ជាតិ
ខេត្តកណ្ដាល និង​កំពង់ធំ លើកថ្ងៃរៀបចំពិធីប្រណាំងទូក ដោយសារទឹកជំនន់ និង​កម្ពស់ទឹកខ្ពស់
20, Oct 2022 , 7:59 am        
រូបភាព
ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ ខេត្ត​កណ្ដាល​ និង​ខេត្ត​កំពង់ធំ នឹងលើកថ្ងៃរៀបចំពិធីប្រណាំងទូកវិញ ដោយសារទឹកជំនន់។ ក្នុងនោះមានខេត្តកណ្តាល នឹងលើកថ្ងៃរៀបចំពិធីអុំទូកពីថ្ងៃទី២២-២៣ ទៅថ្ងៃទី២៩-៣០ ខែតុលាវិញ និងខេត្តកំពង់ធំ លើកពីថ្ងៃទី៩-១០ ខែតុលា ទៅថ្ងៃទី០៤-០៥ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខវិញ។


 
រដ្ឋបាលខេត្តកណ្ដាល និង​ខេត្តកំពង់ធំ​ បានចេញសេចក្ដីជូនដំណឹងពីការលើកថ្ងៃរៀបចំពិធីប្រណាំងទូកតាមខេត្តរៀងៗខ្លួន។ ដោយឡែករដ្ឋបាលខេត្តកណ្តាល នឹងលើកថ្ងៃពិធីប្រណាំងទូក ដោយសារកម្ពស់ទឹកទន្លេបាសាក់មានកម្ពស់ ៧,៥៤ម៉ែត្រ ដែលជាកម្រិតប្រុងប្រយ័ត្នខ្ពស់។ ពិធីប្រណាំងទូកនេះ នឹងប្រារព្ធនៅមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ក្រៅពីនោះ ក៏មានការប្រគុំតន្រ្តីរបស់សមាគមសិល្បករខ្មែរ និងការតាំងពិព័រណ៍ផលិតផលក្នុងស្រុក និងបាញ់កាំជ្រួចនារាត្រីចុងក្រោយផងដែរ។ 
 
យ៉ាងណាមិញ ចំពោះខេត្តកំពង់ធំ ដោយសារតែកម្ពស់ទឹកស្ទឹងសែននៅតែបន្តឡើងទឹកជាបន្តបន្ទាប់ មិនអាចឱ្យទូកអុំឆ្លងបានកាត់ស្ពានបាន។ ខេត្ត​កំពង់ធំ នឹង​លើក​ពេល​ពី​ថ្ងៃទី៩-១០ ខែតុលា ទៅថ្ងៃទី០៤-០៥ ខែវិច្ឆកាវិញ ដែលនឹងរៀបចំនៅទីរួមខេត្តកំពង់ធំ។ ជាមួយគ្នានេះ រដ្ឋបាលខេត្តទាំង២ បានអំពាវនាវឱ្យពលរដ្ឋ និងភ្ញៀវទេសចរ ចូលរួមឱ្យបានច្រើនកុះករ ដើម្បីលើកកម្ពស់វប្បធម៌ ប្រពៃណីជាតិផងដែរ។ 
 
សូមបញ្ជាក់ដែរថា រដ្ឋបាលខេត្តបន្ទាយមានជ័យ ក៏លើកថ្ងៃពិធីប្រណាំងទូកថ្នាក់ខេត្ត នៅថ្ងៃទី២២-២៣ ខែតុលា ទៅថ្ងៃទី០៤-០៥ ខែវិច្ឆកាវិញផងដែរ ដោយសារទឹកជំនន់នៅបន្តជន់លិច នៅក្នុងភូមិសាស្រ្តខេត្ត និងទីតាំងប្រារព្ធពិធីប្រណាំងទូក៕
 

Tag:
 ThmeyThmey25
 ប្រណាំងទូក
 ខេត្តកណ្ដាល
 កំពង់ធំ
© រក្សាសិទ្ធិដោយ thmeythmey.com