កីឡាជាតិ
ជាតិ
ម្ចាស់ជើងឯកកម្រិតវិទ្យាល័យ ឥន្ទ្រទេវី ប៉ះព្រះស៊ីសុវត្ថិ វគ្គផ្តាច់ព្រ័ត្រ
19, Oct 2022 , 12:39 pm        
រូបភាព
ការប្រជែងបាល់រវាងក្រុមបាល់ទាត់វិ.ព្រះស៊ីសុវត្ថិ(ខៀវ ឆ្នូតលឿង) ទល់នឹងវិទ្យាល័យជាស៊ីមសាមគ្គី(ទឹកក្រូច ឆ្នូតស) នាពេលកន្លងទៅ។ រូបពី កីឡាភ្នំពេញ
ការប្រជែងបាល់រវាងក្រុមបាល់ទាត់វិ.ព្រះស៊ីសុវត្ថិ(ខៀវ ឆ្នូតលឿង) ទល់នឹងវិទ្យាល័យជាស៊ីមសាមគ្គី(ទឹកក្រូច ឆ្នូតស) នាពេលកន្លងទៅ។ រូបពី កីឡាភ្នំពេញ
ដោយ:
ម្ចាស់ជើងឯកកីឡាបាល់ទាត់កម្រិតវិទ្យាល័យ វិទ្យាល័យឥន្ទ្រទេវី ត្រូវតទល់ជាមួយវិទ្យាល័យព្រះស៊ីសុវត្ថិ នៅវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ជើងឯកវិទ្យាល័យលើកទី២ នៅថ្ងៃទី១៩ ខែតុលា នាកីឡដ្ឋានអង្គរអ៊ែវ៉េ (របស់ក្លិបបឹងកេត) ចាប់ផ្តើមពីម៉ោង ៣រសៀលតទៅ។

 
ក្រុមបាល់ទាត់ វិទ្យាល័យឥន្ទ្រទេវីជាក្រុមខ្លាំងមួយដែលធ្លាប់បានគ្រងដំណែងជើងឯកពានរង្វាន់ជើងឯកវិទ្យាល័យលើកទី១ កាលពីឆ្នាំ២០១៩ ម្តងរួចមកហើយដោយបានយកឈ្នះវិទ្យាល័យឬស្សីកែវ ក្នុងលទ្ធផល ២-១។ កាលនោះ ឥន្ទ្រទេវី រកគ្រាប់បាល់បានដោយខ្សែបម្រើ អាត អូនតូច ទាត់បាល់ពិន័យ១១ ម៉ែត្រនៅនាទី៣៩ និងខ្សែប្រយុទ្ធ ស រតនា នៅនាទី៤៥+១ ចំណែកឬស្សីកែវ រកបានដោយកីឡាករ ជា ណារិន នៅនាទី៣៥។
 
ម្ចាស់ជើងឯកឆ្នាំ២០១៩ ឥន្ទ្រទេវី មុននឹងឡើងមកដល់វគ្គនេះគេបានយកឈ្នះវិទ្យាល័យហ៊ុនសែនសេរីភាពដោយលទ្ធផលសរុបទាំងពីរជើង ៧-៣ រីឯវិទ្យាល័យព្រះស៊ីសុវត្ថិ គេបានយកឈ្នះវិទ្យាល័យជាស៊ីសាមគ្គី ដោយលទ្ធផលទាំងពីរជើង ៧-២។
 
គួរបញ្ជាក់ថា ពានរង្វាន់បាល់ទាត់ជើងឯកវិទ្យាល័យលើកទី២ ឆ្នាំ២០២២ មាន១២ ក្រុមចូលរួមប្រកួតរួមមាន៖វិទ្យាល័យឥន្ទ្រទេវី, វិទ្យាល័យឬស្សីកែវ, វិទ្យាល័យព្រះស៊ីសុវត្តិ, វិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែន ពងទឹក, វិទ្យាល័យជាស៊ីមឈូកវ៉ា, វិទ្យាល័យហ៊ុន សែន ច្បារអំពៅ, វិទ្យាល័យបឹងត្របែក, វិទ្យាល័យជាស៊ីមសាមគ្គី, សាលាអន្តរជាតិវេសន៍ឡាញ, វិទ្យាល័យកោះដាច់, វិទ្យាល័យហ៊ុនសែន សេរីភាព និងវិទ្យាល័យសម្តេចហ៊ុន សែន ភ្នំពេញថ្មី៕
 

Tag:
 កីឡាបាល់ទាត់
 ពានរង្វាន់ជើងឯកវិទ្យាល័យ
© រក្សាសិទ្ធិដោយ thmeythmey.com