កីឡាជាតិ
ជាតិ
បាល់ទះ៖ រដ្ឋបាលខេត្តព្រះសីហនុ ឈ្នះកងពលធំអន្តរាគមន៍លេខ៣ បន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញ ឈ្នះស្នងការ ន.ប ខេត្តបាត់ដំបង ៣-០ សិត
19, Oct 2022 , 11:09 am        
រូបភាព
ការប្រកួតរវាងក្រុមបាល់ទះស្នងការន.ប ខេត្តបាត់ដំបង(ខៀវ) ទល់នឹងរដ្ឋបាលរាជធានីភ្នំពេញ(ផ្កាឈូក)។ រូបពី VFC
ការប្រកួតរវាងក្រុមបាល់ទះស្នងការន.ប ខេត្តបាត់ដំបង(ខៀវ) ទល់នឹងរដ្ឋបាលរាជធានីភ្នំពេញ(ផ្កាឈូក)។ រូបពី VFC
ដោយ:
សមាគមបាល់ទះរដ្ឋបាលខេត្តព្រះសីហនុ ដណ្តើមបាន៣ពិន្ទុ ពីក្រុមបាល់ទះកងពលអន្តរាគមន៍លេខ៣ ដោយពិន្ទុឈ្នះដាច់ ៣-០ សិត បន្ទាប់ពីក្រុមបាល់ទះរដ្ឋបាលរាជធានីភ្នំពេញ យកឈ្នះស្នងការនគរបាលខេត្តបាត់ដំបង ៣-០សិត ក្នុងវគ្គ​ជម្រុះវិលជុំនៃពានរង្វាន់បាល់ទះសម្តេច ហ៊ុន សែន ឆ្នាំ២០២២ កាលពីថ្ងៃទី១៨ ខែតុលា នាទីលានបាល់ទះក្នុងសាលព្រីនស៍។

 
នៅក្នុងសិតទី១ ក្រុមបាល់ទះខេត្តព្រះសីហនុ បើកការនាំមុខ កងពលធំអន្តរាគមន៍លេខ៣ មុន១សិត ដោយពិន្ទុ ២៥-២០ និងបន្តនាំមុខនៅសិតទី២ ដោយពិន្ទុដាច់ឆ្ងាយ ២៥-១៧ និងនៅសិតទី៣ ខេត្តព្រះសីហនុ យកឈ្នះ កងពលធំលេខ៣ ពិន្ទុប្រដេញគ្នា ២៥-២០។
 
ចំណែកក្រុមបាល់ទះស្នងការនគរបាលខេត្តបាត់ដំបង បាត់បង់៣ពិន្ទុក្នុងជំនួបដំបូងទល់នឹង រដ្ឋបាលរាជធានីភ្នំពេញ ដោយលទ្ធផល ៣-០។ ក្នុងសិតទី១ រាជធានីភ្នំពេញ នាំមុខខេត្តបាត់ដំបងដោយពិន្ទុដាច់ឆ្ងាយតែម្តង ២៥-១០ និងបន្តឈ្នះដាច់ឆ្ងាយម្តងទៀតនៅសិតទី២ ដោយពិន្ទុ ២៥-១៥ ហើយចូលដល់សិតទី៣ រាជធានីភ្នំពេញ បញ្ចប់ដោយពិន្ទុ ២៥-១០។
 
ឆ្លងកាត់១ប្រកួត រដ្ឋបាលខេត្តព្រះសីហនុ ឈរលេខ១ មាន៣ពិន្ទុស្មើកងពលធំលេខ៣ ២ប្រកួត ឈ្នះ១ ចាញ់១ឈរលេខ២ ចំណែកកូននាគឧត្តរ ១ប្រកួត ឈរលេខ៣ ពុំមានពិន្ទុ ក្នុងពូលC។ រីឯពូលA វិសាខា ឆ្លងកាត់១ ប្រកួត មាន៣ពិន្ទុឈរលេខ១ ស្មើរដ្ឋបាលរាជធានីភ្នំពេញ ដែលមាន២ប្រកួត ឈ្នះ១ និងចាញ់១ ឈរលេខ២ និងលេខ៣ ស្នងការនគរបាលខេត្តបាត់ដំបង ពុំមានពិន្ទុក្នុង១ប្រកួតរបស់ខ្លួន។
 
គួរបញ្ជាក់ថា ការប្រកួតពានរង្វាន់បាល់ទះ សម្តេច ហ៊ុន សែន ឆ្នាំ២០២២ មាន១១ក្រុមចូលរួម និងបែងចែកជា៤ពូល(A-B-C-D)។ ការប្រកួតនឹងធ្វើការជម្រុះតាមពូលនីមួយៗរហូតរកឃើញ៨ក្រុមចុងក្រោយ និងបន្តទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ ដែលការប្រកួតប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥-៣០ ខែតុលា នៅ ទីលានបាល់ទះក្នុងសាលព្រីនស៍(ហ្គ្រែនភ្នំពេញ)៕
 

Tag:
 កីឡាបាល់ទះ
 ពានសម្តេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com