oct 2022 , 11:04 am        
រូបភាព
ដោយ: រួបរួម
ពីប្រទេសហ្វាំងឡង់ លោក គឹម សុខ ដែលជាអ្នកវិភាគនយោបាយមួយរូប បានប្រកាសសម្រាកពីការងារនេះរយៈពេល៣ឆ្នាំ ពោលគឺរហូតដល់ចុងឆ្នាំ២០២៥ ដោយសារលោកជាប់រៀនជំនាញថ្មីមួយ។

 
 «ដោយសារខ្ញុំរវល់រៀនជំនាញថ្មីមួយ ខ្ញុំសម្រេចចិត្តសម្រាកពីការងារវិភាគនយោបាយរយៈពេល៣ឆ្នាំ ចាប់ពីថ្ងៃនេះ រហូតដល់ដំណាច់ឆ្នាំ២០២៥»។ នេះជាសំណេររបស់លោក គឹម សុខ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃទី១៧ ខែតុលា ដោយបន្ថែមថា លោកនឹងវិលវិញ ក្រោយបញ្ចប់ការសិក្សាជំនាញថ្មី។
 
សម្រាប់លោក គឹម សុខ នេះជាការសម្រេចចិត្តដោយការឈឺចាប់បំផុត។ សារព័ត៌មានថ្មីៗ មិនទាន់ទទួលបានការឆ្លើយតបផ្ទាល់ពីលោក គឹម សុខ ទាក់ទងនឹងការបង្ហោះនៅលើហ្វេសប៊ុករបស់លោកនោះឡើយ គិតត្រឹមព្រឹកថ្ងៃអង្គារ ទី១៨ ខែតុលា នេះ។
 
លោក គឹម សុខ អាយុ៤២ឆ្នាំ ត្រូវបានគេស្គាល់ថា ជាអ្នកវិភាគនយោបាយមួយរូប ដែលជាទទួលបានសិទ្ធិជ្រកកោននៅប្រទេសហ្វាំងឡង់ ជាមួយកូនស្រី តាំងពីខែតុលា ឆ្នាំ២០១៨ ។
 
សូមបញ្ជាក់ថា កាលពីអំឡុងខែសីហា ឆ្នាំ២០១៧ លោក គឹម សុខ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឲ្យជាប់ពន្ធនាគាររយៈពេល១ឆ្នាំកន្លះ និងតម្រូវឲ្យបង់ប្រាក់ជាង២សែនដុល្លារអាម៉េរិក ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» និងបទ «ញុះញង់ឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម»។
 
សំណុំរឿងនេះ គឺសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជាដើមបណ្តឹង ដោយសារតែលោក គឹម សុខ បានចោទគណបក្សប្រជាជនកម្ពុជាថា នៅពីក្រោយខ្នងនៃអំពើឃាតកម្មលើលោក កែម ឡី ដែលជាអ្នកវិភាគនយោបាយ និងជាអ្នកស្រាវជ្រាវខាងការអភិវឌ្ឍសង្គមដ៏ល្បីល្បាយមួយរូប នៅកម្ពុជា។
 
 
កាលពីថ្ងៃទី១៧ ខែសីហាឆ្នាំ២០១៨ លោកត្រូវបានដោះលែង ក្រោយការអនុវត្តទោសតាមកាលកំណត់ ពោលគឺគិតចាប់តាំងពីពេលឃុំខ្លួន តាំងពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧។ 
 
ក្រោយការចេញពីពន្ធនាគារ លោក គឹម សុខ នៅតែបន្តរិះគន់ឥតសំចៃមាត់ទៅលើរដ្ឋាភិបាល ហើយលោកធ្លាប់ត្រូវបានតុលាការចេញដីការកោះឲ្យចូលបំភ្លឺជុំវិញបទចោទ«បរិហាកេរ្តិ៍ជាសាធារណៈ និងញុងញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ផងដែរ បន្ទាប់ពីសម្តេច ហ៊ុន សែន ប្រកាសពីបំណងទារសំណងជំងឺចិត្ត៨០០លានរៀល។
 
មូលហេតុដែលប្រមុខរដ្ឋាភិបាល រំឭកពីប្រាក់សំណងនេះ ដោយសារតែអ្នកវិភាគដែលទើបចេញពីពន្ធនាគាររូបនេះ បានប្រើប្រាស់ពាក្យពេចន៍លើសលោះមកលើរដ្ឋាភិបាល។ សម្ដេច ហ៊ុន សែន ចាត់ទុកពាក្យសម្ដីបុគ្គលរូបនេះ ជាការប្រមាថដល់ខ្លួន។
 
 តែយ៉ាងណាក៏ដោយ នាអំឡុងពេលនោះ លោក គឹម សុខ មិនមានវត្តមាននៅក្នុងប្រទេសឡើយ។ លោកចាកចេញទៅប្រទេសថៃ បានមួយខែ មុននឹងបន្តដំណើរទៅរស់នៅក្នុងប្រទេសហ្វាំងឡង់ ដែលត្រូវបានអះអាងថា ជាការទទួលបានសិទ្ធិជ្រកកោននយោបាយ។
 
ពីហ្វាំងឡង់ លោក គឹម សុខ បន្តផ្តល់ការវិភាគនយោបាយរបស់ខ្លួនដល់បណ្តាញសារព័ត៌មាននានាផងដែរ មុនពេលលោកប្រកាសផ្អាករយៈពេល៣ឆ្នាំ រហូតដល់ចុងឆ្នាំ២០២៥៕
 

© រក្សាសិទ្ធិដោយ thmeythmey.com